នៅលើដំបូលនៃមជ្ឈមណ្ឌលមេតាហាវស៍ ជាប់នឹងផ្លូវសុធារស ក្បែរប្លុកបៀលឌិញដ៏ល្បីល្បាញ មនុស្សប្រមាណជា ៣០ នាក់ ភាគច្រើនគឺជាជនជាតិលោកខាងលិច បានអង្គុយទស្សនាខ្សែភាពយន្ដរឿង«សត្រូវរបស់ប្រជាជន» ដែលជាភាពយន្ដឯកសារផ្តោតលើមូលហេតុនៃការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជារបស់ពួកខ្មែរក្រហម។
ផលិតករខ្សែភាពយន្ដរយៈពេល ៩៣ នាទីនេះ គឺលោក ថេត សម្បតិ្ត និង លោកលោក រ៉ប ឡេមគីន (Rob Lemkin) ជនជាតិអង់គ្លេស ហាក់បីដូចជាកំពុងស្ថិតនៅក្នុងការប្រឹងប្រែងមួយដើម្បីទទួលបានឱកាសបញ្ជ្រាបភាពយន្ដឯកសាររបស់ខ្លួនដល់ស្រទាប់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែទូលំទូលាយជាងនេះ ក៏ប៉ុន្ដែ ប្រាំមួយខែមកហើយ សហផលិតករទាំងពីរបានស្នើសុំអាជ្ញាប័ណ្ណពីនាយកដ្ឋានភាពយន្ដរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបានការទទួលស្គាល់ពីរដ្ឋាភិបាលចំពោះស្នាដៃរបស់ខ្លួន ហើយការរង់ចាំនៅតែមិនទាន់មានចម្លើយ។
លោក ថេត សម្បត្តិ បានបញ្ជាក់ថា៖
«សោកស្ដាយដែរដែលថា មន្ដ្រីមួយចំនួនមិនទាន់អនុញ្ញាតឲ្យមានឯកសារនេះព្រោះគំនិតខ្ញុំគឺថា ចង់យកឯកសារនេះបញ្ចាំងតាមជនបទ ដើម្បីឲ្យប្រជាជនខ្មែរយើងបានមើលព្រោះគាត់ជាជនរងគ្រោះ ឯកសារនេះជាគំរូមួយសម្រាប់អ្នកផ្សេងៗទៀតសម្រាប់ឲ្យចេញមកនិយាយព្រោះថា ពួកគាត់បានចេញមកនិយាយដោយភាពស្មោះត្រង់ ហើយគាត់គ្មានការរងគ្រោះអ្វីពីការនិយាយនេះ។ ហើយបើសិនជាគេនៅតែមិនផ្ដល់សិទ្ធិបញ្ចាំង ខ្ញុំគិតថា វាជាការខាតមួយធំណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ»។
នៅក្នុងភាពយន្តនោះ នួន ជា បានសារភាព បើកកកាយពីការសម្រេចចិត្តក្នុងការចាប់ និងសម្លាប់សមាជិកបក្សកុម្មុយនីស្ដ ដែលត្រូវគេចាត់ទុកថា ជាខ្មាំង និងជាអ្នកបំផ្លាញសង្គមកុម្មុយនីស្ដដ៏ស្អាតស្អំ។
អតីតឃាតករ បានសារភាពពីការសម្លាប់ខ្មែរដូចគ្នា។ ពួកគេបានសារភាពថា គេបានវះទ្រូងជនរងគ្រោះដើម្បីយកប្រម៉ាត់ មកលាយជាមួយស្រាផឹក។ រួមទាំងប្រព័ន្ធបញ្ជាការសម្លាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ក៏ប៉ុន្ដែគ្មានអ្នកណាម្នាក់បានដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយការបញ្ជាទាំងនោះទេ។
នេះគឺជាខ្សែភាពយន្ដឯកសារតែមួយគត់ដែលមានមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសារភាពនូវទង្វើនិងការសម្រេចចិត្តរបស់ខ្លួន។ ផលិតករខ្សែភាពយន្ដនេះ បានចំណាយរយៈពេលអស់ដប់ឆ្នាំដើម្បីសម្រេចសា្នដៃនេះ។
លោក ស៊ីន ច័ន្ទឆាយា ប្រធាននាយកដ្ឋានភាពយន្ដនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន ប្រសាសន៍ថា ខ្លឹមសារនៃខ្សែភាពយន្ដឯកសារទំនងជាមិនមានបញ្ហាដែលជាឧបសគ្គដល់ការផ្ដល់អាជ្ញាប័ណ្ណនោះទេ។
«ជាផ្លូវការមិនទាន់មានលិខិតជាផ្លូវការរបស់គាត់ទៅក្រសួងនៅឡើយទេ។ ទីមួយ ខ្ញុំមិនដឹងថា អ្នកណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដរបស់ខ្សែភាពយន្តហ្នឹង ទីពីរ វានៅជាការសន្ទនាជាភាសាអង់គ្លេសនៅឡើយ។ ហើយខ្ញុំបានមើលរឿងរបស់គាត់ដូចជាមិនមានបញ្ហាអ្វីទេ ប៉ុន្ដែគ្រាន់តែការសមេ្រចស្ថិតលើក្រសួង»។
អ្នកបានទស្សនាខ្សែភាពយន្ដឯកសារ បានផ្ដល់តម្លៃដល់ការខិតខំច្រងក្រងនូវឯកសារជាភាពយន្ដនេះ។
លោក Andrew Jones អ្នកទស្សនាម្នាក់មានប្រសាសន៍ថា នេះគឺជាខ្សែភាពយន្ដដ៏ល្អមួយ ហើយរដ្ឋាភិបាលកម្ពុជា គួរតែឲ្យតម្លៃលើស្នាដៃនេះ។
«ខ្ញុំបាននិយាយថា ខ្ញុំបានគិតថា គឺជាខ្សែភាពយន្ដដ៏អស្ចារ្យ។ នៅប្រទេសកម្ពុជា មានការលុបបំបាត់ នូវប្រវត្តិសាស្ដ្រជាច្រើន។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាជាច្រើននឹងបានទស្សនាខ្សែភាពយន្ដនេះ ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលមិនធ្វើការជំទាស់ និងលុបបំបាត់រឿងនេះចោលនោះទេ»។
ទស្សនិកជនម្នាក់ទៀតដែលសុំមិនឱ្យបញ្ចេញឈ្មោះមានប្រតិកម្មស្រដៀងគ្នា៖ «វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយល់ពីប្រវត្តិសាស្ដ្ររបស់ពួកគេដឹងអំពីអ្វី ដែលបានកើតឡើង»។
លោក ឃឹម សុផាន់ណា អ្នកគ្រប់គ្រងកម្មវិធីរបស់មូលនិធិណូម៉ាន់ហ្វ្រេដឌ្រិក របស់អាល្លឺម៉ង់ ដែល ធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម មានសេចក្ដីរីករាយ បន្ទាប់ពីបានឮការសារភាពបន្ដិចបន្តួចជាលើក ដំបូងរបស់អតីតមេដឹកនាំខ្មែរក្រហម និងកម្មាភិបាលខ្មែរក្រហម។
«ឃើញថា ខ្សែភាពយន្ដនេះ ជាលើកទីមួយដែលគាត់បញ្ជាក់ថា គាត់សម្លាប់ខ្មាំងស៊ីរូងផ្ទៃក្នុង ឬសម្លាប់ ដើម្បីការពារប្រទេសជាតិ ដែលកន្លងមកគាត់លាក់បាំង ឬគាត់មិនឆ្លើយការពិត។ ខ្ញុំសូមសរសើរលោក សម្បត្តិ ដោយស្មោះដែលគាត់ចំណាយរយៈពេលដប់ឆ្នាំនៃជីវិតគាត់ដើម្បីស្រាវជ្រាវ ធ្វើឲ្យមនុស្សម្នាក់ដែលអាថ៌កំបាំងបំផុត និយាយពីការពិតខ្លះៗ»។
លោក ថេត សម្បតិ្ត បច្ចុប្បន្នជាអ្នកយកព័ត៌មានឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ ក៏ជាតួអង្គសំខាន់មួយរូបនៅក្នុងខ្សែភាពយន្ដឯកសារនេះ ដែលបាននិយាយពីជីវប្រវត្តិរបស់គ្រួសាររបស់លោកផ្ទាល់ផង និង គឺជាតួអង្គចោទសួរទៅលើអតីតកម្មាភិបាលខ្មែរក្រហមផងដែរ។
លោក បានធ្វើបទអត្ថាធិប្បាយនៅក្នុងនោះថា នៅសម័យកម្ពុជាប្រជាធិបតេយ្យពួកខ្មែរក្រហម បានបង្កើតនិន្នាការពីរផ្ទុយគ្នា គឺមានខ្មែរក្រហមមួយផ្នែកចង់ងាកទៅរកប្រទេសវៀតណាម និងខ្មែរ ក្រហម មួយផ្នែកទៀត ដូចជា នួន ជា អតីបងធំទី២ និងប៉ុល ពត បងធំទី១ និងជា មេស្ថាបនិករបបខោអាវខ្មៅ គឺជាអ្នកដែលមានទំនោរងាកទៅរកប្រទេសចិន។ នៅក្នុងសាច់រឿងក៏បានបង្ហាញពីទស្សនកិច្ចនៃប្រតិភូជាន់ខ្ពស់របស់ប្រទេសចិននៅក្នុងរបបខ្មែរក្រហម ដោយមានការសន្ទនាជាភាសាចិនទៀតផង។
ខ្សែភាពយន្ដរឿង «សត្រូវរបស់ប្រជាជន» បានបញ្ចាំងជាលើកដំបូងនៅក្នុង មហោស្រពខ្សែភាពយន្ដ សាន់ដាន ហ្វីម ហ្វេស្ទីវ៉ល ទីក្រុង Park City រដ្ឋយូថា សហរដ្ឋអាមេរិក កាលពីខែមករា។ នៅពេលនោះខ្សែភាពយន្ដបានទទួលរង្វាន់ Special Jury Prize ដែលជារង្វាន់កម្រិតខ្ពស់មួយក្នុងចំណាត់ថ្នាក់ភាពយន្ដឯកសារ។ ហើយបន្ទាប់មកខ្សែភាពយន្ដ ដដែលនេះត្រូវយកមកបញ្ចាំងដើម្បីយកកម្រៃនៅមជ្ឈមណ្ឌលមេតាហូវស៍ កាលពីខែសីហា មុននឹងបញ្ចាំងជាលើកទីពីរ កាលពីថ្ងៃអង្គារ៍ រហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។
លោក Nico Mesterharm នាយកមជ្ឈមណ្ឌលមេតាហូវស៍ មានប្រសាសន៍ថា ទស្សនិកជនថ្មីៗចង់ទស្សនាខ្សែភាពយន្ដនេះ។
យោងតាមលោក ថេត សម្បត្តិ រហូតមកទល់ពេលនេះ ខ្សែភាពយន្ដរបស់លោក បានទទួលរង្វាន់ប្រមាណជា ១០ រង្វាន់ផ្សេងៗគ្នា។ ហើយខ្សែភាពយន្ដនេះកំពុងតែស្ថិតនៅក្នុងការសម្រាំងសម្រាប់ការប្រកួតផ្ដាច់ព្រាត់សម្រាប់ពានរង្វាន់អូស្កា ដ៏មានសារៈសំខាន់។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន ១,៧ លាននាក់។ ជនជាប់ចោទចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ក្នុងនោះមាននួន ជា ខៀវ សំផន អៀង សារី ប្រពន្ធរបស់គាត់អៀង ធីរិទ្ធ និង ឌុច អតីតប្រធានគុកទួលស្លែង។
កាលពីដើមឆ្នាំនេះ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមបានស្នើសុំដល់ក្រុមផលិតខ្សែភាពយន្ដឯកសាររឿង«សត្រូវរបស់ប្រជាជន» ដើម្បីឲ្យពួកគេផ្ដល់ភាពយន្ដនេះដល់សាលាក្ដីដើម្បីពិនិត្យមើលថា តើខ្សែភាពយន្ដនេះមានសារៈសំខាន់ដល់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០២ ដែលមាន នួន ជា ស្ថិតនៅក្នុងនោះដែរ ឬយ៉ាងណា។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីពិសេសនេះ មានប្រសាសន៍ថា ក្រុមផលិតខ្សែភាពយន្ដនៅមិនទាន់ផ្ដល់ភាពយន្ដនេះនៅឡើយ ខណៈដែលការស៊ើបអង្កេតក្នុងសំណុំរឿង០០២ ត្រូវបានបិទបញ្ចប់៕