ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុខ ​អាន​ត្រៀម​យក​ឯកសារ​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​យូណេស្កូ


ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​រៀបចំ​ឯកសារ​សម្រាប់​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ ទៅ​ពន្យល់​ប្រាប់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មការ​បេតិក​ភណ្ឌ​ពិភព​លោក​ ​ខណៈ​ដែល​ប្រទេស​ថៃកំពុង​ខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់។ ​ប្រទេស​កម្ពុជា​មាន​សុទិដ្ឋិ​និយម​ថា​ ​គម្រោង​អភិវឌ្ឍន៍​របស់​កម្ពុជា​នឹង​យក​ឈ្នះ​លើ​ការប្រឆាំង​របស់​ប្រទេស​ថៃ។

លោក​សុខ អាន រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បានថ្លែង​នៅថ្ងៃ​ពុធនេះ​ថា​ ​លោក​បាន​នាំ​យក​ឯកសារ​យុទ្ធសាស្ត្រ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ ​ប្រកប​ដោយ​ផ្លូវ​ច្បាប់​ និង​បច្ចេក​ទេស​ខ្ពស់​ ​ទៅ​ពន្យល់​ប្រាប់​កិច្ចប្រជុំ​ឆ្នាំ​របស់​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ ដើម្បីធ្វើ​ឱ្យ​បរាជ័យ​ដល់​ការ​ព្យាយាម​របស់​ប្រទេស​ថៃ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​សុខ អាន​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ ​មុនពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​ នៅ​ព្រលប់​ថ្ងៃ​ពុធ​នេះ​ថា​ ​គម្រោង​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​ គឺ​មាន​តម្លៃ​ផ្លូវច្បាប់​ និង​បច្ចេកទេស​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ប្រទេស​ថៃ​មិនអាច​បដិសេធ​បាន។

លោក​សុខ អាន​ បាន​បញ្ជាក់​ថា​ ​លោកនឹង​ពន្យល់​អង្គការ​ UNESCO​ ឱ្យ​ច្បាស់លាស់​អំពី​គម្រោង​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោកនឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​ Brazilya ​របស់​ប្រទេស​ប្រេស៊ីល ​ចាប់ពី​ថ្ងៃទី​២៥ ​ខែកក្កដា​ដល់​ថ្ងៃទី​៣ ​ខែសីហា​ ដោយ​លើក​យក​ប្រធាន​បទ​ការអភិរក្ស ​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​សុខ អាន​ បាន​ពន្យល់​ថា​ ​គម្រោង​អភិវឌ្ឍន៍​នៅតំបន់​ប្រាសាទ​ព្រះវិហារ​នេះ​នឹងផ្តោត​ទៅ​លើ​ការ​កសាង​សាលារៀន​ មណ្ឌល​សុខភាព​ ភូមិ​អ្នក​ស្រុក​ និង​ផ្ទះ​សម្បែង​ ផ្សារ​ និង​សារមន្ទីរ​ជាដើម​ ​ហើយ​គម្រោង​អភិរក្ស​សំដៅ​ទៅលើ​ការ​សម្អាតតុបតែង​ ​និងរៀបចំ​ប្រាង្គ​ប្រាសាទ​ឱ្យ​រឹងមាំ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍។​គម្រោង​អភិវឌ្ឍន៍​នេះ​សំដៅ​បង្កើត​ទេសចរណ៍​ធម្មជាតិ​ និង​វប្បធម៌។

តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ថៃ ​កាលពី​ថ្ងៃទី​៦ ​ខែ​កក្កដា​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​Abhisit​ Vejjajiva ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ​Kasit Phirumya ​ជំទាស់​ទៅ​នឹង​ការងារ​បោះ​បង្គោល​ព្រំដែន​ និង​ការអភិវឌ្ឍន៍​នានា​របស់​កម្ពុជានៅតំបន់​ប្រាសាទព្រះវិហារ។

លោក​ Abhisit Vejjajiva​បាន​ប្រកាស​ថា​ ​នឹង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ​រហូតដល់​កំណត់​ព្រំដែន​ច្បាស់លាស់​សិន​ ​ហើយ​បើ​កម្ពុជានៅតែ​បន្ត​សកម្មភាព​ ​វា​ជា​ការ​រំលោភ​សិទ្ធិ​របស់​ថៃ។

រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូបនេះ​ថា​ គ្មាន​មូល​ដ្ឋាន​ច្បាប់ត្រឹម​ត្រូវ​ ​និង​ជា​ការ​បង្កហេតុ​ជាមួយ​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក​សុខ អាន ​បាន​ថ្លែង​ថា​ ​ការ​ប្រឆាំង​របស់​ប្រទេស​ថៃ​លើ​គម្រោង​អភិវឌ្ឍន៍​របស់​កម្ពុជា​នឹង​ទទួល​បរាជ័យ​ ​ពីព្រោះ​អ្វី​ដែល​ប្រទេស​ថៃ​បាន​លើក​ឡើង​ គឺជា​យុទ្ធនាការ​បំពុល​ព័ត៌មាន ​និង​ការធ្វើ​ឱ្យ​យល់​ច្រឡំ​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ថៃ។​ប្រទេស​ថៃ​បាន​បង្ហាញ​នូវ​ចរិត​មិន​សម​រម្យ​ប្រឆាំង​នឹង​ផែនការ​អភិវឌ្ឍន៍​របស់​កម្ពុជា​នេះ។

«យើង​ដាក់​របាយ​ការណ៍​ពីការ​អភិរក្ស​ និង​ការអភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​របស់​យើង​តាម​អនុសាសន៍​របស់​អង្គ​ប្រជុំ​ឆ្នាំទៅ​ ​នៅ​ប្រទេស​អេស្ប៉ាញ​ ​ទីក្រុង​សីវីល​ ​ដែល​គេ​ហៅ​ថា​ ​ការ​ប្រជុំ​លើក​ទី​៣៣។ ​ឥឡូវនេះ​ ​យើង​ទៅ​ប្រទេស​ប្រេស៊ីល​ គឺថា​ ​ប្រជុំ​លើក​ទី៣៤​ ​យើង​អនុវត្ត​តាម​អនុសាសន៍​របស់​ការ​ប្រជុំ​លើក​ទី​៣៣ ​ក្នុង​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ។ ​ហើយ​យើង​បាន​ធ្វើ​ត្រឹមត្រូវ។ យើង​ទៅ។ ​យើង​ការពារ។ ​យើង​អត្ថាធិប្បាយ​ពន្យល់​អំពី​របាយ​ការណ៍​របស់​យើង​ហ្នឹង។​ ខ្ញុំមិន​គិត​ថា ​ថៃ​អាច​រារាំង​អី​បាន​ទេ»។

ប្រទេស​ថៃ​បាន​លើក​កងទ័ព​ចូល​មក​ឈ្លានពាន​លើ​បូរណ​ភាព​ទឹកដី​កម្ពុជា ​នៅក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ នៅថ្ងៃ​ទី១៥​ ខែកក្កដា ឆ្នាំ២០០៨​ ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​ចុះ​នៅក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​ UNESCO៕

XS
SM
MD
LG