ភ្នំពេញ៖ អតីតព្រះមហាក្សត្រនរោត្តម សីហនុ បានអះអាងសារជាថ្មីនៅថ្ងៃសុក្រនេះ ថាព្រះអង្គនឹងមិនយាងចូលក្នុងជីវិតនយោបាយឡើងវិញនោះទេ។ ព្រះរាជឱង្ការរបស់ព្រះអង្គធ្វើឡើងដំណាលគ្នាជាមួយនឹងការប្រកាសធ្វើនយោបាយឡើងវិញរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ។
នៅក្នុងសេចក្ដីប្រកាសជាចំហពីទីក្រុងប៉េកាំងដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននោះ អតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ បានអះអាងសារជាថ្មីនៅថ្ងៃសុក្រនេះពីការគាំទ្រលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ១០០ ភាគរយ ក្នុងការធ្វើជាប្រមុខរដ្ឋាភិបាល។
សេចក្ដីប្រកាសរបស់អតីតព្រះមហាក្សត្រធ្វើឡើងស្របពេលដែល ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងចេញទៅខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ មុននឹងគេរំពឹងថា ព្រះអង្គនឹងត្រូវប្រកាសធ្វើនយោបាយឡើងវិញជាផ្លូវការនៅថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីព្រះអង្គចូលនិវត្តន៍ពីនយោបាយចាប់តាំងពីការចាញ់ឆ្នោតនៅឆ្នាំ២០០៨ មក។ ហើយសេចក្ដីប្រកាសរបស់ព្រះមហាវីរក្សត្រនរោត្តម សីហនុ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានចំពោះការយាងចូលធ្វើនយោបាយវិញរបស់អតីតប្រធានគណបក្ស ហ៊្វុនស៊ីនប៉ិច។
អតីតព្រះមហាក្សត្រមានព្រះរាជឱង្ការបញ្ជាក់ច្បាស់ៗតាមឃ្លាដើមថា៖
«ខ្ញុំបានចូលនិវត្តន៍ហើយ។ ខ្ញុំនឹងមិនធ្វើនយោបាយតទៅទៀតនោះទេ»។ ព្រះអង្គមានព្រះរាជឱង្ការបន្ថែមថា ព្រះអង្គគាំទ្រលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាប្រមុខដឹកនាំរដ្ឋាភិបាលរហូតទៅដល់ព្រះអង្គអស់ព្រះជន្ម»។
សេចក្ដីប្រកាសរបស់សម្ដេចឪ នរោត្ដម សីហនុ ទំនងជាធ្វើឡើង ដើម្បីបញ្ចប់ការមន្ទិលសង្ស័យណាមួយដែលថា ព្រះអង្គអាចស្ថិតក្នុងចំណោមចន្ទល់នយោបាយ។
នៅក្នុងពិធីសំណេះសំណាលមួយជាមួយសកម្មជននយោបាយនៅក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានពន្យល់ពីហេតុផលដែលព្រះអង្គចូលធ្វើនយោបាយវិញ ដោយយោងទៅតាមតម្រូវការរបស់អ្នកគាំទ្ររបស់ព្រះអង្គ។ ហើយបន្ថែមពីនោះ ព្រះអង្គចង់ឲ្យមានការបង្រួបបង្រួមរវាងគណបក្សរាជានិយមបងប្អូនគូសត្រូវនឹងគ្នា គឺគណបក្សហ៊្វុនស៊ីនប៉ិច ដែលព្រះអង្គធ្លាប់គង់ជាប្រធាន និងគណបក្សជាតិនិយម ដែលនឹងប្តូរឈ្មោះជាគណបក្សនរោត្តម រណឫទ្ធិ វិញ នៅក្នុងសមាជនៅថ្ងៃសៅរ៍នេះ។
«យើងប្រមូលកម្លាំងរាជានិយមឡើងវិញ។ រួបរួមគ្នាឡើងវិញ។ ខ្ញុំយល់ថា មិនមែនបួនកៅអីទេអាចនឹងបានកៅអីច្រើន។ ដូច្នេះសូមការរួបរួមគ្នាផង»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បច្ចុប្បន្នជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទាមទារឲ្យព្រះអង្គបោះបង់តួនាទីនេះចោល ប្រសិនបើព្រះអង្គចង់វិលត្រឡប់មកធ្វើនយោបាយវិញនោះ។ ក៏ប៉ុន្តែ លោកហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលក្តោបក្តាប់អំណាចយ៉ាងណែន បានបញ្ជាក់ថា លោកមិនខ្លាចចំពោះការយាងចូលនយោបាយវិញរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះទេ៕