ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​អាស៊ី​អាគ្នេយ៍​ត្រៀម​ទទួល​រោងចក្រ​ដែល​គេច​ពី​ពន្ធ​លោក Trump លើ​ចិន


រូបឯកសារ៖ កម្មករ​ដំឡើង​រថយន្តអគ្គិសនី (EV) នៅ​ក្នុង​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនីដំបូង​របស់ក្រុមហ៊ុន BYD នៅ​អាស៊ី​អាគ្នេយ៍ ​ក្នុង​ខេត្ត Rayong ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ កម្មករ​ដំឡើង​រថយន្តអគ្គិសនី (EV) នៅ​ក្នុង​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនីដំបូង​របស់ក្រុមហ៊ុន BYD នៅ​អាស៊ី​អាគ្នេយ៍ ​ក្នុង​ខេត្ត Rayong ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន​ជាច្រើន​កំពុង​រើ​រោងចក្រ​ពី​ប្រទេស​ចិន​ទៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រមើលមើល​ថា​លោក Donald Trump នឹង​ដាក់​ពន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ក្រោយ​លោក​ចូល​កាន់​តំណែង​នៅ​សេតវិមាន​ម្តងទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ​ដែល​យោង​លើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​នៅក្នុង​តំបន់។

លោក Trump ដែល​ឈ្នះ​ដាច់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ដាក់​ពន្ធ ៦០% លើ​ទំនិញ​នាំចូល​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ចិន។ អាត្រា​ពន្ធ​នេះ​ខ្ពស់​ជាង​ពន្ធ​ដែល​ដាក់​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក​ក្នុង​រង្វង់​ពី ៧,៥% ទៅ ២៥%។ ការ​ដាក់​ពន្ធ ៦០% នេះ​គឺជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី ២ ក្នុង​ពិភពលោក។

តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​រោងចក្រ​រថយន្ត​និង​គ្រឿង​អេឡិចត្រូនិក​រាប់​ចាប់ពី​ប្រទេស​ថៃ​ដល់​វៀតណាម​និង​ម៉ាឡេស៊ី ទំនងជា​នឹង​ទទួល​បាន​ផល​ពី​ការ​ខាតបង់​របស់​ចិន។ នេះ​បើ​ផ្អែក​តាម​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​នៅក្នុង​តំបន់។

ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​នៅក្នុង​តំបន់​កំពុង​បន្ថែម​អ្នក​ចេះ​និយាយ​ភាសា​ចិន​និង​ត្រៀម​ប្លង់ដី​សម្រាប់​បង្កើត​រោងចក្រ​ជា​បណ្តើរៗ​ហើយ។ នេះ​ជា​សញ្ញា​បង្ហាញ​ថា​ពេល​លោក Trump ចូល​កាន់​តំណែង​នៅ​ខែ​មករា​ឆ្នាំ ២០២៥ លោក​អាច​រុះរើ​សង្វាក់​ផ្គត់ផ្គង់​សាកលលោក។

អ្នកស្រី Jareeporn Jarukornsakul នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WHA Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​ដ៏​ធំ​ជាងគេ​មួយ​នៅ​ប្រទេស​ថៃ បាន​និយាយ​ថា ពេល​លោក Trump បង្កើន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ អតិថិជន​ចិន​បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន​របស់​អ្នកស្រី​យ៉ាង​គំហុក។

អ្នកស្រី​និយាយ​យោង​ដល់​អាណត្តិ​ទី​មួយ​របស់​លោក Trump ពី​ឆ្នាំ ២០១៧ ដល់ ២០២១ ថា៖ «មាន​ការ​រើ​ទីតាំង​រោងចក្រ​មក​តំបន់​អាស៊ី​អាគ្នេយ៍​រួច​ទៅ​ហើយ តែ​លើក​នេះ​គឺ​កាន់តែ​ច្រើន​ជាងមុន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG