ភ្នំពេញ៖ លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវបន្ថែមទៀតនៅថ្ងៃពុធនេះ ឲ្យក្រុមអាជ្ញាធរបន្ដធ្វើការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លា ចំពោះគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចបង្កឡើងដោយជំនន់ទឹកភ្លៀង ដ៏រីករាលដាលក្នុងប្រទេស ចាប់តាំងពីថ្ងៃអាទិត្យមកនោះ។ សេចក្ដីអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ័មួយក្នុងទីក្រុងភ្នំពេញ។ លោកថ្លែងដូច្នេះថា៖
«ជាទូទៅគ្រប់ទីកន្លែងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងសភាពការទាក់ទងនឹងជំនន់ទឹកភ្លៀង»។
ការជំរុញរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរ ធ្វើឡើងស្របពេលដែលរបាយការណ៍បឋមៗស្ដីពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបង្ហាញថា បុរសវ័យ៣៥ ឆ្នាំម្នាក់បានលង់ទឹកស្លាប់ និងផ្ទះចំនួន៣៥ខ្នងបានដួលរលំ នៅក្នុងជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ចម្ងាយប្រមាណ១៦ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
លោកជុន សៅ នាយរងខុទ្ទកាល័យខេត្តសៀមរាប បានរៀបរាប់ថា ជនរងគ្រោះបានដើរនៅក្នុងទឹកកាលពីយប់ថ្ងៃច័ន្ទ នៅពេលដែលទឹកភ្លៀងឡើងជន់កាន់តែខ្លាំង ហើយបានធ្លាក់ចូលក្នុងស្រះមួយយ៉ាងជ្រៅ។ លោកបន្តថា៖
«គាត់លង់ទឹក។ គាត់អាយុ៣៥ ឆ្នាំ។ នៅ(ស្រុក)ពួកហ្នឹង ទឹកជន់ពីលើមកខ្លាំង ហើយគាត់ដើរធ្លាក់ស្រះ»។
កម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ហើយបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ ដំណាលគ្នានោះដែរ ទឹកភ្លៀងបានបង្កឲ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួននៅក្នុងប្រទេស ប៉ុន្ដែនៅមិនទាន់មានរបាយការណ៍ស្ដីពីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយនោះទេ។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ថា មានខេត្តក្រុងចំនួន១៣ បានទទួលរងជំនន់ទឹកភ្លៀង ក្នុងនោះ មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប តាកែវ និងកណ្ដាលជាដើម។ ជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តទាំងនោះ បានបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ប៉ុន្ដែ លោកកែវ វី អះអាងថា ការខូចខាតមិនមានលក្ខណៈទ្រង់ទ្រាយធំទេ។ លោកមានប្រសាសន៍ថា៖
«មានការរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៣ រាជធានី ខេត្ត។ មើលទៅប្រហែលជាមានតែខេត្តព្រះសីហនុ និងសៀមរាបទេ ដែលមានការប៉ះពាល់ច្រើន»។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃចន្ទ័ ភ្លៀងនឹងបន្ដធ្លាក់នៅក្នុងខេត្តតាមមាត់សមុទ្រ និងនៅតាមខេត្តក្រុងមួយចំនួនទៀតដូចជា រាជធានីភ្នំពេញ តាកែវ ព្រៃវែង និងស្វាយរៀង រហូតមកទល់នឹងថ្ងៃពុធនេះ។ រហូតមកទល់នឹងល្ងាចថ្ងៃពុធនេះនៅតាមតំបន់ និងខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា នៅតែមានភ្លៀងរលឹមខ្លះៗនៅឡើយ៕