ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សុខ អាន​បំភ្លឺ​ភាព​សង្ស័យ​អំពើ​ពុក​រលួយ​ប្រេង និង​ឧស្ម័ន


លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ការពារ​ការ​បង់​ប្រាក់​រង្វាន់​ថ្លៃ​ចុះ​ហត្ថលេខា និង​មូលនិធិ​អភិវឌ្ឍ​សង្គម​របស់​ក្រុមហ៊ុន​បរទេស ដើម្បី​ឱ្យ​បាន​សិទ្ធិ​រុក​រក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា។ ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​មាន​ការ​សង្ស័យ​អំពី​ការ​ប្រើ​ប្រាស់​ប្រាក់​ទាំង​នេះ​ដោយ​គ្មាន​តម្លាភាព។

នៅ​ថ្ងៃ​សុក្រ​នេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន បាន​ជម្រះការ​មន្ទិល​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី ទាក់​ទងនឹង​ការ​ប្រគល់​កិច្ច​ព្រម​ព្រៀង​រុក​រក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាក់​ទង​នឹង​ការ​ចំណាយ​របស់ក្រុមហ៊ុន​ប្រេង​បរទេស ដើម្បី​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា លោក​សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​សុំ​ឱ្យ​លោក​សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​ការ​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​រុក​រក​ប្រេង​និង​ឧស្ម័ន និង​អំពី​របៀប​គ្រប់​គ្រង​មូលនិធិ​ដែល​ទទួល​បាន​ពី​ក្រុម​ហ៊ុន​ទាំង​នោះ និង​ការ​បង់​ប្រាក់​ចំនួន​២៨លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន​តូតាល់ (TOTAL)។

លោក ​សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​បញ្ជាក់ នៅ​ក្នុង​លិខិត​ឆ្លើយតប​នឹង​សំណើ​របស់​លោក​សុន ឆ័យ ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា ក្រុមហ៊ុន​ចំនួន​ ២៣ ​ដែល​រួម​មាន​ក្រុមហ៊ុនChevron របស់​សហ​រដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​តូតាល់​របស់​ប្រទេស​បារាំង បានទទួល​សិទ្ធិ​រុក​រក​ប្រេង និង​ឧស្ម័ន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ​វិញ ដោយសារ​ធន​ធាន​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា​មិនអាច​អភិវឌ្ឍ​ក្នុង​លក្ខណៈ​ពាណិជ្ជកម្ម។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន ក៏​បាន​បញ្ជាក់​ថា ប្រាក់​ចំនួន​២៨​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​បង់​ដោយ​ក្រុមហ៊ុន​តូតាល់ ត្រូវ​បាន​បែង​ចែក​ដូច​តទៅ​នេះ៖ ២០លាន​ដុល្លារ​សម្រាប់​រង្វាន់​ចុះ​ហត្ថលេខា ៦លាន​ដុល្លារសម្រាប់​មូលនិធិ​អភិវឌ្ឍ​សង្គម និង​ចំនួន​២លាន​ដុល្លា​ទៀត​សម្រាប់​ដំណើរ​ការ​រដ្ឋបាល ដែល​ក្រុមហ៊ុន​ស្ម័គ្រចិត្ត​បង់​ចំនួន​បន្តិច​ម្តងៗ​ក្នុង​រយៈ​ពេល​វែង ដើម្បី​ប្រើ​ប្រាស់​លើ​សេវា​ខាង​បច្ចេកទេស​ជំនាញ​ការ​ច្បាប់ និង​សេវា​ផ្សេងៗ​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ លើ​តំបន់​ទាមទារ​ត្រួត​គ្នា។

លោក ​សុន ឆ័យ បាន​ថ្លែងថា លោក​មិនអាច​ទទួល​យក​ចម្លើយ​នេះ​បាន​ទេ ពី​ព្រោះ​ចម្លើយ​នោះ​មិន​បាន​បញ្ជាក់ ពី​ចំនួន​ប្រាក់​សរុប ដែល​បាន​ទទួល​ពី​ក្រុមហ៊ុន​ទាំង ​២៣ ការ​ប្រើ​ប្រាស់​ប្រាក់​ទាំង​នោះ​ទៅ​ធ្វើ​អ្វី​ខ្លះ ចំនួន​ប្រាក់​នៅ​ក្នុង​សៀវភៅ​បន្ទុក​ក្នុង​ធនាគារ និង​ការ​ប្រើ​គោលការណ៍​សម្រាប់​រក្សា​ប្រាក់​ទាំង​នេះ។

លោក ​សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​ថ្លែងថា ការ​ឆ្លើយ​តប​នេះ​មិន​ទាន់​បង្ហាញ​ពី​តម្លាភាព និង​មិន​អាច​ទទួល​យក​បាន​នៅ​ឡើយ ហើយមាន​ភាព​មិន​ប្រក្រតី ដោយ​សារ​ការ​ប្រើ​ប្រាស់​ប្រាក់​នេះ អត់​មាន​តម្លាភាព អត់​មាន​សៀវភៅ​បន្ទុក អត់​មាន​ច្បាប់​អនុញ្ញាត និង​អត់មាន​នីតិ​វិធី​ត្រួត ពិនិត្យ។ លោក​បាន​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ថា៖

«ចម្លើយ​នេះ មិន​ទាន់​បង្ហាញ​នូវ​តម្លាភាព​ដែល​យើង​ចង់​បាន ហើយ​ដែល​យើង​ជា​អ្នក​សួរ​អាច​ទទួល​យក​បាន​នៅ​ឡើយ ហើយ​ការ​បង្ហាញ​ក្នុង​ចម្លើយ​នេះ បាន​ន័យ​ថា​ មាន​ភាព​មិន​ប្រក្រតី​ដែល​ចាំ​បាច់ ត្រូវ​រក​ឱ្យ​ឃើញ។»

លោក ​សុខ អាន បាន​បញ្ជាក់​ថា ប្រាក់​ដែល​ត្រូវ​បាន​បង់​ដោយក្រុមហ៊ុន​ទាំង​នេះ ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​គណនី​មួយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​ត្រូវ​គ្រប់​គ្រង​រួម​គ្នា​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា។ គ្មាន​ការ​បង់​ប្រាក់​ណា​មួយ​ឱ្យ​ទៅ​បុគ្គល​ជា​មន្ត្រី​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ទេ។

XS
SM
MD
LG