មហោស្រពភាពយន្ត«ក្តីសង្ឃឹមនិងសេរីភាព»បានធ្វើឡើងនៅឯសាលមហោ ស្រពសិល្បៈ ដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ានាចុងសប្តាហ៍កន្លង ទៅនេះ។
មានភាពយន្តជាច្រើនដែលទាក់ទងទៅនឹងក្តីសង្ឃឹមនិងសេរីភាពត្រូវ បានដាក់បញ្ចាំងដែលនៅក្នុងនោះមានភាពយន្តឯកសារមួយដែលមានចំណង ជើងថា«The End/ Beginning» ឬ «ទីបញ្ចប់និងការចាប់ផ្តើម»។ នេះគឺជាភាពយន្តឯកសារ ដែលនិយាយពីជីវិតរបស់ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ម្នាក់និងខ្សែ ជីវិតរបស់គាត់ក្នុងការរត់គេចពីរបបដ៏ឃោរឃៅនេះមក កាន់សហរដ្ឋអាមេរិកដោយឆ្លងកាត់តាមប្រទេសវៀតណាម។
លោកអៀ សុផល ជាអ្នកសរសេរនិង អ្នកនិទាននៅក្នុងភាពយន្តឯកសារនេះ បានប្រាប់ថាខ្សែភាពយន្តនេះជារឿងរ៉ាវពិតរបស់ម្តាយគាត់ ដែលបានរត់គេចចេញពីសេចក្តីស្លាប់ក្នុងរបបខ្មែរក្រហម។
លោកសុផល បានបញ្ជាក់ថាបើទោះបីជារឿងនេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល ម្នាក់ប៉ុន្តែវាប្រាប់ពីរឿងរ៉ាវស្រដៀងគ្នារបស់មនុស្សជា ច្រើនទៀត។ លោកបានបន្ថែមថា៖
«រឿងនេះផ្តល់នូវការគោរពដឹងគុណដល់ម្តាយរបស់ខ្ញុំដែល គាត់អាចរត់គេចផុតពីរបបខ្មែរក្រហមដោយប្រើភាសាជាលិខិតឆ្លង ដែន។ ហើយទោះបីជារឿងនេះជារឿងផ្ទាល់ខ្លួនមួយប៉ុន្តែខ្ញុំធ្លាប់បាន ជួបអ្នកដែលធ្លាប់បានរត់គេចពីរបបប្រល័យពូជសាសន៍តាមរយៈ ប្រទេសវៀតណាមដូចម្តាយខ្ញុំដែរ។ ដូច្នេះវាជារឿងផ្ទាល់ខ្លួនមួយដែលប្រាប់ពីរឿងរ៉ាវរបស់ មនុស្សជាច្រើនទៀតតាមរយៈតួអង្គមួយគឺម្តាយរបស់ខ្ញុំ»។
ភាពយន្តនេះមានរយៈពេល៤៧នាទីហើយមានប្រើប្រាស់បច្ចេកវិទ្យា ក្រាហ្វិកដើម្បីគូសបង្ហាញពីព្រឹត្តិការណ៍មួយចំនួនជំនួសឱ្យការ ប្រើប្រាស់រូបភាពឯកសារនានា។
លោក Kevin Jonhson ជាដឹកនាំមហោស្រពភាពយន្តនេះបានប្រាប់វីអូអេ ខ្មែរ ថាវាមានសារៈសំខាន់ណាស់ក្នុងការចងក្រងនូវប្រវត្តិសាស្រ្តតាមរយៈ បទពិសោធន៍របស់បុគ្គលម្នាក់ៗ។ លោកបន្តថា៖
«ប្រសិនបើយើងនិយាយរឿងតាមបែបប្រវត្តិសាស្រ្តនោះយើងនឹងបាត់ បង់នូវភាពពិស្តាររបស់រឿងនោះព្រោះម្នាក់ៗមានបទពិសោធន៍និងការ តស៊ូខុសគ្នា»។
មានអ្នកមកចូលរួមទស្សនាជាច្រើនចាប់អារម្មណ៍នឹងខ្សែភាពយន្ត នេះហើយគិតថាវាមានសារៈសំខាន់ណាស់ក្នុងការប្រាប់នូវរឿងរ៉ាវនៃ របបខ្មែរក្រហមទៅកូនចៅជំនាន់ក្រោយ។ ដូចជាលោក Jusin Sok ជាប្រជាពលរដ្ឋមួយរូបរស់នៅទីក្រុងឡុងប៊ិចដែលបានទស្សនាខ្សែ ភាពយន្តនេះបានឱ្យដឹងថា៖
«គឺជារឿងមួយដ៏សំខាន់ដែលយើងចេញមកនិយាយគ្នាជូនជារឿងកត់ សម្គាល់ជាប្រវត្តិសាស្រ្តរបស់យើង។ ឳពុកម្តាយពីមុនៗគាត់ចុកចាប់ខ្លាំងពេកគាត់អត់ចង់និយាយគាត់ចេះ តែទុករឿងក្នុងខ្លួនគាត់ ហើយអ្នកជំនាន់ក្រោយកើតមកគ្នាអត់ដឹង។ចំណែកពួកជំនាន់ខ្ញុំបាន រៀនសូត្រស្គាល់វប្បធម៌អរិយធម៌ទាំងសងខាងគ្រាន់ជួយណែនាំធ្វើជា ស្ពានដើម្បីជាទំនាក់ទំនងសន្ទនារវាងឳពុកម្តាយយើងនិងប្អូនៗយើង ជំនាន់ក្រោយ»។
គួរបញ្ជាក់ផងដែរថាភាពយន្តឯកសារនេះធ្លាប់ត្រូវបានបញ្ចាំងនៅ ស្ថានីយ៍ទូរទស្សន៍ Channel NewsAsia នៃប្រទេសសិង្ហបុរីនិងបានទទួលពានរង្វាន់មាសពីមហោស្រព ភាពយន្តនិងទូរទស្សន៍អន្តរជាតិInternational Television and Film Awards នៅទីក្រុង New York៕