ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម័យ​រុង​រឿង​នៃ​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​ចង​ចាំ​និង​ចង​ក្រង


លោក​ជូ​ ដាវី​ ពលរដ្ឋ​​បារាំង​កំណើត​ខ្មែរ​ កំពុង​ធ្វើ​ការ​​បង្ហាញ​ពី​ភាពយន្ត​ខ្មែរ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង​៧០​នៅ​ឯ​សារមន្ទីរ​ Smithsonian នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ។
លោក​ជូ​ ដាវី​ ពលរដ្ឋ​​បារាំង​កំណើត​ខ្មែរ​ កំពុង​ធ្វើ​ការ​​បង្ហាញ​ពី​ភាពយន្ត​ខ្មែរ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង​៧០​នៅ​ឯ​សារមន្ទីរ​ Smithsonian នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១០​ នៅ​វិចិត្រសាល Freer Gallery of Arts នា​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ជូ ដាវី ​ អ្នក​ដឹកនាំ​ភាពយន្ត​វ័យ​ក្មេង ខែ្មរ​ បារាំង ដែល​ត្រូវ​ជា​ចៅ​របស់​ផលិតករ​ភាពយន្តខ្មែរ​ជំនាន់​ដើម​ វ៉ាន់ ចាន់ បាន​ចងក្រង​ឯកសារ​ស្តី​អំពី​ភាពយន្ត​ និង​ផលិករ​និង​តួសម្តែង​ភាពយន្ត​ក្នុង​សម័យ​ជឿនលឿន​នៃ​វិស័យ​ភាពយន្ត​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៦០ និង១៩៧០។ ក្នុង​បទ​បង្ហាញ​នោះ​ លោក​ជូ ដាវី បាន​ឲ្យ​ដឹង​ថា​ វិស័យ​ភាពយន្ត​ខ្មែរ​ក្នុង​ទសវត្សរ៍​១៩៦០​ និង​១៩៧០ គឺ​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​ប្រវត្តិ​សាស្ត្រ​ភាពយន្ត​ខ្មែរ​ ហើយ​លោក​មាន​បំណង​ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​ដ៏​រុង​រឿង​នេះ​ដល់​ពិភពលោក​ និង​ចង់​ស្រោច​ស្រង់​វិស័យ​ភាពយន្ត​ខ្មែរ និង​អភិវឌ្ឍ​ឲ្យ​រុងរឿង​ឡើង​វិញ។ លោក​បាន​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច្នេះ​ថា៖

«វិចិត្រសាល​ Freer Gallery អញ្ជើញ​ខ្ញុំ​ពី​ស្រុក​បារាំង​ ឥឡូវ​ខ្ញុំ​នៅ​ស្រុក​បារាំង ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​បទបង្ហាញ​អំពី​កុន​ខ្មែរ​ពី​ដើម​ក្នុង​ឆ្នាំ​១៩៦០​និង​៧០​ ពីព្រោះ​នៅ​ស្រុក​អាមេរិក​និង​បារាំង​មិន​សូវ​មាន​មនុស្ស​ដឹងអំពី​រឿង​នេះ។ ដូច្នេះ​ ខ្ញុំ​និយាយ​ប្រហែល​មួយ​ម៉ោង​អំពី​រឿង​នេះ។ ពី​ឆ្នាំ៦០​ ទៅ​ឆ្នាំ៧៥​ មាន​កុន​ប្រហែល​៤០០។ ខ្ញុំ​ចង់​ចែក​រំលែក​អំពី​ភាពយន្ត​ខ្មែរ​ជាមួយ​អ្នក​ទាំង​អស់​គ្នា»។

ជាមួយ​នឹង​បទ​បង្ហាញ​នេះ លោក​ជូ ដាវី​ បាន​ដក​ស្រង់​ឈុត​ខ្លះៗពីភាពយន្ត​ខ្មែរល្បីៗ​កាល​ពី​ជំនាន់​នោះ។ ឆ្លើយ​តប​ទៅ​នឹង​ឈុត​មួយ​ចំនួន​ដែល​ត្រូវបាន​បញ្ចាំង​នេះ អ្នក​ចូលរួម​ជនជាតិ​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ស្ងោច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជឿនលឿន​នៅ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ជំនាន់​នោះ។ លោក​ ថ្លែង​ដូច្នេះ​ថា៖

«គួរ​ឲ្យ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​គ្រាន់​តែ​ឃើញ​មនុស្ស​តូច​ចេញ​ពី​ក្នុង​មាត់​តួ​ប្រុស​តួស្រី។ បាទ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ ខ្ញុំ​យល់​ថា ឈុត​មួយ​ដែល​បុរស​ម្នាក់​ខ្វេះ​ភ្នែក​រាជបុត្រី​គឺ​សាហាវ​មែន​ទែន អ្នក​ដឹង​ទេ។ គឺ​ប្រហែល​ជា​អាច​ប្រៀប​ជាមួយ​នឹង​បទដ្ឋាន​បច្ចុប្បន្ន​បាន​ខាង​ផ្នែក​នេះ»។

ចំណែក​លោក​ម៉ុង ហេង​ ខ្មែរ​អាមេរិក​ រស់នៅ​រដ្ឋ​វីជីញៀ (Virginia) សហរដ្ឋ​អាមេរិក​ ដែល​បាន​ចូល​រួមដែរ​នោះ ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ដោយ​បាន​ស្តាប់​បទបង្ហញ​ និង​ឃើញ​ឈុត​មួយចំនួន​នៃ​ខ្សែ​ភាពយន្ត​កាល​ជំនាន់​ដើម ធ្វើ​ឲ្យ​លោក​នឹក​ដល់​សម័យ​រុងរឿង និងអនុស្សាវរីយ៍​នៅ​ជំនាន់​នោះ​ ហើយ​សង្ឃឹម​ថា វិស័យ​ភាព​យន្ត​នឹង​រីក​ចម្រើន​នៅ​ក្នុង​ពេល​អនាគត​។ លោក​បន្ត​ថា៖

«បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​ភាពយន្ត​ខ្មែរ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ចាស់​ គឺ​ថា​នឹក​ដល់​ប្រទេស​ខ្មែរ​យើង នឹក​ដល់​សាច់​រឿង​កាល​ដែល​ខ្ញុំ​រស់​នៅ​ពី​ក្មេង។ បើ​តាម​កាល​ពី​ខ្ញុំ​រស់​នៅ​ Golden Age ដែល​ថា​ពី​ឆ្នាំ១៩៦០​ ១៩៧០​ ហើយ​និង​ប្រៀប​ធៀប​មក​សម័យ​នេះ ខ្ញុំ​ឃើញ​ថា​សម័យ​នេះ​ យើង​បានរីក​ចម្រើន​ខាង​សិល្បៈជា​ច្រើន​ដូចជា​ចម្រៀង​ការ៉ាអូខេ​ ប៉ុន្តែ​រឿង​ភាព​យន្ត​ រឿង​ដែល​ថា ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​វប្បធម៌​ខ្មែរ ការស់​នៅ​ក្នុង​សង្គមខ្មែរ​យើង​ហ្នឹង គឺថាដូច​ជានៅ​អន់​ថយច្រើន​ណាស់ ពី​ព្រោះ​យើង​មិន​ទាន់ឃើ​ញ​មានអ្នក​ផលិតភាពយន្តណាមួយមាន​ថ្វីដៃ​ដូច​ពី​មុន ហើយតទៅ​អនាគត​ខ្ញុំ​សង្ឃឹមថា ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ ក្មេងៗជំនាន់​ក្រោយ ក៏​មាន​បញ្ញា​វាងវៃ ហើយនិង​ប្រើ​ចំណេះ​ខ្លួនធ្វើ​ឲ្យ​ភាព​យន្ត​ខ្មែរ​បាន​ជឿនលឿនដូចលើក​មុន ហើយ​និង​ជឿនលឿន​ជាង​មុន។

លោក​ ជូ ដាវី​ ឲ្យ​ដឹងថា ភាពយន្តខ្មែរ​ដែល​ត្រូវបាន​ផលិត​កាល​ពី​ជំនាន់​មុន​ឆ្នាំ១៩៧៥ ត្រូវបាន​បំផ្លាញ និង​បាត់​បង់​ចំនួនប្រហែល ៩០ភាគរយ ដោយ​ហេតុថា ក្នុង​ចំណោមភាព​យន្ត​ប្រហែល៤០០រឿង មាន​តែ​៣១​រឿង​ប៉ុណ្ណោះ ដែល​ត្រូវបាន​សង្គ្រោះ និង​នៅ​សល់​។ ដោយ​ហេតុ​នេះ លោកជូ​ ដាវី បាន​រៀបចំផលិតភាពយន្ត​មួយស្តីអំពី​ប្រវត្តិសាស្រ្តភាពយន្ត​សម័យ​រុងរឿង​នោះ ដែល​បច្ចុប្បន្ន​កំពុង​កាត់​តនៅ​ប្រទេស​បារាំង​ ហើយ​នឹង​ត្រូវដាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

XS
SM
MD
LG