ការស្វែងយល់ពីប្រវត្តិសាស្រ្តច្បាស់លាស់ពីប្រទេសកម្ពុជា និងថៃនឹងជួយដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជៀសវាងបាននូវទំនាស់ក្នុងពេលអនាគត។ នេះបើតាមការអះអាងរបស់ក្រុមអ្នករៀបចំសិក្ខាសាលាដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនៅសាកលវិទ្យាល័យថាំម៉ាសាត (Thammasat) ប្រទេសថៃដើម្បីពិនិត្យមើលទំនាក់ទំនង និងការវិវត្តចុងក្រោយនៃប្រទេសទាំងពីរដែលឈានរហូតដល់ការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមលោក សុងគៀត គុលវុឌ្ឍវីឡាស អ្នករៀបចំសិក្ខាសាលាដែលមានឈ្មោះថា «ប្រទេសខ្មែរ-សៀម៖ ទំនាក់ទំនងជាមិត្តភក្តិនិងជាសត្រូវ» បញ្ជាក់ថា សិក្ខាសាលានេះអាចជាដំណោះស្រាយមួយជួយឱ្យយល់ដឹងអំពីជម្លោះរវាងប្រទេសទាំងពីរ ហើយថា មនុស្សជំនាន់ក្រោយនៅប្រទេសថៃចង់ឃើញសន្តិភាពមួយរវាងប្រជាជាតិទាំងពីរ។ លោកថ្លែងថា៖
«ខ្ញុំជឿថា សិក្ខាសាលានេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសថៃនិងកម្ពុជា។ មនុស្សជំនាន់ថ្មីដែលជានិស្សិត ចង់ឃើញសន្តិភាពរវាងប្រទេសថៃនិងកម្ពុជា»។
មានអ្នកចូលរួមច្រើនជាងចំនួនដែលគេរំពឹងទុក គឺមានរហូតដល់ទៅជាង៦០០នាក់ដែលភាគច្រើនជានិស្សិត សាស្រ្តាចារ្យ អ្នកជំនួញ និងមន្ត្រីរដ្ឋាភិបាល។ ក្នុងនោះមានឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃគឺលោកស្រី យូ អយ និងលោក កាសិត ភីរម្យ រដ្ឋមន្រ្តីការបរទេសថៃដែរ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ការចូលរួមរបស់ស្ថានទូតកម្ពុជាគឺជាការជួយបកស្រាយពីប្រវត្តិសាស្រ្ត និងលើកជាសំណូមពរឱ្យក្រុមអ្នកស្រាវជ្រាវរបស់ថៃទទួលបាននូវព័ត៌មានពិតពីប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ។ លោក កុយ គួងបន្ថែមទៀតថា៖
«គាត់ទៅបំភ្លឺក៏ដូចជាជំរុញឱ្យសាស្រ្តាចារ្យក៏ដូចជាអ្នកសិក្សាស្រាវជ្រាវថៃបង្រៀនប្រវត្តិសាស្រ្តឱ្យយកប្រវត្តិសាស្រ្តពិតប្រាកដដោយមិនញុះញង់បង្កជាតិសាសន៍ ដើម្បីឱ្យយល់ពីប្រវត្តិសាស្រ្តត្រឹមត្រូវកុំឱ្យក្លែងក្លាយប្រវត្តិសាស្រ្ត ញុះញង់ប្រវត្តិសាស្រ្តមិនពិតដែលនាំឱ្យមានការច្រឡំមករហូតពីជំនាន់មួយទៅជំនាន់មួយ»។
អ្នករៀបចំមិនបញ្ជាក់លម្អិតពីការសម្រេចដែលបានមកពីការជួបប្រជុំនេះ ថានឹងត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានយល់ដឹងទូលំទូលាយនៅក្នុងស្រទាប់ប្រជារាស្រ្តថៃទេ។ នៅពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិកសួរថា តើអ្វីដែលបានលើកឡើង និងបកស្រាយក្នុងអង្គសិក្ខាសាលានេះ អាចនឹងចែកចាយដល់ក្រុមបាតុករថៃ ដែលកំពុងធ្វើការតវ៉ានៅប្រទេសថៃទេ លោក សុងគៀត បានបញ្ជាក់ថា៖
«ទេៗ! យើងមិនចង់ជួបក្រុមបាតុករទេ ពីព្រោះយើងដឹងថា ក្រុមបាតុករមានគំនិតរបស់គេដែលយើងមិនអាចនិយាយប្រាប់ពួកគេបានអំពីសាច់រឿងពិតទាក់ទងនឹងជម្លោះនេះ»។
ទោះបីជាយ៉ាងណាក៏ការរៀបចំសិក្ខាសាលានេះត្រូវបានអ្នកស្រាវជ្រាវជាន់ខ្ពស់ខ្មែរយល់ឃើញថា ជាការគ្រាន់តែជួយលើកមុខមាត់របស់ថៃក្នុងពេលកំពុងមានវិបត្តិ ហើយជាជំហរ កម្ពុជាតែងតែចង់បំភ្លេចប្រវត្តិកាលឈឺចាប់កន្លងមកនឹងសម្លឹងទៅរកអនាគតជាអ្នកជិតខាងល្អនឹងគ្នា។
លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សារាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា៖
«ខ្ញុំឃើញថា កត្តាដែលយើងអាចនឹងធ្វើឱ្យមានភាពសុខដុមរមនារស់នៅជាមួយគ្នាបានតទៅថ្ងៃអនាគតគឺមិនមែនភាគីខ្មែរទេដែលអ្នកត្រូវរក ឬអ្នកដែលត្រូវកសាងនូវអ្វីដែលជាកត្តាដើម្បីឱ្យមានសុខដុមរមនាជាមួយគ្នា គឺភាគីថៃទេដែលត្រូវតែផ្លាស់ប្តូរទស្សនៈ គំនិតស្មារតីរបស់ខ្លួនជាមុន។ ទីពីរថៃខ្លួនឯងត្រូវតែទទួលស្គាល់ការណ៍ពិតរបស់ប្រវត្តិសាស្រ្ត។ ទីបី ថៃត្រូវតែទទួលស្គាល់ការណ៍ពិតដែលបញ្ជាក់អំពីវប្បធម៌អក្សរសាស្រ្តរបស់ខ្លួនឱ្យបានច្បាស់លាស់»។
វីអូអេមិនអាចទាក់ទងការិយាល័យរបស់លោករដ្ឋមន្រ្តីការបរទេសថៃបានទេ ក៏ប៉ុន្តែអ្នករៀបចំបានបញ្ជាក់ថា លោកបានសម្តែងការចង់ឃើញសន្តិភាពរវាងប្រទេសទាំងពីរក្នុងនាមជាសមាជិកអាស៊ាននិងក្នុងក្របខ័ណ្ឌសហគមន៍អាស៊ានដែលត្រូវចូលជាធរមាននៅឆ្នាំ២០១៥៕