ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពិនិត្យ​ឯកសារ​គណបក្ស​ប្រឆាំង​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា


​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធិសភា​ នីតិកាល​ទី​៣​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១២​ ដើម្បី​ជ្រើស​រើស​សមាជិក​សភា​សរុប​ចំនួន​៦១​រូប។
​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធិសភា​ នីតិកាល​ទី​៣​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១២​ ដើម្បី​ជ្រើស​រើស​សមាជិក​សភា​សរុប​ចំនួន​៦១​រូប។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ហៅ​កាត់​ថា ​គជប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ​ខ្លួន​កំពុង​តែ​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ប្រឆាំង​សម្រាប់​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភាខាង​មុន​នេះ ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និងគជប​ បាន​ឯកភាព​ទាំងស្រុង។ តាម​ការជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យដឹង​ថា​ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បេក្ខជន​បោះឆ្នោត​ ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​នេះ។

លោក​ ទេព ​នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ មាន​ប្រសាសន៍​ថា​ មាន​គណបក្ស​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ​ ដែល​បាន​ចុះ​បញ្ជី​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សម រង្សី។​ ចំណែក​ឯ​គណបក្ស​ហ្វុនស៊ិនប៊ិច​ គណបក្ស​នរោត្តមរណឬទ្ធិ​ និង​គណបក្ស​សិទ្ធិ​មនុស្ស​មិន​បាន​ចុះ​បញ្ជី​ទេ។​ លោក​បាន​បញ្ជាក់​ថា​ គជប​ត្រូវ​ការ​ពេល​វេលា​ចំនួន​ប្រាំពីរ​ថ្ងៃ​ដើម្បី​ពិនិត្យ​ឯកសារ​របស់​គណបក្ស​សម រង្សី​ ហើយ​បើ​មាន​អ្វី​ប្រែប្រូល​យើង​នឹង​បញ្ជូន​ឯកសារ​ទៅ​ឲ្យ​គណបក្ស​សម​ រង្សី​ ដោយ​ទុក​រយៈ​ពេល​ឲ្យ​ប្រាំ​ថ្ងៃ​ទៀត​ សម្រាប់​ធ្វើ​ការកែ​តម្រូវ។

«ព្រោះ​រយៈ​ពេល​ពិនិត្យ​លើ​បញ្ជី​នេះ​ ត្រឹម​ប្រាំពីរ​ថ្ងៃ​ ហើយ​ពិនិត្យ​លើ​ឯកសារ​នេះ​ បើ​ត្រឹមត្រូវ​ឬ​អត់​ ព្រោះ​វា​ទាក់ទង​ទៅ​នឹង​បេក្ខជន​ច្រើន​ជាង​១០០​បេក្ខជន។ យើង​ពិនិត្យ​តាម​ឯកសារ​នេះ​ បាន​ត្រឹមត្រូវឬ​អត់​បាទ​ ហើយ​យើង​នឹង​កំណត់​រយៈ​ពេល​គ្រប់​ប្រាំពីរ​ថ្ងៃ​ដើម្បី​កំណត់​ យ៉ាង​ណា​ក្នុង​ការ​ខ្វះ​ខាត​តាម​ធម្មតា​យើង​អនុញ្ញាត​ឲ្យ​គាត់​កែ​ក្នុង​រយៈ​ពេល​ប្រាំថ្ងៃ​ទៀត»។

ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធិសភា​ នីតិកាល​ទី​៣​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១២​ ដើម្បី​ជ្រើស​រើស​សមាជិក​សភា​សរុប​ចំនួន​៦១​រូប។ អ្នក​មាន​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​សមាជិក​សភា​រួម​មាន​អ្នក​តំណាង​រាស្រ្ត​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​សភា​តំណាងរាស្ត្រ​ចំនួន​៩០​នាក់​ សមាជិក​ឃុំ​សង្កាត់​ចំនួន​៧.៩៩៣​នាក់។​ ចំណែក​ឯ​គណបក្ស​សម រង្សី​ មាន​សមាជិក​សភា​តំណាង​រាស្ត្រ​ចំនួន​២៦​រូប​ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​២.៦៦០​នាក់​ គណបក្ស​ហ្វុនស៊ិនប៊ិច​ ចំនួន​២៧៤​នាក់​ គណបក្សនរោត្តម​រណឬទ្ធិ​ ចំនួន​៤២៥​នាក់​ គណបក្ស​ហង្សដារ៉ា​ចលនា​ប្រជាធិបតេយ្យ​ចំនួនម្នាក់។​ សរុប​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ចំនួន​១១.៣៥៣​នាក់។

លោក​ គួយ ​ប៊ុនរឿន​ សមាជិក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សម ​រង្សី ​និង​ជា​អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​បាន​និយាយ​ថា បេក្ខជន​ដែល​បាន​បញ្ជូន​ទៅ​ចូល​រួម​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធិសភា​រួម​មាន​អ្នក​តំណាងរាស្ត្រ​ចំនួន​ប្រាំ​រូប​ និង​មួយ​ចំនួន​ទៀត​ អ្នក​ដែល​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​គណបក្ស​សម ​រង្សី។ គណបក្ស​សម​ រង្សី​ នឹង​រំពឹង​ថា​ នឹង​ទទួល​បាន​១១​អសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​ខាង​មុខ​នេះ។

«យើង​ត្រូវ​ផ្តល់​តម្លៃ​ ដើម្បី​ឲ្យ​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​ ដើម្បី​ឲ្យ​បន្ត​ការងារ​ជួយ​ដឹកនាំ​ប្រទេស​ជាតិ​ និង​គណបក្ស​ឲ្យ​បាន​ការរីកចម្រើន ​នា​ពេល​ខាង​មុខ»។

បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​រួម​ទាំង​បេក្ខជន​បម្រុង និង​បេក្ខជន​ពេញ​សិទ្ធ​មាន​ចំនួន​១៤​នាក់​មក​ពី​គណបក្ស​នយោបាយ​នីមួយៗ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ ដែល​ស្នើរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ បេក្ខជន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​គឺ​ជា​មន្ត្រី​វ័យ​ចំណាស់​ដែល​ត្រូវ​បាន​ជ្រើស​ចេញ​ពី​សមាជិក​រដ្ឋសភា។ មាន​សមាជិក​ព្រឹទ្ធសភា​តែ​៥៧​រូប​ប៉ុណ្ណោះ​ដែលត្រូវ​បាន​ជ្រើស​ចេញ​ពី​ការបោះឆ្នោត។ ​ចំណែក​ឯ​នៅ​សេសសល់​ចំនួន​បួន​រូប​ផ្សេង

ទៀត​គឺ​ពីរ​រូប​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​និង​ពីរ​រូប​ទៀត​ចេញ​ពី​ការបោះឆ្នោត​រដ្ឋសភា៕

XS
SM
MD
LG