ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​នៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង​មិនត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ទេ


ប្រទេសចិន​ថាតំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។ រដ្ឋាភិបាល​ឯទៀត​ក៏ទាមទារ​យ៉ាងដូច្នេះ។
ប្រទេសចិន​ថាតំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។ រដ្ឋាភិបាល​ឯទៀត​ក៏ទាមទារ​យ៉ាងដូច្នេះ។

លោក​ ទៀ ​បាញ់ ​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ជម្លោះ​ព្រំដែន​ខែ្មរ-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ​ទេ។

ការ​កត់​សម្គាល់​នេះ​បាន​ធើ្វ​ឡើង ​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​ធើ្វ​ជា​ប្រធាន​អាស៊ាន​ដូរ​វេន​គ្នា​ហើយ​បញ្ហា​ជម្លោះ​ទាំង​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​កម្ពុជា។

លោក ​ទៀ ​បាញ់ ​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​យុទ្ធសាស្រ្ត​ភ្នំពេញ​លើក​ទី​១​ស្តីពី​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​សន្តិសុខ​នៅ​សណ្ឋាគារ​ Cambodiana​ថា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បញ្ហា​ព្រំដែន​ ខ្មែរ-ថៃ ​នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ទេ ​ប៉ុន្តែ​វា​មាន​ការ​វិវត្តន៍​នៃ​វិធានការ​ដោះស្រាយ។

«កម្ពុជា​នឹង​ស្នើសុំ​សហប្រតិបត្តិការ​ពី​សំណាក់​សមាជិក​អាស៊ាន​ទាំង​អស់ ​និង​ពី​សំណាក់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ឈាន​ទៅ​សម្រេច​ សេចក្តីប្រកាស​ស្តីពី​ការសហ​ប្រតិបតិ្តការ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នាំ​២០១២​ ក្នុង​ស្មារតី​ប្រកប​ដោយ​សហប្រតិបតិ្តការ ​និង​មិត្តភាព​ដ៏​ខ្ពង់​ខ្ពស់»។

លោក ​ទៀ ​បាញ់ ​បាន​លើក​ឡើង​ថា​បញ្ហា​ជម្លោះ​ព្រំដែន​រវាង ​កម្ពុជា ​និង​ថៃ​នឹង​មិន​ត្រូវ​បាន​ដាក់​ជា​របៀប​វារៈ​នៃ​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​ខាង​មុខ​នេះ​ទេ។

«បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​ជា​ពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​ដោះស្រាយ​ជា​បន្ត​បន្ទាប់ ​តាម​រយៈ​យន្តការ​ជា​ច្រើន​ មាន​តាំង​ពី​យន្តការ​ទេ្វភាគី ​និង​យន្តការ​សម្រប​សម្រួល​របស់​អាស៊ាន ​ព្រម​ទាំង​ការ​អនុវត្ត​តាម​សេចក្តី​សម្រេច​ស្តីពី​វិធានការ​ជា​បន្ទាន់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ)​ផង​ដែរ។​ ហេតុ​នេះ ​បញ្ហា​នេះ​មិនមែន​ជា​របៀបវារៈ​សំខាន់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​នោះ​ទេ ​លើកលែង​តែ​ក្នុង​ស្ថានភាព​បន្ទាន់​ រីឯ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សមស្រប​តាម​ស្មារតី​ច្បាប់​អន្តរជាតិ ​មិត្តភាព ​សហប្រតិបតិ្តការ​ និង​តាម​គោលការណ៍»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ថា​វា​ជា​រឿង​ដើរ​ថយក្រោយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។

«យើង​បាន​ស្នើសុំ​ឲ្យ​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​លើក​ឡើង​ក្នុង​របៀប​វារៈ។​ ដូច្នេះ ​នៅ​ពេល​យើង​ធើ្វ​ជា​ប្រធាន​អាស៊ាន ​យើង​អត់​លើក​ឡើង​ប្រធាន​បទ​ហ្នឹង។ ​យើង​បដិសេធ​នូវ​ប្រធាន​បទ​ហ្នឹង។ ​ខ្ញុំ​ថា​យើង​ដើរ​ថយក្រោយ​ហើយ។ ​ឥឡូវ ​យើង​បោះបង់​ចោល​យន្តការ​អាស៊ាន។ ​ខ្ញុំ​ថា​ជា​រឿង​ មួយ​ដែល​យើង​បរាជ័យ​ ហើយ​យើង​ដើរ​ថយក្រោយ។ ​ខ្ញុំ​ មើល​ទៅ​អត់​អាច​នាំ​មក​នូវ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ជម្លោះ ​ហើយ​ក៏​អត់​អាច​នាំមក​នូវ​សន្តិភាព​យូរ​អង្វែង​នៅ​ក្នុង​តំបន់​ជម្លោះ​ទេ»។

ក្នុង​ករណី​សមុទ្រ​ចិន​ខាង​ត្បូង​វិញ ​លោក​អ៊ូ ​វីរៈ​ បាន​បនែ្ថម​ថា​បើ​ប្រធាន​អាស៊ាន​មិន​លើក​ឡើង​តាម​ឆន្ទៈ​របស់​សមាជិក​អាស៊ាន​ទេ​ ឋានៈ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នឹង​ទទួល​បរាជ័យ។

លោក​ ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បាន​ថ្លែង​ ថា​តួនាទី​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ជម្លោះ​ព្រំដែន ​ខ្មែរ-ថៃ​ ប៉ុន្តែ​នឹង​មិន​មែន​ជា​ការបរាជ័យ​ទេ។

«យើង​ជា​ប្រធាន​អាស៊ាន ​វា​អាច​មាន​ការ​លំបាក ​ពីព្រោះ​យើង​ជា​ភាគី​មួយ​ដែរ​ក្នុង​ជម្លោះ​ខែ្មរ-ថៃ​ ហើយ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​មាន​ការ​លំបាក ​ដោយ​សារ​ចិន​ជា​មហា​អំណាច»។

លោក​ ឡៅ​ ម៉ុងហៃ ​បាន​លើក​ឡើង​ថា​ភាព​ស្មុគស្មាញ​ក្នុង​ការ​សែ្វងរក​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយសារ​បណ្តា​ប្រទេស​អាស៊ាន​ចង់​ចរចា​ពហុភាគី ​ប៉ុន្តែ​ប្រទេស​ចិន​ចង់​ចរចា​ទ្វេភាគី៕

XS
SM
MD
LG