ភ្នំពេញ — អ្នកស្រី ផន ស្រីរ័ត្ន និងស្វាមីរៀបអាពាហ៍ពិពាហ៍នៅដើមឆ្នាំមុន ហើយមានផែនការកសាងគ្រួសារ ដោយសម្រេចយកកូនក្នុងឆ្នាំនេះ ដោយសារឪពុកម្តាយរបស់អ្នកទាំងពីរជឿថា កូនកើតឆ្នាំជូត ជាឆ្នាំល្អដល់ក្រុមគ្រួសារ។
ស្រីរ័ត្ន វ័យ២៧ឆ្នាំ ដែលកំពុងត្បាញកន្ទេលជាមួយម្តាយ បានឆ្លៀតពេលសន្ទនាជាមួយវីអូអេតាមទូរស័ព្ទជាវីដេអូពីផ្ទះរបស់អ្នកស្រីនៅស្រុកមុខកំពូល ខេត្តកណ្តាលថា៖ «អារម្មណ៍និយាយទៅភ័យភ័យខ្លាំងហ្មង»។
អ្នកស្រីបន្ថែមថា៖ «ដោយសារតែទី១យើងកូនដំបូង។ រឿងពេលសម្រាលមិនដឹងថា សម្រាលធម្មជាតិបានឬមួយត្រូវវះកាត់។ អ៊ីចឹងអាហ្នឹងបញ្ហាមួយដែលបារម្ភ…ដល់ពេលចូលកូវីដ (កូវីដ១៩) មកមួយទៀត រឹតតែបារម្ភទៀតព្រោះបើតាមព័ត៌មានគឺវាឆ្លងលឿន។ហើយយើងអ្នកមានកូនអ៊ីចឹងព្យាបាលវាយ៉ាប់ជាងគេអ្នកអត់មានកូន។អ៊ីចឹងរាងបារម្ភ…បារម្ភខ្លាំងកន្លែងហ្នឹង»។
ខែក្រោយនេះ ស្រីរ័ត្ន ត្រៀមសម្រាលកូនដំបូង ដែលជាកូនស្រី។
ស្រីរ័ត្នគឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីប្រហែល ៣៦ម៉ឺននាក់ ដែលនឹងផ្តល់កំណើតឲ្យកូននៅក្នុងឆ្នាំនេះ។ ការរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យស្ត្រីមានផ្ទៃពោះ ដូចជាស្រីរ័ត្នបារម្ភទ្វេរដង អំពីសុវត្ថិភាពក្នុងការសម្រាលកូន និងលទ្ធភាពនៃការឆ្លងជំងឺនេះ។
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា កើនដល់ជាង១២០ករណី។ ជំងឺនេះបានធ្វើឲ្យមនុស្សជាងមួយសែននាក់ បាត់បង់ជីវិត និងបានចម្លងដល់មនុស្សជាងមួយលាននាក់ ទូទាំងពិភពលោក។
ការបារម្ភពីការឆ្លងជំងឺនេះធ្វើឲ្យ ស្រីរ័ត្ន ពិបាកក្នុងការសម្រេចចិត្តថា តើត្រូវសម្រាលកូននៅមន្ទីរពេទ្យនៅទីក្រុង ឬនៅក្នុងភូមិរបស់អ្នកស្រី។ ចាប់តាំងពីមានការរីករាលដាលមេរោគនេះមក អ្នកស្រីមិនបានទៅពេទ្យ ដើម្បីពិនិត្យផ្ទៃពោះនោះទេ ដោយសារអ្នកស្រីបារម្ភថា អាចឆ្លងជំងឺនេះ។
អង្គការសុខភាពពិភពលោកកំពុងធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំពោះស្រ្តីមានផ្ទៃពោះ។ មកទល់ពេលនេះគេពុំទាន់រកឃើញថា ស្ត្រីមានផ្ទៃពោះងាយឆ្លងមេរោគកូរ៉ូណាជាងមនុស្សទូទៅនោះទេ។ ហើយគេក៏ពុំទាន់អាចបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគកូរ៉ូណាអាចចម្លងមេរោគនេះទៅកាន់ទារកនៅក្នុងផ្ទៃ ដោយផ្ទាល់ ឬអំឡុងពេលសម្រាលនៅឡើយទេ។ នេះដោយសារតែគេពុំទាន់រកឃើញមេរោគកូរ៉ូណានេះអាចមាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យការិយាល័យរបស់អង្គការសុខភាពពិភពលោក WHO ប្រចាំតំបន់ប៉ាសុីហ្វិកប៉ែកខាងលិច (Western Pacific) ប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិច។
អង្គការនេះលើកឡើងទៀតថា ស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញាមេរោគកូរ៉ូណា គួរតែទទួលបានអាទិភាព ក្នុងការពិនិត្យហើយក្នុងករណីដែលរកឃើញថា ពួកគេមានមេរោគនេះមែននោះ ពួកគេគួរទទួលបានការថែការទាំតាមលក្ខណៈឯកទេស។
អ្នកជំនាញផ្នែកសម្ភពនិយាយថា ចំនួនស្ត្រីដែលមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យមានការធ្លាក់ចុះ។
លោក សៀប បែល ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតថ្លែងប្រាប់ VOA ថា លោកឃើញការធ្លាក់ចុះប្រមាណ ៥០%នៃស្ត្រីមានផ្ទៃពោះ ដែលមកសម្រាលនៅមន្ទីរពេទ្យរដ្ឋមួយនេះ។
លោកមានប្រសាសន៍ថា៖ «តាំងពីមានបញ្ហាកូវីដ១៩ ហើយគេយកអ្នកជំងឺដែលមានការឆ្លងកូវីដ១៩ទៅដាក់នៅមន្ទីរពេទ្យ [មិត្តភាពខ្មែរ-សូវៀត] មកវាធ្វើឲ្យចំនួនស្ត្រីដែលមកសម្រាលមានការធ្លាក់ចុះដែរ»។
នៅកម្ពុជា ស្ត្រីភាគច្រើនស្វែងរកសេវាសម្រាលកូននៅតាមមណ្ឌលសុខភាព និងមនី្ទរពេទ្យបងែ្អក។ក្រៅពីនោះ ស្ត្រីជ្រើសរើសសម្រាលនៅតាមគ្លីនិកឯកជន នៅផ្ទះដោយបុគ្គលិកសុខាភិបាល ហើយមួយចំនួនទៀត សម្រាលនៅផ្ទះដោយឆ្មបបូរាណ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
អ្នកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរ័ត្ន ដែលមានបទពិសោធន៍ផ្នែកសម្រាលនិងសម្ភព រយៈពេលជាង១៥ឆ្នាំបានសង្កេតឃើញការធ្លាក់ចុះនៃចំនួនស្ត្រីមកពិនិត្យសុខភាពគភ៌។ អ្នកស្រីលើកទឹកចិត្តឲ្យស្ត្រីទាំងនោះបន្តពិនិត្យតាមដានស្ថានភាពគភ៌យកចិត្តទុកដាក់ ចំពោះការថែទាំសុខភាព និងអនាម័យដោយសារតែពួកគេមានប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សធម្មតា។
«អ៊ីចឹង គាត់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើអនាម័យ ហើយកាត់បន្ថយនូវការចេញដើរទៅក្រៅ ហើយព្យាយាមឲ្យបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំគាត់»។
នៅច្រកចូលគ្លីនិក អ្នកស្រីមានដំឡើងឡាបូលាងដៃ និងដាក់សាប៊ូឲ្យប្រើប្រាស់។ អ្នកចូលគ្លីនិកត្រូវឆ្លងកាត់ការវាស់កំដៅលាងដៃ នឹងទឹកអាល់កុល និងទទួលបានការណែនាំអំពីអនាម័យ មុនពេលគេអនុញ្ញាតឲ្យដើរចូលក្នុងគ្លីនិក។
អ្នកស្រី ម៉ុន ស៊ីណា វ័យ២៩ឆ្នាំ គឺជាស្ត្រីម្នាក់ទៀតដែលនឹងត្រូវសម្រាលកូននៅចុងខែមេសានេះ។ អ្នកស្រីគឺជាកម្មកររោងចក្រមួយរូប ដែលស្នាក់នៅក្នុងបន្ទប់ជួលមួយនៅភ្នំពេញជាមួយនឹងស្វាមី។
អ្នកស្រី ស៊ីណា បង្ហាញក្តីបារម្ភអំពីការផ្តល់កំណើតកូននៅពេលខាងមុខនេះ ដោយនិយាយថា៖ «បារម្ភចេះតែបារម្ភហើយ ព្រោះអីឮពេទ្យថាចំពោះស្ត្រីមានផ្ទៃពោះច្រើនតែឆាប់ឆ្លង។ ដល់ពេលហើយទៅ ខ្ញុំចេះតែការពារខ្លួនឯងអ៊ីចឹងទៅ!។ គេការពារផងទៅ!រោងចក្រ គេមានការពារឲ្យយើងដែរ»។
ដំបូងឡើយ អ្នកស្រី ស៊ីណា មានគម្រោងទៅសម្រាលកូននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែផែនការនេះអាចប្រែប្រួល។
អ្នកស្រីនិយាយថា៖ «ខ្ញុំសួរគ្រប់កន្លែងហ្នឹង! ដំបូងថាទៅពេទ្យជិតនេះ…យប់ព្រលប់អី កុំឲ្យពិបាក។ តែមេគាត់ប្រាប់ថា ឲ្យទៅពេទ្យរុស្ស៊ី។ តែបងខ្ញុំ[ប្តី]ប្រាប់ថា ពេទ្យរុស្ស៊ីអី! ពេទ្យរុស្ស៊ី អ្នកជំងឺច្រើនណាស់»។
អ្នកស្រី ស៊ីណា បានគិតដល់ជម្រើសផ្សេងទៀត ដូចជាការសម្រាលកូននៅឯគ្លីនិកក្បែរផ្ទះ ឬការអញ្ជើញឆ្មបមកសម្រាលនៅផ្ទះវិញ ទៅតាមកាលៈទេសៈជាក់ស្តែងនៃការរីករាលដាលនៃវីរុសកូរ៉ូណានេះនៅកម្ពុជា។
អ្នកស្រីលើកឡើងដូចនេះ ដោយសារអ្នកស្រីទទួលបានព័ត៌មានអំពីលទ្ធភាពនៃការហាមមិនឲ្យចាកចេញពីផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគកូរ៉ូណា និងវិធានការនានាដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយការរីករាលដាលនៃមេរោគកូរ៉ូណា។
នាដើមខែមេសានេះ រដ្ឋាភិបាលបានចេញបទបញ្ជាមួយកំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីទប់ស្កាត់ការធ្វើដំណើររបស់កម្មករទៅស្រុកកំណើត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ដែលអាចជាមូលហេតុមួយបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ នៅតាមតំបន់ ឬសហគមន៍។
ខណៈពេលដែលរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោកបានអំពាវនាវ និងដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាមន្ទីរពេទ្យរដ្ឋតែមួយគត់ ទទួលសំណាកសម្រាប់ពិនិត្យរកមេរោគកូរ៉ូណានៅភ្នំពេញនោះ មិនទាន់មានយន្តការការពារតឹងរ៉ឹងគ្រប់គ្រាន់នៅឡើយទេ។
នៅច្រកចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គេពុំឃើញមានការវាស់សីតុណ្ហភាព សាប៊ូ ឬអាល់កុលសម្រាប់លាងដៃ និងមិនមានការណែនាំទាក់ទងនឹងការរក្សាអនាម័យ ដើម្បីការពារការឆ្លងមេរោគកូរ៉ូណាដល់អ្នកចូលមន្ទីរពេទ្យនោះទេ។ ដបអាល់កុលមួយចំនួនដែលបំពាក់នៅតាមបន្ទប់ និងអគារមន្ទីរពេទ្យ គឺជាដបទទេ។
អ្នកស្រី វ៉ាន់ វង់ អាយុ៦៣ឆ្នាំ ជាម្តាយម្នាក់ដែលមកកំដរកូន ដែលជិតគ្រប់ខែ និងមានអាការៈមិនស្រួលខ្លួន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅបន្ទប់នោះ មានគ្រែចំនួន ១០ ដែលចែកម្ខាង៥គ្រែ និងមានផ្លូវដើរកណ្តាល។ យ៉ាងហោចណាស់ អ្នកសម្រាកម្នាក់មានអ្នកកំដរម្នាក់។
អ្នកស្រីដែលមកពីខេត្តតាកែវ មិនបានដឹងថាពេទ្យនេះជាកន្លែងទទួលសំណាកពិនិត្យរកមេរោគកូរ៉ូណា និងជាកន្លែងដែលអ្នកជំងឺកូវីដ១៩ទទួលការព្យាបាលទេ។
អ្នកស្រីនិយាយថា៖ «ភ័យដែរតែយើងមិនដឹងថា ធ្វើម៉េចទេ។ បើយើងត្រូវកើតចៀសមិនរួចទេ ប៉ុន្តែមុននឹងចៀសមិនរួច យើងត្រូវការពារខ្លួនយើង»។
អ្នកស្រីរៀបរាប់បន្តអំពីបន្ទប់ពេទ្យដែលកូនអ្នកស្រីស្នាក់នៅត្រៀមសម្រាលកូន។ អ្នកស្រីនិយាយយ៉ាងដូចច្នេះថា៖ «គាត់ [បុគ្គលិក] យកអាល់កុលមកបាញ់អ៊ីចឹង ហើយយើងទិញ [អាល់កុល] ខ្លួនយើងមកបាញ់ខ្លះ អ៊ីចឹងទៅ! ឬមួយពេទ្យមកមិនទាន់អី យើងចង់ស្អាតខ្លួនយើង យើងទិញ [អាល់កុល]មកថែមយើងបាញ់គ្រែខ្លួនយើង។ ដូចថាមួយថ្ងៃហ្នឹង គេបាញ់បានមួយដង»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ជឹម បញ្ចសិទ្ធិ ជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀបរាប់អំពីការរក្សាអនាម័យ និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យរបស់លោកថា៖
«មន្ទីរពេទ្យមានការរៀបចំគិតគូរពីសុវត្ថិភាព មិនត្រឹមតែមន្ត្ រីនិងបុគ្គលិកមន្ទីរពេទ្យទេ គឺគិតគូរដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ដែលមកប្រើសេវានៅក្នុងមន្ទីរពេទ្យគ្រប់ជ្រុងជ្រោយ»។
លោកបន្តថា៖ «សូម្បីតែអ្នកមកពិនិត្យជំងឺកូវីដ គេមានការតម្រង់ជួរត្រឹមត្រូវចាប់លេខឈរគម្លាតពីគ្នារយៈចម្ងាយពីមួយម៉ែត្រទៅពីរម៉ែត្រ។ គេរៀបចំតាំងពីមុនផ្ទុះកូវីដទៀត។ គេរៀបចំការងារ ការបង្ការនិងការទប់ស្កាត់ការចម្លងរោគតាំងពីយូរហើយ អត់ចាំបាច់ដល់តែមានកូវីដទេ។ ប៉ុន្តែដល់តែមានកូវីដគេរឹតតែប្រយ័ត្ន»។
អ្នកជំនាញសុខភាពផ្លូវចិត្ត ប្រាប់វីអូអេថា ការរីករាលដាលនៃជំងឺរាតត្បាតសាកលនេះន្ថែមសម្ពាធផ្លូវចិត្តដល់ស្ត្រីដែលមានផ្ទៃពោះហើយពួកគេត្រូវការការយកចិត្តទុកដាក់ខ្ពស់ពីអ្នកពាក់ព័ន្ធ។
អ្នកស្រី យឹម សុធារី ជាអ្នកជំនាញផ្នែកចិត្តសាស្ត្រមួយរូបថ្លែងថា ជាទូទៅស្ត្រីមានផ្ទៃពោះតែងតែបារម្ភអំពីសុវត្ថិភាពក្នុងពេលសម្រាលដែលគេប្រើពាក្យថា «ឆ្លងទន្លេ» សំដៅដល់បទពិសោធន៍ដ៏លំបាករបស់ស្ត្រីគ្រប់រូប។
ដូច្នេះអ្នកស្រី យឹម សុធារី មានប្រសាសន៍ថាស្ត្រីមានផ្ទៃពោះគួរបន្ថយភាពតានតឹងផងដែរ តាមរយៈវិធីសាស្ត្រមួយចំនួន។
អ្នកស្រីនិយាយថា៖ «ព្យាយាមធ្វើអ្វីតាមទម្លាប់របស់ខ្លួនដូចសព្វដងដូចជា បើយើងធ្លាប់ហាត់ប្រាណតិចតួច ធ្វើយ៉ូហ្កាហាត់ សមាធិផ្លូវអារម្មណ៍អីមួយចំនួន ឬក៏របបអាហារ អនាម័យរាងកាយ អនាម័យសុខាភាព យើងធ្វើធម្មតាដូចតែធម្មតាហ្នឹងទៅ។ ខ្ញុំដឹងថា ស្ថានភាពកូវីដ១៩នេះជាស្ថានភាពពិសេស ប៉ុន្តែយើងព្យាយាមធ្វើអ្វីជាសកម្មភាពប្រចាំថ្ងៃរបស់យើង ដែលយើងធ្វើហើយនាំឲ្យយើងមានសុខភាពល្អ»។
អ្នកស្រី សុធារី បន្តទៀតថា ការយកចិត្តទុកដាក់ខ្ពស់ពីស្វាមី និងសមាជិកគ្រួសារ ក៏ជាផ្នែកដ៏សំខាន់ជួយពង្រឹងស្មារតីស្ត្រីពរពោះផងដែរ។ ក្រៅពីគ្រួសារ អ្នកស្រីលើកឡើងថា រដ្ឋាភិបាលក៏គួរកំណត់យន្តការជាក់លាក់ដើម្បីធានាអនាម័យនៅតាមមន្ទីរពេទ្យនិងសម្ភព។
អ្នកស្រីនិយាយថា៖ «ស្នើរដ្ឋាភិបាលយើងឲ្យយកចិត្តទុកដាក់មើលខាងមន្ទីរពេទ្យ សម្ភពអីហ្នឹងឲ្យមើលថែទាំអនាម័យដាក់ឲ្យគាត់ដាច់ដោយឡែកពីអ្នកជំងឺផ្សេងៗ។ វាជួយទាំងផ្លូវកាយ វាជួយទាំងផ្លូវចិត្តគាត់ទៀត»។
ការបន្តកើនឡើងនៃករណីជំងឺកូវីដ១៩នេះ បានធ្វើឲ្យ ស្រីរ័ត្ន សម្រេចចិត្តឈប់ពីការងារជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ។ អ្នកផ្លាស់ទៅរស់នៅផ្ទះរបស់ឪពុកម្តាយនាងនៅឯខេត្តកណ្តាល។ ស្រីរ័ត្ន ឈប់ទៅផ្សារទៀតហើយ ដើម្បីចៀសវាងកន្លែងអ៊ូអរ និងចៀសវាងទំនាក់ទំនងផ្ទាល់ជាមួយអ្នកដទៃ។
អ្នកស្រីប្រាប់វីអូអេថា៖ «គេតែងតែនិយាយថា ហានិភ័យលើស្ត្រីមានផ្ទៃពោះវាមានខ្លាំងជាងមនុស្សទូទៅ»៕