កូនក្រពើប៉ុនដើមដៃមួយក្បាលដែលត្រូវលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្តកាលពីពីរបីថ្ងៃមុន ហើយដែលត្រូវបានអាជ្ញាធរអប្សរានិងរដ្ឋបាលខេត្តសៀមរាបបានរូតរះរត់ រកមធ្យោបាយដើម្បីរុករកនិងចាប់កូនក្រពើនោះចេញពីកសិន្ធុមកវិញ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃនេះ។
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sinath Hun បានបង្ហោះរូបភាពនិងវីដេអូ ខ្លួនឯង ដែលបង្ហាញពីសកម្មភាពលែងកូនក្រពើមួយក្បាលនៅកសិន្ធុប្រាសាទអង្គរវត្ត កាលពីដើមសប្តាហ៍នេះ ហើយត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបណ្តាលឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Sinath Hun នេះបានសរសេរសារថា «ម្សិលម្ងៃបានលែងក្រពើនៅមុខអង្គរមួយក្បាល មានបងប្អូនកូនក្មួយភ័យថា ដល់ពេលវាធំគិតម៉េចទៅ ខ្ញុំគិតថាលែងនៅមុខអង្គរឲ្យវាកាន់ធម៌អាថ៌ វាគ្រាន់បើលែងមនុស្សចិត្តតិរច្ឆាន»។
បើតាមគេហទំព័ររបស់រដ្ឋបាលសៀមរាប កាលពីព្រឹកថ្ងៃសុក្រនេះ កូនក្រពើនេះមានប្រវែងប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកើតកាលពីរបីថ្ងៃមុន។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់វីអូអេថា កម្លាំងមន្ត្រីជំនាញបានត្រៀមនឹងតាមប្រមាញ់ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរកនិងយកកូនក្រពើនេះចេញពីកសិន្ធុ ឬគូទឹកជុំវិញប្រាសាទអង្គរវត្ត ដោយប្រើមធ្យោបាយដូចជាមង សន្ទូច ហើយនឹងកែវឆ្លុះ។
ទោះយ៉ាងណា យោងតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល កូនសត្វក្រពើនេះត្រូវបានប្រជាពលរដ្ឋខ្មែរម្នាក់បានរកឃើញហើយ នៅល្ងាចថ្ងៃសុក្រនេះ មុនពេលដែលក្រុមកងកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការទៅទៀត។
លោកបានប្រាប់វីអូអេថា៖ «វិធីសាស្ត្រដូចជាមិនមានអីទេ តែអាក្រពើវាហើបខ្លួនមក វាពួននៅជិតដើមត្រកួន បាទ កន្លែងហ្នឹងវាមានត្រកួននៅហ្នឹង វាទៅហើបនៅកន្លែងហ្នឹង ហើយគេឃើញ គាត់ហ្នឹងឃើញក៏ចុះចាប់ទៅ»។
លោកបានបន្តថា ខណៈពេលនេះ កូនសត្វក្រពើត្រូវបានបញ្ជូនទៅរដ្ឋបាលជលផលខេត្តសៀមរាបដើម្បីចាត់វិធានការបន្តហើយ។ ទោះយ៉ាងណា លោកមិនបានប្រាប់វីអូអេថា នឹងវិធានការនោះយ៉ាងណាចំពោះស្ត្រីដែលបានព្រលែងសត្វក្រពើចូលទៅក្នុងកសិន្ធុប្រាសាទអង្គរវត្តទេ។
«ធម្មតាយើងមិនដែលយកសត្វអ៊ីចឹងមកព្រលែងកន្លែងសាធារណៈទូទៅឯណា ម៉េចណា ហ្នឹងហើយ វាទាល់តែចាំបាច់តែដាក់ផ្លាកបានថាហាមមិនឲ្យលែងម៉េចណាប្អូនស្រី»។
យោងតាមអ្នកនាំពាក្យដដែល មិនដែលមានអ្នកណាយកសត្វមកលែងទៅកសិន្ធុប្រាសាទអង្គរវត្តពីមុនឡើយ៕