កិច្ចប្រជុំកំពូលសហគ្រិនពិភពលោកប្រចាំឆ្នាំ២០១៧ នឹងចាប់ផ្តើមបើកកម្មវិធីដោយនាយករដ្ឋមន្ត្រី លោក Narendra Modi និង លោកស្រី Ivanka Trump ដែលនេះជាលើកដំបូងដែលអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ភាគច្រើនជាស្រ្តី ដែលមកពី១២៧ប្រទេស ក្រោមប្រធានបទ «ស្រ្តីជាចម្បង ដើម្បីវិបុលភាពទាំងអស់គ្នា»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក និងក្រុមអ្នករៀបចំកិច្ចប្រជុំកំពូលសហគ្រិនពិភពលោកឆ្នាំ២០១៧ក្នុងប្រទេសឥណ្ឌា។
ស្រ្តីកម្ពុជាចំនួន ៧រូបត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសហគ្រិនពិភព លោកប្រចាំឆ្នាំ២០១៧ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយនេះ។ ស្រ្តីម្នាក់ដែលត្រូវបានគេជ្រើសរើសនោះ គឺអ្នកនាង Outhanvatey By ដែលបច្ចុប្បន្នជា នាយិកាគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍អ៊ែរ តេ អ៊ែរ (RTR) បង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍កម្សាន្តទៅក្នុង និងក្រៅប្រទេស។
អ្នកនាង Outhanvatey By បាននិយាយថា៖ «កុំបោះបង់ចោលឲ្យសោះ។ គឺមិនថាទោះបីបរាជ័យ ងើប បរាជ័យ ងើប»។ អ្នកនាង Outhanvatey By ក៏ជាស្ថាបនិកក្រុមហ៊ុន Interexim Co., Ltd ដែលជាក្រុមហ៊ុនជំនួញផលិតផលគ្រឿងសម្អាង និង ក្រុមហ៊ុន NA Brimex Co., Ltd ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានចែករំលែកផ្លូវទៅរកភាពជោគជ័យរបស់អ្នកនាងតាមរយៈវីដេអូមួយដែលបានដាក់នៅលើគេហទំព័រ Facebook របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ។
កិច្ចប្រជុំកំពូលសហគ្រិនពិភពលោក ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និង ប្រទេសឥណ្ឌា នឹងធ្វើឡើងនៅថ្ងៃទី ២៨ រហូតដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។
នេះគឺជាកិច្ចប្រជុំកំពូលសហគ្រិនពិភពលោកប្រចាំឆ្នាំលើកទី ៨ ដែលធ្វើឡើងដើម្បីអបអរស្មារតី និង ភាពចម្រុះរបស់សហគ្រិននៅជុំវិញពិភពលោក ក្រោមប្រធានបទឆ្នាំនេះគឺ «ស្រ្តីជាចម្បង ដើម្បីវិបុលភាពទាំងអស់គ្នា» ។ កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្តើមដោយការថ្លែងសុន្ទរកថាបើកកម្មវិធីដោយនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi និង លោកស្រី Ivanka Trump ដែលជាអ្នកប្រឹក្សាយោបល់លោកប្រធានាធិបតីស.រ.អា និង ជាកូនស្រីច្បងរបស់លោកត្រាំ។
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសហគ្រិនពិភពលោកប្រចាំឆ្នាំ២០១៧នេះ តំណាងឲ្យវិស័យសំខាន់ៗចំនួន៤ គឺ វិស័យថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខភាព និង វិទ្យាសាស្ត្រសិក្សាពីជីវិត វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និង សេដ្ឋកិច្ចឌីជីថល ហើយនិងវិស័យផ្សព្វផ្សាយ និងកម្សាន្ត។
ក្នុងចំណោមអ្នក ដែលត្រូវបានគេជ្រើសរើសទាំង ១.៥០០ នាក់ ដែលមកពី ១៥០ ប្រទេស និង ដែនដីលើពិភពលោក ១ភាគ៣នឹងមកពីសហរដ្ឋអាមេរិក ១ភាគ៣ទៀតមកពីឥណ្ឌា ហើយនិង១ភាគ៣ទៀតមកពីប្រទេសផ្សេងៗលើពិភពលោក។
ស្រ្តីពី ១២៧ ប្រទេស នឹងតំណាងឲ្យ ៥២.៥% ដែលនេះជាលើកទីមួយហើយដែលស្រ្តីគឺជា អុ្នកចូលរួមភាគច្រើននៅកិច្ចប្រជុំកំពូលសហគ្រិនពិភពលោកនេះ។ ចំពោះអាយុវិញ ៣១.៥% នៃអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលគឺ មានអាយុ ៣០ ឬ ក្មេងជាង៣០ ហើយអាយុដែលក្មេងបំផុតនោះគឺមានអាយុ ១៣ឆ្នាំ និង ចាស់បំផុតអាយុ ៨៤ ឆ្នាំ។
អ្នកនាង Outhanvatey By ដែលត្រូវបានគេជ្រើសរើសពីប្រទេសកម្ពុជាឲ្យចូលរួមកិច្ចប្រជុំកំពូលនេះបាននិយាយថា ប្រទេសកម្ពុជាហាក់បីដូចជាកូនក្រមុំមួយ ដែលមិនទាន់តុបតែងខ្លួន ដូច្នេះហើយ ឱកាសពាណិជ្ជកម្មនៅប្រទេសកម្ពុជាគឺនៅមានច្រើនណាស់។ អ្នកនាងសង្ឃឹមថានឹងទទួលបានការជម្រុញទឹកចិត្តកាន់តែខ្លាំង ដោយស្តាប់ពីការឆ្លងកាត់របស់សហគ្រិនស្រ្តីផ្សេងទៀតនៅកិច្ចប្រជុំកំពូលសហគ្រិនពិភពលោកនេះ៕