វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា គឺលោក សម រង្ស៊ី បានព្រមានថាលទ្ធផលបោះឆ្នោតនៅឆ្នាំខាងមុខ នឹងគ្មានន័យហើយគ្មានការទទួលស្គាល់ជាអន្តរជាតិ ប្រសិនបើលោកមិនត្រូវបានគេអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅឆ្នាំ២០១២ និង បោះឆ្នោតជាសកល ជ្រើសរើសតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣។ គណបក្សសម រង្ស៊ីដឹកនាំដោយលោក សម រង្ស៊ី ទទួលបានអាសនៈ ២៦ក្នុងរដ្ឋសភាដែលមាន ១២៣អាសនៈកាលពីការបោះឆ្នោតឆ្នាំ២០០៨។ គណបក្សនេះ ត្រូវគេចាត់ទុកថាជាគណបក្សសំខាន់ដែលមានកម្លាំងអាចប្រកួតប្រជែងបាន ជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរៈភាសាពីប្រទេសបារាំងដែលលោកកំពុង និរទេសខ្លួន លោក សម រង្ស៊ីបានអះអាងថា គណបក្ស សម រង្ស៊ីរបស់លោកតែមួយគត់ដែលមានតុល្យភាពនយោបាយក្នុងការប្រកួតដណ្តើមយកជ័យជំនះពីគណបក្សកាន់អំណាច តែប្រសិនបើលោកមិនត្រូវគេអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសកម្ពុជាវិញដើម្បីបោះឆ្នោតនោះ ការប្រកួតប្រជែងហាក់ដូចជាការប្រកួតប្រជែង ដែលលោកប្រៀបធៀបទៅនឹងអ្នកប្រដាល់មាឌធំប្រកួតជាមួយកូនក្មេងដែលគ្មានកម្លាំង ឬគណបក្សដែលកើតថ្មីនិងគណបក្សដែលគ្មានការគាំទ្រ។
«ពីព្រោះនរណាក៏ដោយចង់ឱ្យមានការបោះឆ្នោតត្រឹមត្រូវ ការបោះឆ្នោតប្រកបដោយយុត្តិធម៌ ការបោះឆ្នោតដែលឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ ទទួលស្គាល់ជាសកល ប៉ុន្តែបើគេរារាំងរូបខ្ញុំ សម រង្ស៊ី មិនឱ្យចូលរួមការបោះឆ្នោត ការបោះឆ្នោតនោះ គឺជាការបោះឆ្នោតលេងសើច គ្មានន័យ គ្មានតម្លៃ គ្មានប្រយោជន៍ ហើយរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោត បែបនោះគ្មាននរណាទទួលស្គាល់ ធ្វើឱ្យប្រទេសកម្ពុជានឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរនៅពេលថ្ងៃមុខ»។
លោក សម រង្ស៊ី បានអះអាងថា រដ្ឋាភិបាលកម្ពុជានិងគណបក្សកាន់អំណាចត្រូវគិតពិចារណាឡើងវិញអំពីបញ្ហានេះ ដោយបញ្ជាក់ថា មានប្រទេសសំខាន់ៗជាច្រើន អ្នកសង្កេតការណ៍ជាច្រើន នឹងមិនចូលរួមប្រថាប់ត្រាទទួលស្គាល់ការបោះឆ្នោត ដែលគ្មានការកែប្រែប្រព័ន្ធរៀបចំបោះឆ្នោតដែលលោក ចាត់ទុកថា មានលក្ខណៈគៃបន្លំ បាត់ឈ្មោះ នោះទេ។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ីកំពុងគេចខ្លួនពីការដាក់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៩ និងការផ្សព្វផ្សាយឯកសាព្រំដែន ដែលរដ្ឋាភិបាលចាត់ទុកថាក្លែងក្លាយ។ ក្រុមអ្នកវិភាគនានា ព្រួយបារម្ភខ្លាចថាលោក សម រង្ស៊ីដែលជាមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេអាចត្រូវគេរារាំង មិនឱ្យវិលត្រឡប់មកចូលរួមការបោះឆ្នោតវិញបាន។
ទោះជាយ៉ាងណាក៏ដោយ លោកជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាបានសម្តែងការមិនអើពើនឹងការទទួលស្គាល់ឬមិនទទួលស្គាល់របស់ សហគមន៍អន្តរជាតិដោយអះអាងថា ការចូលឬមិនចូលរួមក្នុងការបោះឆ្នោត គឺសម្រេចលើ លោក សម រង្ស៊ីផ្ទាល់និងតុលាការ។
«ការបោះឆ្នោតយើងមិនខ្លាច ខ្ញុំមិនញញើតចំពោះថាសហគមន៍អន្តរជាតិទទួល ស្គាល់ឬមិនទទួលស្គាល់ អាហ្នឹងជាធម្មតាទេ ពីព្រោះយើងអត់ទៅប៉ះពាល់ បុគ្គល សម រង្ស៊ីអីទេ ការប្រព្រឹត្តិរបស់គាត់ហ្នឹងគឺថាតុលាការគេអ្នកសម្រេចនោះទេ»។
លោក ជាម យៀបដែលអះអាងថាច្រកចេញរឿងករណីលោក សម រង្សីមាន ច្រើននោះ បានអះអាងដែរថាគណបក្សសម រង្ស៊ីមានកៅអី២៦ បើលោក សម រង្ស៊ី មិនចូល ភរិយាគាត់មិនចូល គឺនៅសល់២៤កៅអីអាចជ្រោង គណបក្សនោះ បានទេតើ ហើយក៏មានគណបក្សផ្សេងៗទៀតដូចជាគណបក្សសិទ្ធិមនុស្សនិង គណបក្សនរោត្តម រណឫទ្ធិ ហើយនឹងគណបក្សផ្សេងៗទៀតផងដែរ។
ក៏ប៉ុន្តែលោក សម រង្ស៊ី បានអះអាងថាទោះបីជាមានគណបក្សច្រើន តែឆ្លងតាម បទពិសោធកន្លងមក ប្រជាពលរដ្ឋបានយល់ដឹងច្បាស់ណាស់ពីកម្លាំងប្រជាធិបតេយ្យដោយមិនគាំទ្រគណបក្សតូចៗឬគណបក្សទើបបង្កើតថ្មីនោះទេ។
«រយៈពេល២០ឆ្នាំកន្លងមកនេះ មានគណបក្សជាច្រើន គណបក្សព្រោងព្រាត រាប់សិបគណបក្ស ២០ ទៅ ៣០គណបក្សតែទីបញ្ចប់នៅថ្ងៃនេះយើងឃើញ ថាមាន គណបក្សតែពីរទេដែលតទល់គ្នា គឺគណបក្សប្រជាជនកម្ពុជានិងគណបក្ស សម រង្ស៊ី។ គណបក្ស សម រង្ស៊ីដែលខ្ញុំមានកិត្តិយសធ្វើជាតំណាង ធ្វើជាអ្នកដឹកនាំនោះគឺមានគោលជំហរច្បាស់លាស់ គោលជំហរនឹងនរ មិនមានការផ្លាស់ប្តូរ មិនមានការបោះបង់ឧត្តមគតិដើមរបស់ខ្លួនយ៉ាងម៉េចទេ»។
លោក គល់ បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ Comfrel បានទទួលស្គាល់ពីសារៈសំខាន់នៃគណបក្សជំទាស់ដ៏ខ្លាំងមួយសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច ដោយចាត់ទុកថា ជា«បញ្ហាឬឧបសគ្គ» ប្រសិនបើគ្មានមេដឹកនាំបក្សប្រឆាំងដូចលោក សម រង្ស៊ី ដែលមានកម្លាំងមកប្រកួតប្រជែងឱ្យបានពេញលេញ ប្រកបដោយយុត្តិធម៌ សមធម៌ អាចទទួលយកបាន ហើយម្យ៉ាងទៀតមិនសូវមានគេចង់មើលការប្រកួតដែរ ប្រសិនណាបើការប្រកួតប្រជែងវាមានលក្ខណៈមិនស្មើភាពគ្នា ខុសគ្នាច្រើនពេក។
«រឿងហ្នឹងត្រូវតែរកដំណោះស្រាយនយោបាយ ហើយដើម្បីឱ្យមកចូលប្រកួតប្រជែងគ្នាទៅដើម្បីឱ្យអ្នកឃ្លាំមើលបានដឹងថាដំណើរការវិវត្តន៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដើរលើផ្លូវត្រូវ។ នេះជារឿងសំខាន់ណាស់»។
លោក គល់ បញ្ញាបានសម្តែងឱ្យឃើញពីការដែលលោកមិនចង់ ឃើញការបោះឆ្នោតមួយដូចក្នុងប្រទេសភូមាដែលមានការរិះគន់ជាអន្តរជាតិ កាលពីដើមខែវិច្ឆិកានោះទេ ពេលដែលកម្ពុជាធ្លាប់ធ្វើការប្រកួតប្រជែងគ្នាជាមួយដៃគូដែលកម្លាំងគាំទ្រនយោបាយប្រហាក់ប្រហែលគ្នារួចហើយនោះ។
តាមច្បាប់បោះឆ្នោតរបស់កម្ពុជាបានឱ្យដឹងថា ជនជាប់ចោទពីបទឧក្រិដ្ឋ ក្តីក្តាំនៅតុលាការមិនអាចឈរឈ្មោះបោះឆ្នោតបានទេ។ ក៏ប៉ុន្តែលោក សម រង្សីបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា ករណីលោក ជាករណីនយោបាយ ដូច្នេះអាចនឹងមានច្រកចេញមុនពេលបោះឆ្នោតដែលនៅមានរយៈពេលយូរទៅមុខទៀតនោះ៕