ភ្នំពេញ៖ បន្ទាប់ពីបានបូមខ្សាច់លុបផ្ទះប្រជាពលរដ្ឋនៅតំបន់បឹងកក់ក្រុមហ៊ុន ស៊ូកាគូអ៊ីន បានចាប់ផ្ដើមវាយកម្ទេចផ្ទះជនរងគ្រោះ។ រហូតមកដល់ពេលនេះ យ៉ាងតិចមានផ្ទះជិត ១០ខ្នងត្រូវបានវាយកម្ទេចរាបដល់ដី។
យ៉ាងតិចមានផ្ទះចំនួនប្រាំបីខ្នងត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនវាយកម្ទេចរាបដល់ដីនៅថ្ងៃច័ន្ទនេះ។ ហើយចំនួនរាប់សិបខ្នងផ្សេងទៀត នឹងត្រូវប្រឈមមុខនឹងការវាយកម្ទេចក្នុងពេលឆាប់ៗខាងមុខនេះ។
ការវាយកម្ទេចផ្ទះនេះ បានកើតមានឡើងនៅក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈពេលដែលក្រុមហ៊ុនរបស់លោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា បានបូមខ្សាច់កប់ផ្ទះអ្នកស្រុករួចមក។
ក្រុមអ្នកស្រុករងគ្រោះ និងអ្នកភូមិ ដែលឈរនៅក្បែរៗកន្លែងកើតហេតុ បានត្រឹមតែឈរឱបដៃមើលការវាយកម្ទេចផ្ទះ និងស្រែកប្រឆាំងតវ៉ាចំពោះក្រុមហ៊ុនតែប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនបានប្រើប្រាស់កម្លាំងប៉ូលិសប្រដាប់ដោយអាវុធឈរការពារ។
«អាពត សម័យខ្មែរក្រហមគ្រាន់តែជម្លៀសប្រជាជនចេញពីផ្ទះទេ មិនកម្ទេចផ្ទះ ប្រជាជនទេ។ ចំណែកសម័យតេជោវិញ គឺកម្ទេចផ្ទះប្រជាជនចោល ដេញប្រជាជនចេញពីផ្ទះ»។
អ្នកស្រីឃី រ៉េត អាយុ៥១ឆ្នំា ម្ចាស់សិប្បកម្មបណ្តុះផ្សិតនៅក្នុងភូមិ១ បាននិយាយបណ្តើរភ្នែកសំឡឹងទៅមើលរោងបណ្តុះផ្សិតរបស់អ្នកស្រី ដែលទើបត្រូវគេកម្ទេចរាបដល់ដី។
អ្នកស្រីបាននិយាយថា អ្នកស្រីបានបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន ដោយសារតែក្រុមហ៊ុនបានបំផ្លាញ។
«បងប្អូន កាសែតទំាងអស់គ្នា មើលចុះ នៅអត់បានទេ។ រង់ចាំអត់មានដោះស្រាយឲ្យខ្ញុំឲ្យបានស្រួលបួលទេ បូមពន្លិចតែម្តង»។
ប្រជាពលរដ្ឋផ្សេងទៀត បានអុជធូបដោតនៅលើវាលខ្សាច់ដែលទើបតែនិងបូមថ្មីៗ ដើម្បីដាក់បណ្តាសារតាមព្រះពុទ្ធសាសនា ប្រឆាំងជំទាស់ទៅនឹងការបូមខ្សាច់របស់ក្រុមហ៊ុនស៊ូកាគូអ៊ីននេះ។
«ជិះយន្តហោះរន្ទះបាញ់យន្តហោះ ជិះទូកលិចទូក ជិះឡានក្រឡាប់ឡានស្លាប់តៃហោង។ កុំឲ្យអ្ហែងស្គាល់មានទៀត។ ឲ្យវាស្គាល់តែស្លាប់តៃហោង។ ព្រះអង្គជួយថែរក្សាកូនចៅ»។
ការប្រឆាំងជំទាស់របស់ប្រជាពលរដ្ឋចំពោះក្រុមហ៊ុនស៊ូកាគូអ៊ីនពុំមានអំពើហិង្សាណាមួយបានកើតឡើងទេ។ ក៏ប៉ុន្តែ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន បានចងទង់ជាតិគណបក្សប្រជាជនកម្ពុជានិងចងរូបថត មេដឹកនាំទាំងបីរូបរបស់គណបក្សនេះ ដែលរួមមានលោកជា ស៊ីម លោកហេង សំរិន និងលោកហ៊ុន សែន ក៏ប៉ុន្តែត្រូវបានអាជ្ញាធររឹបអូស។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បាននិយាយថា ទង្វើរបស់អាជ្ញាធរនេះបានរំលោភទៅលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។
«គាត់និយាយលែងចេញ គឺអស់យោបល់ មិនដឹងថា តើនិយាយទៅអ្នកណា ហើយមិនដឹងថា ប្រទេសហ្នឹងមានច្បាប់ មានទម្លាប់ មានអ្នកដឹកនាំ មានរចនាសម្ព័ន្ឋដឹកនាំយ៉ាងម៉េចទេ ព្រោះថា គាត់ព្យាយាមស្វែងរកទេវតា ព្រះឥន្ទ្រឲ្យជួយ។ ក៏ប៉ុន្តែលទ្ធផល គឺមានតែធ្វើគឃ្លើនឲ្យពួកគាត់អស់យោបល់តែម្តង»។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលបានចុះទៅដល់កន្លែងកើតហេតុនេះបានបដិសេធពុំធ្វើអត្ថាធិប្បាយទេ។
«បាទខ្ញុំគ្មានភារកិច្ចទេ។ បងឯងស្តាប់មនុស្សអត់បានទេហ្អី»។
លោក ប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ ក៏ពុំធ្វើអត្ថាធិប្បាយដែរ ដោយលោកបានបង្វែរសំណួរនេះឲ្យទៅសួរមន្រ្តីខុទ្ទកាល័យនៃសាលាក្រុងភ្នំពេញ។
«បាទ អាហ្នឹងសួរគេអ្នកទទួលខុសត្រូវវិញ ព្រោះខ្ញុំមិនទទួលខុសត្រូវលើរឿងហ្នឹងផង។ សួរទៅខុទ្ទកាល័យទៅ បានដឹងគឺការិយាល័យសាលាក្រុង»។
មន្រ្តីខុទ្ទកាល័យនៃសាលាក្រុងភ្នំពេញពុំអាចទាក់ទងជួប ដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែប្រជាពលរដ្ឋបាននិយាយថា នៅថ្ងៃសុក្រសប្តាហ៍នេះ សាលាក្រុងភ្នំពេញនឹងធ្វើការចរចាជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់សំណងដល់ការខូចខាតទាំងនេះ៕