តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនជាតិវៀតណាម៥រូប និងជនជាតិលាវមួយរូប ពីបទជួញដូរថ្នាំញៀនខុសច្បាប់ រួចបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ ក្រុមមន្ត្រីប៉ូលិស និងមន្ត្រីបង្ក្រាបគ្រឿងញៀនបាននិយាយថានឹងបន្តស្វែងរកជនសង្ស័យបន្ថែមទៀតពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀននេះ។
តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ បានចោទប្រកាន់ជាផ្លូវការទៅលើជនជាតិវៀតណាមចំនួនប្រាំរូប និងជនជាតិលាវចំនួនមួយរូប ពីបទជួញដូរថ្នាំញៀនខុសច្បាប់ រួចហើយបានបញ្ជូនខ្លួនទៅឃុំឃំាងនៅក្នុងពន្ធនាគារព្រៃសភ្លាមៗ ដើម្បីរង់ចាំជំនុំជម្រះទោសក្រោយពីបានធ្វើការសាកសួរអស់រយៈពេលចំនួនពីរថ្ងៃ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយថា ជនបរទេសទាំងប្រាំមួយរូបនេះត្រូវចោទប្រកាន់ពីបទជួញដូរថ្នាំញៀនខុសច្បាប់ដូចៗគ្នាទៅតាមមាត្រាទី៣៣នៃក្រមព្រហ្មទណ្ឌថ្មី។ ដោយឡែកជនជាតិឡាវមួយរូប ដែលជាមេខ្លោងក្នុងការជួញដូរថ្នាំញៀនស្រវឹងនេះ ត្រូវចោទប្រកាន់មួយករណីទៀតពីបទមិនរាងចាល ហើយបានប្រពឹ្រត្តបទឧក្រិដ្ឋជាថ្មី។
លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើតុលាការរកឃើញថា មានទោសកំហុសពួកគេអាចប្រឈមមុខការជាប់ទោសរយៈពេលពី២០ឆ្នាំរហូតដល់មួយជីវិត អាស្រ័យទៅលើបរិមាណសារធាតុគ្រឿងញៀនទាំងនោះ។
«កោសលវិច្ច័យយើងអត់ទាន់ចេញ។ ក៏ប៉ុន្តែបរិមាណវាច្រើន ហើយបរិមាណគ្រឿងញៀនមានរហូតដល់ជាង១១គីឡូក្រាម។ បើសិនជាគិតភាគរយក្នុងមួយក្រាមនោះ វាមានភាពសុទ្ធប៉ុន្មានភាគរយ ហើយគុណតាមហ្នឹងទៅ។ បើចំនួនវាកាន់តែច្រើន អាហ្នឹងទោសកាន់តែធ្ងន់។ កម្រិតអតិប្បរមានៃទោសវាមាន២០ ដល់៣០ឆ្នាំនិងដល់អស់មួយជីវិត»។
កាលពីសប្តាហ៍មុនអាជ្ញាធរប៉ូលិសរបស់ក្រសួងមហាផ្ទៃបានចាប់ខ្លួនជនបរទេសចំនួនប្រាំមួយរូប ក្នុងនោះរួមមានជនជាតិឡាវមួយរូបនិងជនជាតិវៀតណាមចំនួនប្រាំរូបពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់។
អាជ្ញាធរបានរឹបអូសថ្នាំញៀនប្រភេទមេតាំហ្វេតាមីនចំនួនជាង១០គីឡូក្រាម គឺប្រមាណជាង៨ម៉ឺនគ្រាប់ និងមេតាំហ្វេតាមីនទឹកកកចំនួនជាង៣គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯកកង សុខន អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា យើងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យបន្ថែមទៀតពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនទាំងនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានដាក់បទបញ្ជាដល់អាជ្ញាធរគ្រប់មូលដ្ឋាន ទាំងអស់ឲ្យចាត់វិធានការ ដើម្បីបង្រ្គាបថ្នាំញៀនស្រវឹង។
លោកបានមានប្រសាសន៍ទៀតថា ប៉ុន្មានថ្ងៃនេះការបង្ក្រាបគ្រឿងញៀន គឺបានវាយចំគោលដៅមួយចំនួនធំ ហើយលោកបានព្រមានដល់អ្នកដែលពាក់ព័ន្ធកុំប្រព្រឹត្តល្មើសច្បាប់ ក្រែងជាប់គុក មុនចូលឆ្នាំខ្មែរ។
លោកឧត្តមសេនីយ៍ឯកកង សុខនបានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសឆ្លងកាត់ដោយសារការរត់ពន្ធថ្នាំញៀនពីបរទេស។
«បាទ វាពិតប្រាកដហើយ ប្រទេសយើងនេះជាប្រទេសរងគ្រោះ ជាប្រទេសឆ្លងកាត់ភាគច្រើន។ អាហ្នឹងសូមដឹងប៉ុណ្ណឹងសិនចុះ»។
កាលពីអំឡុងខែមករា អាជ្ញាធរបានចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាន អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ឯកមឹក តារា អគ្គនាយកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ផងដែរ។
កាលពីដើមឆ្នាំ២០១០ យោងតាមស្ថិតិរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបានចេញផ្សាយនៅតាមបណ្តាសារព័ត៌មានមួយចំនួនបានឲ្យដឹងថា យ៉ាងតិចមានចំនួន៣០០ករណីត្រូវបានបង្រ្កាបដោយប៉ូលិស និងមានជនសង្ស័យចំនួន៩០០នាក់បានត្រូវបញ្ជូនទៅកាន់តុលាការ៕