កម្មវិធីហេឡូវីអូអេពិសេសនៅយប់ថ្ងៃពុធទី១៨ខែមករាឆ្នាំ២០១២បានពិភាក្សាអំពី«ដំណោះស្រាយសំរាប់អ្នកភូមិបូរីកីឡាក្នុងរាជធានីភ្នំពេញ ដែលរងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ»។
វាគ្មិនសំខាន់ពីររូបនៃកម្មវិធី នេះគឺលោក អំ សំអាត មន្ត្រីអង្គការលីកាដូនិងអ្នកស្រី ជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាមួយរូប។ វីអូអេមានការសោកស្តាយដែលអ្នកស្រី ស៊ុយ ស៊ីផាន លុបចោលគម្រោងចូលរួមបកស្រាយក្នុងកម្មវិធីហេឡូវីអូអេ។ តែផ្តល់កិច្ចសម្ភាសជាជំនួសវិញ។ ការលុបចោលនៅនាទីចុងក្រោយដូច្នេះអ្នកស្រីអះអាងថាជាប់រវល់។
នៅក្នុងកម្មវិធីហេឡូវីអូអេលោក អំ សំអាត បានទទូចថាគួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទាក់ទងនឹងតម្លាភាពនៃការដោះស្រាយរបស់ក្រុមហ៊ុនផាន អ៊ីម៉ិច រឿងការបណ្តេញចេញដោយបង្ខំចំពោះអ្នកភូមិបូរីកីឡា ដែលបង្កឲ្យមានអំពើហឹង្សាកើតឡើងនោះ។ ការស៊ើបអង្កេតទាំងនោះ គឺរួមទាំងការផ្តោតលើការបែងចែកផ្ទះឲ្យអ្នកភូមិពិតប្រាកដឬទេ ហើយការដោះស្រាយដល់ពលរដ្ឋផ្សេងៗទៀតកើតឡើងចំមនុស្ស និងត្រឹមត្រូវឬទេ?
អ្នកស្រីជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាដែលទើបរត់ចេញពីការឃុំឃាំងនៅព្រៃស្ពឺក្រោយពីការចាប់ខ្លួន ដោយការតវ៉ារឿងផ្ទះសម្បែងនោះ បានថ្លែងថា អ្នកស្រីរស់នៅបូរីកីឡាតាំងពីឆ្នាំ១៩៩៨ម្ល៉េះ តែមិនបានផ្ទះដូចអ្នកដែលមិនធ្លាប់រស់នៅទេ។ អ្នកស្រីអំពាវនាវឲ្យមានជំនួយនិងការរកយុត្តិធម៌។
លោកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផាន អ៊ីម៉ិចបានអះអាងថាក្រុមហ៊ុនមិនអាចដោះស្រាយជូនពលរដ្ឋដែលគ្មានឯកសារត្រឹមត្រូវ និងអ្នកដែលចេះតែមកទាមទាររកផ្ទះនោះទេ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com