ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​អំណោយ​យោធា​ពី​កូរ៉េខាងត្បូង


នាយក​​រដ្ឋ​មន្រ្តី​​ខ្មែរ​​ ហុន សែន​ (រូបស្តាំ)​ និង​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​លោក លី ម៉្យុងប៉ាក់​ (Lee Myung-Bak) (រូបឆ្វេង)។
នាយក​​រដ្ឋ​មន្រ្តី​​ខ្មែរ​​ ហុន សែន​ (រូបស្តាំ)​ និង​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​លោក លី ម៉្យុងប៉ាក់​ (Lee Myung-Bak) (រូបឆ្វេង)។

ភ្នំពេញ៖ ប្រទេស​កម្ពុជា ​បាន​ទទួល​អំណោយ​បរិក្ខារ​យោធា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​រួម​មាន នាវា​ល្បាត​ រថយន្ត​យោធា​ គ្រឿង​ម៉ាស៊ីន​វិស្វកម្ម ​និង​ឧបករណ៍​ពេទ្យ​។ អំណោយ​បរិក្ខារ​យោធានេះ​សម្រាប់​បំពាក់​ដល់​កងទ័ព​កម្ពុជា​ ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​សន្តិសុខ​សមុទ្រ​ និងមនុស្សធម៌​នៅ​កម្ពុជា។ ក្រុម​មន្ត្រី​យោធា​កម្ពុជា​ បាន​និយាយ​ថា ​អំណោយ​នេះ ​បាន​បង្ហាញ​ពី​ទំនាក់ ​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង ​និង​ប្រទេស​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

ការដឹក​ជញ្ជូន​ឧបករណ៍​យោធា​ចំណាស់​ដែល​មាន​នាវា​ល្បាត​ចំនួន​បី​គ្រឿង​ រថយន្ត​យោធា​ចំនួន​១០០​គ្រឿង​ ឧបករណ៍​វិស្វកម្ម​ចំនួន​២៤​គ្រឿង ​និង​ឧបករណ៍​ពេទ្យ​ចំនួន​៣៦​គ្រឿង​ ដែល​បា​នផ្តល់​ឱ្យ​ដោយ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ហើយ​នៅ​ថ្ងៃពុធនេះ​។

ការ​ផ្តល់អំណោយ​ជា​បរិក្ខារ​យោធា​ដល់​ប្រទេស​កម្ពុជា​ដោយប្រទេស​កូរ៉េ​ខាងត្បូង​នេះ​បាន​ធ្វើឡើង ​បន្ទាប់ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ធ្វើ​សំណើ​សុំ​ជំនួយ​យោធា​ទាំងនេះ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ​ក្នុង​គម្រោងមួយ​ ដើម្បី​រួម​ចំណែក​ថែរក្សា​ស្ថេរភាព​និង បង្ក្រាប​បទល្មើស​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នៅ​ដើមឆ្នាំ ​២០១០ នេះ ​។

លោក​ឧត្តមសេនីយឯក​ ចៅ ភារុណ ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​និង​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ​ បាន​ថ្លែង​ថា អំណោយ​បរិក្ខារ​យោធា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​សម្រាប់​កងទ័ព​កម្ពុជា​នេះ​ពិតជា​ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការបំពាក់​ដល់​កងទ័ព​កម្ពុជា ​ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​សន្តិសុខសមុទ្រ​ និង​មនុស្សធម៌​នៅកម្ពុជា។

«ជំនួយ​នេះ​ ទាក់ទិន​ទៅនឹង​រឿង​សន្តិសុខ ​និង​មនុស្សធម៌​។ បើ​នាវា​ប្រើ​ការសម្រាប់​សន្តិសុខ​ក្នុងការ បង្ក្រាប​បទល្មើស​ផ្ទៃក្នុង​សមុទ្រ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​រថយន្ត​ប្រើការ​សម្រាប់​ការជួយសង្គ្រោះ​ នៅពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ដោយ​ដឹក​ជញ្ជូន​កម្លាំង​កងទ័ព​ចល័ត​ ដើម្បីជួយសង្គ្រោះប្រជា ពលរដ្ឋ​។ យើង​អាច​ប្រើប្រាស់​គ្រឿងចក្រ​វិស្វកម្ម​សម្រាប់​ធ្វើ​ផ្លូវ​ទំនប់​ឬ​ប្រឡាយ​ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​»។

លោកឧត្តមសេនីយឯក​ចៅ ភារុណ​ បាន​បញ្ជាក់​ថា​ នាវា​ល្បាត​បី​គ្រឿង​ដែល​បាន​ផលិតនៅ​ក្នុង​ទសវត្សរ៍ ១៩៧០​ មាន​លទ្ធភាព​ល្បាត​នៅតាម​ឆ្នេរសមុទ្រ ​និង​អាច​ផ្ទុក​មនុស្ស​បាន​ជាង១០នាក់​ និង​បំពាក់ អាវុធ​ប្រភេទ​២០មីលី​ម៉ែត្រ​របស់​សហរដ្ឋអាមេរិក​មួយ​ដើម​។

លោកឧត្តមសេនីយឯក​ ចៅ ភារុណ​ បាន​បន្តថា រថយន្ត​១០០គ្រឿង​ដែល​បាន​ផលិត​នៅក្នុង​ទសវត្សរ៍ ១៩៩០ ​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​ជួយ​សង្គ្រោះគ្រោះ​មហន្តរាយ។

លោក ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែងថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ផ្តល់​បរិក្ខារ​យោធា​ទាំងនេះ​ដល់​កម្ពុជា​ដោយ​គ្មាន​គិត​ប្រាក់​។

ក្រុម​មន្ត្រី​យោធា​កម្ពុជាបាន​បញ្ជាក់​ថា ​ការផ្តល់​អំណោយ​នេះ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​កម្ពុជា​កាន់តែ​ស៊ីជម្រៅ​ ហើយ​ចំណង​ទាក់ទង​រដ្ឋាភិបាល​បច្ចុប្បន្ន ​និង​កងទ័ព​ក៏ កំពុង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

កាល​ពីសប្តាហ៍​មុន ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា បាន​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ចំនួន​ជាង​ ២.៣៤៥​ លាន​ដុល្លាអាមេរិក​សម្រាប់​ឆ្នាំ២០១១​ ដោយ​បង្កើន​ចំណាយ​សម្រាប់​ក្រសួង​ការពារជាតិដល់ ១៨៥ ​លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ២០១១​ ពី​ចំនួន​ ១៦០​លាន​ដុល្លា​អាមេរិក​នៅក្នុង​ឆ្នាំ២០១០​។

នៅក្នុង​ខែមិថុនា ​ប្រទេស​ចិន​បាន​ផ្តល់​អំណោយ​ជា​រថយន្ត​យោធា​ចំនួន​ជាង ​២៥០ គ្រឿង​ បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​បាន​លុប​ចោលការផ្តល់​ជំនួយ​រថយន្ត​យោធា​ចំនួន​ប្រហាក់​ប្រហែលគ្នា​ ជាការ​ព្រមានចំពោះប្រទេស​កម្ពុជា​ ដែល​បាន​បណ្តេញ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ភាគតិច​ Uighur ​ចិន​ចំនួន​ ២០ នាក់​ ទៅកាន់​ប្រទេស​ចិន​វិញ​កាលពី​ឆ្នាំ២០០៩។

នៅក្នុង​ខែកញ្ញា​ ប្រទេស​កម្ពុជា​បាន​ទិញ​រថក្រោះ ​និង​រថពាសដែក​ចំនួន​១០០គ្រឿង​ពីប្រទេស​ Ukraine ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ពី​ការឈ្លានពាន​ ដោយ​ចេតនា​ណា​មួយ​ពីប្រទេស​ជិតខាង​៕

XS
SM
MD
LG