មន្ត្រីជាន់ខ្ពស់កម្ពុជានិងអង្គការសហប្រជាជាតិបានជួបជាមួយតំណាងប្រទេសផ្តល់ជំនួយ ដើម្បីស្វះស្វែងរកមូលនិធិបន្ថែមសម្រាប់សាលាក្តីពិសេសខ្មែរក្រហម ដែលកំពុងប្រឈមមុខនឹងកង្វះថវិកា ដោយធានាថា ដំណើរការសាលាក្តីខ្មែរក្រហមត្រូវមានបទដ្ឋានអន្តរជាតិ។
នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់កម្ពុជា បានអំពាវនាវដល់តំណាងប្រទេសផ្តល់ជំនួយចំនួន៣០ ឱ្យពិចារណាផ្តល់មូលនិធិបន្ថែមទៀតដល់សាលាក្តីពិសេសខ្មែរក្រហម ដែលកំពុងប្រឈមនឹងកង្វះហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។
លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងលោកគ្លីនត៍ វីលៀមសុន (Clint Williamson) អ្នកជំនាញការពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម បានជួបជាមួយតំណាងប្រទេសផ្តល់ជំនួយចំនួន៣០ ដូចជាជប៉ុន បារាំង អាមេរិក និងអង់គ្លេសជាដើមក្នុងកិច្ចខិតខំប្រឹងប្រែងរកមូលនិធិសម្រាប់សាលាក្តីពិសេសខ្មែរក្រហម ដែលកំពុងជួបប្រទះកង្វះខាត។
លោកចាន់ តានី រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងប្រទេសផ្តល់ជំនួយនៅក្នុងកិច្ចប្រជុំនៃមិត្តរបស់សាលាក្តីខ្មែរក្រហមថា ភាគីអង្គការសហប្រជាជាតិបានខ្វះ៦,៤លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១០ និង២៩,៨លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១១ និងភាគីកម្ពុជាបានខ្វះ ១លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១០ ហើយនៅឆ្នាំ២០១១ ភាគីកម្ពុជាត្រូវការ១១,៧លានដុល្លារអាមេរិក។ លោកចាន់ តានី បានបន្តថា ភាគីកម្ពុជាទទួលបានការសន្យាទឹកប្រាក់តែ៤លានដុល្លារអាមេរិក ដែលរាប់ទាំង១,១លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយបន្ថែមទៀតដល់សាលាក្តីខ្មែរក្រហម។ លោកបា្រប់វីអូអេផ្នែកខេមរភាសាថា៖
«ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងាររបស់អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ហើយលោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសជាមិត្តរបស់សាលាក្តីខ្មែរក្រហមនេះផ្តល់ហិរញ្ញវត្ថុបន្ថែមដើម្បីជួយដល់សាលាក្តីខ្មែរក្រហមធ្វើការឱ្យបានរលូតតទៅមុខ»។
លោកឯកអគ្គរាជទូតជប៉ុន ម៉ាសាហ្វ៊ុមី គុរ៉ូគី (Masafumi Kuroki) សហប្រធាននៃមិត្តរបស់សាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ប្រទេសទាំងអស់អាចពិចារណាការផ្តល់វិភាគទាននាពេលអនាគតដល់សាលាក្តីខ្មែរក្រហម ហើយកិច្ចប្រជុំនេះ នឹងមានសារៈប្រយោជន៍ណាស់សម្រាប់យើងទាំងអស់គ្នា ដើម្បីពិចារណាលទ្ធភាពនៃការផ្តល់វិភាគទាននាពេលអនាគត។ លោកថ្លែងថា៖
«ឆ្នាំនេះ និងឆ្នាំក្រោយមានសារៈសំខាន់ណាស់ ហើយសាលាក្តីខ្មែរក្រហមត្រូវការការគាំទ្រហិរញ្ញវត្ថុយ៉ាងខ្លាំងពីបណ្តាប្រទេសទាំងអស់ ដើម្បីភាពជោគជ័យរបស់ខ្លួន»។
សាលាក្តីខ្មែរក្រហមមានបញ្ហាហិរញ្ញនៅឆ្នាំនេះ ដោយប្រទេសផ្តល់ជំនួយមួយចំនួនបានស្ទាក់ស្ទើរផ្តល់មូលនិធិដល់តុលាការ ដែលកំពុងប្រឈមនឹងការចោទប្រកាន់អំពីអំពើពុករលួយ និងការចាត់ចែងមិនត្រឹមត្រូវ។
អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី OSJI បានចេញរបាយការណ៍មួយកាលពីសប្តាហ៍មុន ថាសាលាក្តីខ្មែរក្រហមបានទទួលរងនូវបញ្ហាដឹកនាំ និងទាមទារឱ្យមានការដឹកនាំកម្រិតខ្ពស់ប្រកប ដោយប្រសិទ្ធិភាព និងចីរភាពសម្រាប់ការដោះស្រាយបញ្ហានយោបាយ ការផ្តល់មូលនិធិ និងការគ្រប់គ្រងដែលតុលាការកំពុងជួបប្រទះ។
លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំថា យើងត្រូវការធានាថា ការងារនៅសេសសល់របស់សាលាក្តីខ្មែរក្រហម ត្រូវបានធ្វើឡើងយ៉ាងរលូនក្នុងលក្ខណៈទាន់ពេលវេលា និងមានប្រយោជន៍ល្អ។ លោកសុខ អាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបញ្ចប់និទ្ទណ្ឌភាពចំពោះអំពើឃោរឃៅព្រៃផ្សៃរបស់ពួកខ្មែរក្រហម។ លោកបានថ្លែងតាមសម្តីដើមថា យើងគាំទ្រសាលាក្តីខ្មែរក្រហមទាំងស្រុង និងគោរពដំណើរការយុត្តិធម៌ឯករាជ្យ។ យើងប្តេជ្ញាចំពោះដំណើរការតុលាការតាមកាលកំណត់ ហើយនឹងធ្វើការជាមួយអង្គការសហប្រជាជាតិដើម្បីធានាបទដ្ឋានអន្តរជាតិ។