តុលាការក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាបានដាក់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សជំទាស់នៅថ្ងៃនេះឲ្យជាប់ពន្ធនាគារចំនួនដប់ឆ្នាំ។ ទោសនេះនឹងធ្វើឲ្យលោកសម រង្ស៊ីប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន១២ឆ្នាំក្នុងការផ្ដន្ទាទោសជាប់ពាក់ព័ន្ធនឹងការបរិហារអំពីការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានផ្ដន្ទាទោសមេដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ីឲ្យជាប់ពន្ធនាគារចំនួនដប់ឆ្នាំ ហើយបានបង្គាប់ឲ្យចាប់ខ្លួនលោកក្រោមបទចោទប្រកាន់ថា លោកសម រង្ស៊ី បានផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំផែនទីរបស់ប្រទេសកម្ពុជា។
ការផ្ដន្ទាទោសនេះនឹងធ្វើឲ្យលោកសម រង្ស៊ី ប្រឈមនឹងទោសជាប់ពន្ធនាគារសរុបរហូតមកទល់ពេលនេះចំនួន១២ឆ្នាំ ដែលទាក់ទងទៅនឹងការបរិហារអំពីការបាត់បង់ទឹកដីនៅក្នុងខេត្តស្វាយរៀងដោយសារតែការបោះបង្គោលព្រំដែនរួមជាមួយប្រទេសវៀតណាម។
លោកចៅក្រម កែ សាខនបានអះអាងនៅក្នុងសាលក្រមនៅថ្ងៃនេះ បន្ទាប់ពីការកាត់ទោសលើករណីលោកសម រង្ស៊ី កាលពីខែសីហាថា តុលាការបានរកឃើញថា លោកសម រង្ស៊ីបានលួចកែផែនទីផ្លូវការរបស់ប្រទេសកម្ពុជា។
“យោងទៅលើអង្គហេតុខាងលើបង្ហាញឲ្យឃើញថា ជនជាប់ចោទបានលួចកែលិខិតផ្លូវការគឺផែនទីនៃព្រះរាជាណាចក្រកម្ពុជា ដោយស៊កបញ្ចូលនូវលេខ អក្សរ សញ្ញា ដែលកំណត់ពីទីតាំងបង្គោលព្រំដែនលេខ១៨៤, ១៨៥, ១៨៦ និងលេខ១៨៧ នៅលើសន្លឹកផែនទីខុសពីការណ៍ពិត"។
កាលពីខែមករា តុលាការខេត្តស្វាយរៀងបានផ្ដន្ទាទោសលោកសម រង្ស៊ីឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ បន្ទាប់ពីលោកនិងប្រជាពលរដ្ឋមួយក្រុមបានដកតម្រុយបង្គោលព្រំដែន ដែលលោកចាត់ទុកថា បានរំកិលចូលមកក្នុងដីរបស់ប្រទេសកម្ពុជា។ ប៉ុន្ដែក្រោយមក គណបក្សសម រង្ស៊ីបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួននូវផែនទីប្រទេសកម្ពុជាមួយ ដែលគណបក្សជំទាស់អះអាងថា បានលាតត្រដាងពីផ្ទៃដីពិតប្រាកដរបស់កម្ពុជា មុនការបោះបង្គោលព្រំដែន។ រដ្ឋាភិបាលបានទាមទារឲ្យគណបក្សជំទាស់ដកផែនទីនោះចេញពីគេហទំព័រ ដោយសារតែរដ្ឋាភិបាលចាត់ទុកថា នោះមិនមែនផែនទីពិតប្រាកដនោះទេ។
បន្ថែមពីលើការដាក់ទោសជាប់ពន្ធនាគារចំនួនដប់ឆ្នាំនេះ តុលាការបានពិន័យលោកសម រង្ស៊ី ឲ្យបង់ប្រាក់សរុបចំនួន៦៥លានរៀល ឬស្មើនឹងជាង១៦.០០០ដុល្លារអាមេរិក ក្នុងនោះប្រាក់ពិន័យចំនួនប្រាំលានរៀលសម្រាប់បង់ទៅតុលាការ និងប្រាក់ចំនួន៦០លានរៀលសម្រាប់បង់សងជំងឺចិត្តដល់រដ្ឋាភិបាល។
លោកគី តិច មេធាវីតំណាងឲ្យរដ្ឋាភិបាលមានប្រសាសន៍ថា ការផ្ដន្ទាទោសលោកសម រង្ស៊ីគឺជាការផ្ដល់យុត្តិធម៌សម្រាប់រដ្ឋាភិបាលនិងមេដឹកនាំរដ្ឋាភិបាល។
“តុលាការបានផ្ដល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលហើយ ពីព្រោះការខូចខាតដែលបណ្ដាលមកពីទង្វើរបស់លោក សម រង្ស៊ី មានទំហំធំធេងណាស់"។
ផ្ទុយទៅវិញ លោកគង់ បូរ៉ា តំណាងរាស្រ្តមណ្ឌលព្រៃវែងរបស់គណបក្សសម រង្ស៊ី ដែលបានចូលរួមក្នុងការប្រកាសសាលក្រមនេះ បានអធិប្បាយថា នេះគឺជាការផ្ដន្ទាទោសដោយអយុត្តិធម៌បំផុតលើមេគណបក្សរបស់លោក។
“តុលាការកាត់ទោសលោក ប្រធានសម រង្ស៊ី ដោយអយុត្តិធម៌ជាទីបំផុត គឺកាត់ទោសរៀបចំតាមការបញ្ជារបស់បុគ្គលកាន់អំណាចសព្វថ្ងៃ"។
លោកសម រង្ស៊ីបាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសចាប់តាំងពីខែតុលា ឆ្នាំកន្លងទៅ។ កាលពីថ្ងៃច័ន្ទ លោកបានចាប់ផ្ដើមស្វែងរកការជួយគាំទ្រពីក្រុមសមាជិកសភាក្នុងពិភពលោកឲ្យជួយជ្រោមជ្រែងដើម្បីឲ្យលោកមានឱកាសវិលត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញ។ ក៏ប៉ុន្ដែក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួនចាត់ទុកថា ការផ្ដន្ទាទោសចំនួនដប់ឆ្នាំជាបន្ថែមទៅលើលោកសម រង្ស៊ីនៅថ្ងៃនេះនឹងធ្វើឲ្យផ្លូវសម្រាប់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី កាន់តែរួមតូចចង្អៀត។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា មានតែការសម្រុះសម្រួលផ្នែកនយោបាយទេ ទើបអាចបើកផ្លូវឲ្យលោកសម រង្ស៊ីនិវត្តមកប្រទេសកម្ពុជាវិញបាន៕