រដ្ឋមន្រ្តីក្រសួងបរិស្ថានពីប្រទេសអាស៊ីចំនួន៦ កំពុងជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញដើម្បីសម្រេចពីរបៀបដែលពួកគេនឹងធ្វើការងារជាមួយគ្នា ដើម្បីធ្វើឲ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារបរិស្ថាននៅក្នុងតំបន់មួយដែលរួមមានទន្លេដ៏វែងបង្អស់និងសម្បូរជីវចម្រុះបំផុតមួយក្នុងពិភពលោក។
ក្នុងឆ្នាំ២០០៥ ប្រទេសដែលបែងចែកទន្លេមេគង្គប្រវែង៤.៨០០គីឡូម៉ែត្របានបង្កើតផែនការរយៈពេល៥ឆ្នាំដើម្បីធ្វើឲ្យឯកភាពកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យមានតុល្យភាពរវាងការការពារបរិស្ថានជាមួយនឹងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។
កម្មវិធីមានទឹកប្រាក់៣០លានដុល្លារនេះ ដែលមានឈ្មោះថា«កម្មវិធីបរិស្ថានស្នូលនិងការផ្តួចផ្តើមរបៀងអភិរក្សជីវចម្រុះ» (Core Environmental Program and Biodiversity Conservation Corridors Initiative) នឹងផុតកំណត់នៅខែធ្នូ។ ប្រទេសទាំង៦ក្នុងមហាអនុតំបន់ទន្លេមេគង្គមានប្រទេសចិន ភូមា ឡាវ កម្ពុជា និងវៀតណាមនិងរដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ប្រទេសទាំងនោះបានយល់ព្រមជាគោលការណ៍ឲ្យបន្តកម្មវិធីនោះរហូតដល់ឆ្នាំ២០១៦។ ផែនការនេះត្រូវគេរំពឹងថានឹងទទួលការអនុម័តជាផ្លូវការនៅខែធ្នូខាងមុខ។
លោក Sanath Ranawana ជាអ្នកឯកទេសជាន់ខ្ពស់ខាងប្រភពធនធានធម្មជាតិនៅធនាគារអភិវឌ្ឍន៍អាស៊ី ដែលគ្រប់គ្រងកម្មវិធីនោះ។ លោកពន្យល់ពីមូលហេតុដែលការពិភាក្សាបែបនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋច្រើនលាននាក់នោះ។
«មហាអនុតំបន់ទន្លេមេគង្គ (GMS) គឺជាតំបន់មួយដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ហើយសក្តានុពលសម្រាប់ការរីកលូតលាស់នៅតំបន់នេះ មានភាពធំសម្បើមណាស់ ប្រទេសនានាដូចជាចិន ប្រទេសជិតខាងផ្សេងៗទៀតដូចជាឥណ្ឌូណេស៊ី ឬ ឥណ្ឌាដែលត្រូវការប្រភពធនធាននិងផលិតផលយ៉ាងសម្បើមមកពីតំបន់នោះ។ ហើយកម្មវិធីនេះមានសារៈសំខាន់ និងចាំបាច់ដើម្បីឲ្យមានតុល្យភាពទៅនឹងអ្វីដែលតំបន់នេះ ប្រហែលធ្វើក្នុងពេលអនាគត ការអភិវឌ្ឍនៅពេលអនាគត ពីរបៀបដែលតំបន់នោះអាចរៀបចំចាត់ចែងប្រភពធនធានរបស់ខ្លួនប្រកបដោយចីរភាពមួយ។»
ទន្លេមេគង្គនិងដៃរបស់វាជាកន្លែងសម្បូរត្រីទឹកសាបដ៏ច្រើនបង្អស់មួយនៅក្នុងពិភពលោក ក៏ប៉ុន្តែ ពួកអ្នកបរិស្ថានព្រមានថា ទន្លេនោះកំពុងទទួលរងនូវការគំរាមកំហែងកាន់តែកើនឡើងពីជាតិកខ្វក់ហើយនឹងទំនប់វារីអគ្គីសនី។
ក្រុមអ្នកបរិស្ថានមានការភ័យខ្លាចថាទំនប់អាចធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់បរិមាណត្រីដែលធ្វើបម្លាស់ទី ក៏ដូចជាលំហូរនៃការកកើតដីល្បាប់ដែលការពារតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាមខាងត្បូង។
សំណើដ៏ចម្រូងចម្រាស់បំផុតមួយគឺទំនប់ទឹកសាយ៉ាប៊ូរី (Xayaburi) ដែលមានតម្លៃ៣.៨០០លានដុល្លារនៅក្នុងប្រទេសឡាវ ក៏ប៉ុន្តែ បន្ទាប់ពីមានការដាក់សម្ពាធពីប្រទេសនៅចរន្តទឹកខាងក្រោមគឺកម្ពុជា និងវៀតណាម កាលពីពេលថ្មីៗនេះ មន្រ្តីឡាវបាននិយាយថាពួកគេផ្អាកការសាងសង់នេះ។
សារៈសំខាន់របស់ទន្លេមេគង្គដល់ប្រទេសកម្ពុជាបានត្រូវលើកយកមកបញ្ជាក់ដោយនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានប្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថាការរៀបចំចាត់ចែងប្រភពធនធានទឹកទន្លេជាបញ្ហាអាយុជីវិតសម្រាប់ប្រជាពលរដ្ឋដែលពឹងផ្អែកលើទន្លេនោះ។
ឡាវក៏មើលឃើញដែរថា ទន្លេនោះជាមធ្យោបាយដ៏សំខាន់មួយដើម្បីធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចដ៏ក្រីក្ររបស់ខ្លួនដោយការបង្កើតអគ្គីសនីមកពីទំនប់វារីអគ្គីសនីសម្រាប់តំបន់ដែលស្រេកឃ្លានថាមពលនេះ។
លោក Sanath Ranawana នៃធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ការភ្ជាប់កម្មវិធីថាមពលទៅនឹងបរិស្ថាន ជាចំណុចស្នូលនៃដំណាក់កាលទី២របស់កម្មវិធីនោះ។ វាក៏នឹងភ្ជាប់បរិស្ថានទៅនឹងការសម្រេចចិត្តនៃការវិនិយោគក្នុងវិស័យសំខាន់ផ្សេងៗទៀតដូចជា កសិកម្ម ទេសចរណ៍ និងការដឹកជញ្ជូន។
«យើងបានបញ្ជាក់យ៉ាងច្បាស់ ហើយប្រទេសផ្សេងៗទៀតទទួលស្គាល់យ៉ាងពិតប្រាកដថា បរិស្ថានជាចំណុចស្នូលមួយដែលពួកគេត្រូវការគិតគូ។ សេវាកម្មប្រព័ន្ធអេកូឡូហ៊្សីដែលកើតចេញពីការអភិរក្សទេសភាពជាអ្វីដែលទ្រទ្រង់កម្មវិធីសេដ្ឋកិច្ចនេះ គឺការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ ដូច្នេះ កសិកម្ម វារីអគ្គីសនី ផ្នែកទាំងអស់នោះដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវផ្អែកលើការមានសេវាកម្មប្រព័ន្ធអេកូឡូហ៊្សីដ៏មានតម្លៃមួយ។»
នៅកោះបាលីកាលពីសប្តាហ៍មុន លោកស្រី Hillary Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់វេទិកាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហភាពអឺរ៉ុបដើម្បីធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានក្នុងតំបន់ទន្លេមេគង្គខាងក្រោម។ លោកស្រីក៏អំពាវនាវឲ្យផ្អាកការសាងសង់ទំនប់ថ្មីទាំងអស់រហូតទាល់តែមានការវាយតម្លៃដ៏ពេញលេញដល់ផលប៉ះពាល់បរិស្ថានរបស់ប្រទេសទាំងនោះជាមុនសិន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន