នៅប្រទេសកម្ពុជាការប្រើប្រាស់ក្រែមលាបស្បែកឱ្យសកំពុងពេញនិយមក្នុងចំណោមស្រ្តីដែលចង់បានសម្បុរភ្លឺជ្រះជាងធម្មជាតិ។ ប៉ុន្តែមានស្រ្តីមួយចំនួនត្រូវគេអះអាងថាបានស្លាប់កាលពីពេលថ្មីៗនេះដោយសារការប្រើប្រាស់ផលិតផលប្រភេទនេះ។
នាងធីតា វីននៃវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសជាមួយលោកបណ្ឌិតថូម៉ាស មឺហ្វី អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់និងជាសហនាយកមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ តទៅនេះជាបទសម្ភាសរវាងនាងធីតា វីន ជាមួយនឹងលោកថូម៉ាស មឺហ្វី។
សំណួរ៖ សូមជម្រាបសួរលោក ថូម៉ាស មឺហ្វី តើលោកបានធ្វើពិសោធលើគ្រឿងសំអាងអ្វីខ្លះដែរ?
ថូម៉ាស មឺហី្វ៖ យើងប្រើឧបករណ៍ញែកសារធាតុគីមីយួរដៃ ដែលមានប្រសិទ្ធភាពបំផុត។ វាគឺជាម៉ាស៊ីនពិសេសសម្រាប់ញែករកសារធាតុលោហធាតុនិងសារធាតុទាំងឡាយណាដែលគេប្រើសម្រាប់លាយក្នុងក្រែមលាបស្បែក។ លទ្ធផលទទួលបានគឺលឿនមែនទែន។ យើងធ្វើការពិសោធលើក្រែមលាបស្បែកទាំងឡាយណា ដែលក្រុមនិស្សិតស្រីៗនាំយកមក។ យើងចង់ពិសោធលើក្រែមលាបស្បែកឲ្យស។ យើងបានពិសោធលើក្រែមបញ្ចុះទម្ងន់ក្រែមការពារពន្លឺថ្ងៃហើយជួនកាលពួកគាត់នាំយកពិសោធន៍នូវសារធាតុសម្រាប់ប្ដូរពណ៌។ ប៉ុន្ដែភាគច្រើនគឺយើងពិសោធលើក្រែមសម្រាប់លាបឲ្យស្បែកស។
សំណួរ៖ តើហេតុអ្វីបានជាលោកធ្វើការពិសោធទៅលើគ្រឿងសំអាងទាំងនោះដែរ?
ថូម៉ាស មឺហី្វ៖ បាទ! នេះគឺជាបញ្ហាដែលគេដឹងឮពាសពេញពិភពលោកដែលថាក្រែមលាបស្បែកជាទូទៅមានសារធាតុបារ៉តហើយយើងធ្វើការសិក្សានេះ នៅទីក្រុងភ្នំពេញផងដែរកាលពីពីរបីឆ្នាំមកហើយ។ ហើយយើងចង់សិក្សាវាជាមួយនឹងនិស្សិតឲ្យបានច្រើនហើយអប់រំពួកគេពីបញ្ហាប្រឈម។ ហើយវាហាក់ដូចជាថាមានការប្រើប្រាស់ក្រែមកាន់តែច្រើនឡើងៗ បើធៀបទៅនឹងការចាប់ផ្ដើមសិក្សារបស់យើងក្នុងរយៈពេលពីរឆ្នាំកន្លងទៅហើយប្រហែលជាមួយឆ្នាំមុនយើងធ្វើការសិក្សាលើបញ្ហានេះស្រ្ដីវ័យក្មេងម្នាក់ទំនងជាបានស្លាប់បន្ទាប់ពីបានប្រើប្រាស់ក្រែមដែលមានសារធាតុបារ៉ត។ ដូច្នេះយើងចង់ស្វែងយល់ពីវាឱ្យកាន់តែច្រើនឡើងថែមទៀតពីព្រោះនៅពេលដែលយើងកំពុងធ្វើការស្រាវជ្រាវនោះ មានស្ដ្រីវ័យក្មេងម្នាក់ទៀតបានស្លាប់។ ដូច្នេះយើងចង់អប់រំស្ដ្រីវ័យក្មេងអំពីការប្រឈមនឹងគ្រោះថ្នាក់។ មានស្ដ្រីក្មេងៗមួយចំនួនបានទិញវាហើយវាហាក់ដូចជាកាន់តែពេញនិយម។ យើងគិតថា ក្មេងស្រីក្នុងគ្រួសារក្រីក្របំផុតនោះ មិនអាចលៃលកទិញក្រែមទាំងនេះសម្រាប់ប្រើប្រាស់បានទេ។ មានស្ដ្រីជាងពាក់កណ្ដាលនៅប្រទេសថៃប្រើប្រាស់ក្រែមសំអាង។ ហើយវាកំពុងវិវត្តន៍ដូចនៅប្រទេសថៃដែរ។
សំណួរ៖ បន្ទាប់ពីលោកធ្វើការពិសោធហើយ តើលោក ថូម៉ាស មឺហ្វី រកឃើញសារធាតុអ្វីខ្លះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់?
ថូម៉ាស មឺហី្វ៖ យើងបានរកឃើញចំនួនសារធាតុបារ៉ត យ៉ាងច្រើនក្នុងទឹកនោមរបស់ស្ដ្រីមួយចំនួន ដែលអាចបង្ហាញថា នេះគឺជាបញ្ហា។ ស្ដ្រីមួយចំនួនឈឺ ប៉ុន្ដែយើងមិនអាចដឹងថា ហេតុអ្វីបានជាពួកគាត់ឈឺ។ នេះបង្ហាញថា សារធាតុបារ៉តមានវត្តមាន ប៉ុន្ដែយើងមិនដែលសិក្សាដើម្បីឲ្យដឹងថា បុគ្គលនោះឈឺដោយសារជាតិបារ៉តនោះទេ។ នោះគឺជាអ្វីមួយដែលស្ដ្រីជាច្រើនមិនបានយល់។ យើងឃើញថា ភាគច្រើនគឺសារធាតុបារ៉ត។ ប៉ុន្ដែវាមានសារធាតុពុលផ្សេងទៀត នៅក្នុងក្រែមហើយយ៉ាងហោចណាស់មានសារធាតុគីមីបួនមុខទៀតនៅក្នុងក្រែមលាបស្បែក។ នៅពេលដែលពួកគេបន្ថែមវត្ថុធាតុផ្សំផ្សេងទៀត ដើម្បីបង្កើនសារធាតុថ្នាំចូលទៅក្នុងស្បែក នោះគឺជាការបន្ថែមភាពស្មុគ្រស្មាញកាន់តែច្រើន។ ភាគច្រើននៃក្រែមលាបស្បែកទាំងនេះផលិតដោយអ្នកគីមីវិទ្យាធម្មតាហើយមួយភាគបី នៃក្រែមមានសារធាតុពុល ដែលក្រែមទាំងនោះបានមកពីហាងកែសម្ផស្ស។ ម្យ៉ាងទៀត នៅពេលដែលមានការបណ្ដុះបណ្ដាលតិចតួច ហើយពួកគេប្រើប្រាស់ជាតិគីមីខ្លាំងៗ ដូច្នេះ អ្វីគួរឲ្យគ្រោះថ្នាក់បំផុតនោះគឺដោយមានបុគ្គល ធ្វើផលិតផលបែបនេះដោយមិនមានការបណ្ដុះបណ្ដាល និងដោយមិនមានការត្រួតពិនិត្យ។
សំណួរ៖ តើសារធាតុទាំងនោះបង្កឲ្យមានផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីខ្លះដល់អ្នកប្រើប្រាស់ដែរ?
ថូម៉ាស មឺហី្វ ៖ ពួកគេអាចប្រឈមនឹងបញ្ហាមួយចំនួនហើយបញ្ហាដែលញឹកញាប់ជាងគេគឺសារធាតុបារ៉តនឹងធ្វើឲ្យប្រព័ន្ធប្រសាទដំណើរការខុសសង្វាក់។ បញ្ហាទីពីរគឺធ្វើឲ្យប៉ះពាល់ដល់គ្រលៀនហើយនេះ គឺជាការព្រួយបារម្ភមួយហើយការប្រើប្រាស់សារធាតុបារ៉តជ្រុលហួសអាចធ្វើឲ្យស្លាប់បាន។ វាមិនមែនជាករណីញឹកញាប់ទេ ប៉ុន្ដែមានមនុស្សមួយចំនួនបានស្លាប់គឺយ៉ាងហោចណាស់មានពីរនាក់ហើយខ្ញុំគិតថាប្រហែលជាមានអ្នកស្លាប់ច្រើនជាងនេះ។ ដូច្នេះការស្លាប់ ការបណ្ដាលឲ្យមនុស្សមិនអាចគិតអ្វីបានច្បាស់ស្រឡះល្អ គឺជាផលវិបាកញឹកញាប់ ជាងគេដែលបណ្ដាលមកពីសារធាតុបារ៉ត ហើយប្រហែលជាមានអ្នកខ្លះក្លាយទៅជាឆេវឆាវ ឆាប់ខឹងដោយសារបញ្ហានេះដែរ។ ដូចជា ពួកគេមិនអាចមានអារម្មណ៍ស្ងប់និងពួកគេអន់ចិត្តជាដើម។ ប៉ុន្ដែយ៉ាងណាក៏ដោយ មានសេចក្ដីរាយការណ៍ព័ត៌មានតិចតួច ជាពិសេសនៅតាមបណ្ដាខេត្ត។ ខ្ញុំគិតថា វាមិនសាមញ្ញពេកនោះទេ។ ខ្ញុំគិតថា មិនមានអ្នករងគ្រោះរហូតដល់រាប់រយនាក់នោះទេ។ ខ្ញុំគិតថា មានអ្នកស្លាប់ច្រើនជាងបួននាក់ ប៉ុន្ដែមិនច្រើនជាង១០០ នាក់នោះឡើយ។
សំណួរ៖ ហេតុអ្វីបានជាសារធាតុទាំងនោះធ្វើឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់?
ថូម៉ាស មឺហី្វ៖ បាទ! ក្នុងករណីពួកគេចង់ឲ្យសារធាតុគីមីមួយចំនួនដែលធ្វើឲ្យជ្រាបចូលក្នុងស្បែក វានឹងរាំងខ្ទប់ការផលិតសារធាតុពណ៌ខ្មៅរបស់ស្បែក ដែលធ្វើឲ្យស្បែកឡើងទៅជាពណ៌ត្នោត។ ដូច្នេះសារធាតុគីមីឆ្លងកាត់ស្បែកហើយទៅប្ដូរសារធាតុគីមីវិទ្យា នៃផ្នែកខាងលើរបស់ស្បែក។ ពណ៌ត្នោតនៃស្បែករបស់មនុស្សប្រើសម្រាប់ការពារកាំរស្មីពណ៌ស្វាយ (UV light)។ ហើយគេធ្វើបែបនេះដោយពួកគេដឹងថា សារធាតុគីមីមួយចំនួនមានជាតិពុល ហើយគេរាំងខ្ទប់ការបញ្ចេញប្រតិកម្មរបស់ស្បែក។ ហើយប្រតិកម្មទៅលើស្បែកនោះគឺជាសារធាតុពុល។ គេអាចធ្វើឲ្យស្បែកមានពណ៌ស ប៉ុន្ដែគេមិនអាចការពារផ្នែកផ្សេងទៀត នៃរាងកាយរបស់គេ។
សំណួរ៖ តើគ្រឿងសំអាងដែលលោកបានយកមកពិសោធន៍ហ្នឹង ជាគ្រឿងសំអាងប្រភេទលាយនៅក្នុងប្រទេសកម្ពុជាយើង ឬក៏គ្រឿងសំអាងដែលនាំចូលពីក្រៅប្រទេស?
ថូម៉ាស មឺហី្វ ៖ ជួនកាលយើងមិនអាចដឹងបានទេ។ មានអ្វីមួយដែលគេផលិតខុសច្បាប់។ ផលិតផលទាំងនោះ មើលទៅហាក់ដូច ជាផលិតចេញពីសហរដ្ឋអាមេរិក ប៉ុន្ដែខ្ញុំមិនជឿថា វាផលិតចេញពីទីនោះទេ។ និយាយមែនទែនទៅ មានក្រែមមួយចំនួនដូចជានាំចូលពីប្រទេសចិន តៃវ៉ាន់ វៀតណាម ថៃ ប៉ុន្ដែយើងមិនដឹងប្រាកដនោះទេ ឬក្រែមមួយចំនួននោះអាចត្រូវបានផលិតនៅកម្ពុជា។ ប៉ុន្តែនេះមិនមែនជាការសិក្សាស្របច្បាប់ទេ។ ខ្ញុំដឹងប្រាកដថា ក្រែមមួយចំនួនផលិតនៅប្រទេសកម្ពុជា។ ប៉ុន្ដែខ្ញុំមិនអាចបញ្ជាក់ភស្ដុតាងបានតាមផ្លូវច្បាប់នោះទេ។ ក្រែមមួយចំនួនទំនងជាផលិតនៅកម្ពុជា ប៉ុន្ដែពួកគេបែរជាដាក់ស្លាកថា ផលិតនៅប្រទេសផ្សេងៗទៅវិញ។
សំណួរ៖ តើគ្រឿងសំអាងដែលលោក ថូម៉ាស មឺហ្វី បានប្រមូលយកមកធ្វើការពិសោធនេះ បានប្រមូលយកមកពីទីកន្លែងណាខ្លះដែរទៅ?
ថូម៉ាស មឺហី្វ៖ ក្រុមនិស្សិតពេទ្យបានទៅទិញនៅតាមកន្លែងជាច្រើនរាប់ទាំងខេត្តសៀមរាប បាត់ដំបងផងដែរ។ ប៉ុន្ដែភាគច្រើនទិញនៅភ្នំពេញ។ ពួកគេទិញនៅតាមផ្សារ ជួនកាលពួកគេទិញនៅកន្លែងកែសម្ផស្ស ក្រែមកែសម្ផស្សទាំងនោះជួនកាលថ្លៃណាស់គឺចាប់ពី ២០ ទៅ១០០ ដុល្លារឯណោះ។
សំណួរ៖ តើគ្រឿងសំអាងទាំងនោះប្រើសម្រាប់អ្វីខ្លះ?
ថូម៉ាស មឺហី្វ៖ ក្រែមការពារកំដៅថ្ងៃចំនួនតិចតួចណាស់ ដែលយើងឃើញមានជាតិបារ៉ត។ វាមិនត្រូវការដាក់ជាតិបារ៉តនោះទេ។ ប៉ុន្ដែបញ្ហាធំបំផុតនោះ គឺក្រែមសម្រាប់ធ្វើឲ្យស្បែកស។ មានស្ដ្រីខ្លះដែលយើងបានជួបសម្ភាសបានប្រើប្រាស់ក្រែមនេះ តែលើផ្ទៃមុខតែប៉ុណ្ណោះ។ ប៉ុន្ដែស្ដ្រីផ្សេងទៀត លាបក្រែមទាំងនោះពេញខ្លួនពីរដងក្នុងមួយថ្ងៃ។ ហើយកាលណាពួកនាងប្រើកាន់តែច្រើន ការប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ ប្រសិនបើមានការប្រើប្រាស់លើខ្លួនកាន់តែច្រើនជាពិសេសសម្រាប់ ឱកាសពិសេសដូចជាមុនពិធីមង្គលការជាដើមដែលមានស្ដ្រីពីរនាក់ បានស្លាប់ក្នុងករណីដូច្នេះ ដោយសារការប្រើប្រាស់ក្រែមដូច្នេះច្រើនគ្រោះថ្នាក់កាន់តែខ្ពស់។
សំណួរ៖ បន្ទាប់ពីការរកឃើញសារធាតុមួយចំនួន ដែលបង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់បែបនេះហើយ តើការពិសោធន៍អាចមានប្រយោជន៍អ្វីខ្លះដែរ?
ថូម៉ាស មឺហី្វ៖ ប្រសិនបើនៅប្រទេសកាណាដា ឬនៅសហរដ្ឋអាមេរិក យើងអាចបញ្ជូនស្ដ្រីរងគ្រោះ ដោយសារជាតិបារ៉តទៅកាន់មន្ទីរពេទ្យបាន ក៏ប៉ុន្ដែ នៅកម្ពុជាមិនមានលទ្ធភាពដូចគ្នាទេ។ ពីព្រោះគឺជាអ្វីមួយដែលពិបាកធ្វើ ហើយការព្យាបាលមានតម្លៃថ្លៃទៀត។
សំណួរ៖ បើសិនជាមិនមានវិធានការណ៍ទប់ស្កាត់ការលក់ផលិតផលគ្រឿងសំអាងបែបនេះទៀតនោះទេ តើវាផ្តល់ផលវិបាកដូចម្តេចខ្លះ ដែរចំពោះអ្នកប្រើប្រាស់ ឬ ក៏ប្រជាពលរដ្ឋខ្មែរ?
ថូម៉ាស មឺហី្វ ៖ អ្វីដែលយើងអាចធ្វើបានស្រួលបំផុតនៅកម្ពុជា គឺថា ប្រាប់ដល់ពួកគេឲ្យឈប់ប្រើប្រាស់ក្រែមដែលមានសារធាតុបារ៉តទាំងនោះ។ យើងសង្ឃឹមថា នឹងមានអ្នកវិទ្យាសាស្ដ្រច្រើនជាងនេះ មានឧបករណ៍ពិសោធន៍ប្រសើរជាងនេះ និងមានការត្រួតពិនិត្យលើក្រែមប្រសើរជាងនេះ។ ប៉ុន្ដែបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា និង នៅប្រទេសវៀតណាម គ្រោះថ្នាក់ដោយសារបញ្ហានេះខ្ពស់ណាស់។ មធ្យោបាយតែមួយគត់គឺឈប់ប្រើប្រាស់ក្រែម ធ្វើឲ្យស្បែកសតទៅទៀត៕