សាលាឧទ្ធរណ៍នៅថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះរឿងក្តីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ពីបទក្លែងផែនទី ព្រមទាំងផ្សព្វផ្សាយព័ត៌មានផ្ទុយពីការណ៍ពិត។
សវនាការត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយគ្មានវត្តមានលោក សម រង្ស៊ី និងមេធាវីការពារក្តីទេ។ ក៏ប៉ុន្តែគណៈមេធាវីកម្ពុជាបានតែងតាំងលោករាជ ហុកសេង ឲ្យមកការពារក្តីនេះ។ លោក ឈុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះ បានប្រកាសថា ដោយយោងតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី លោក សម រង្ស៊ី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៣លានរៀល ប៉ុន្តែបានរក្សាទុកសំណងខូចខាតចំនួន៦០លានរៀលឲ្យនៅដដែល។
លោក រាជ ហុកសេង មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ដែលបានតែងតាំងពីគណៈមេធាវី មិនបានធ្វើអត្ថាធិប្បាយទេ។
លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាលបាននិយាយថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ អាចទទួលយកបាន ហើយបានផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាល។
«ព្រោះការសម្រេចនេះ ខ្ញុំយល់ថា សាសាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវផ្អែកទៅលើច្បាប់សុទ្ធសាធតែម្តង។ ហើយខ្ញុំជឿជាក់ថា រដ្ឋាភិបាលអាចនឹងទទួលយកបាន»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថា លោកមិនយល់ចំពោះតុលាការកម្ពុជាថាតើតុលាការបានផ្អែកទៅលើច្បាប់អ្វីយកមកកាត់ទោសអ្នកស្នេហាជាតិដូចជាលោក សម រង្ស៊ី។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសម រង្ស៊ី មិនចាប់អារម្មណ៍ចំពោះសវនការនេះទេ ហើយយើង ក៏គ្មានបំណងដាក់ពាក្យទៅតុលាការកំពូល ដើម្បីប្រឆាំងជំទាស់ទៅនឹងសាលក្រមនោះទេ។
«យើងមិនសូវជាយកចិត្តទុកដាក់ចំពោះសាលក្រមតុលាការហ្នឹងប៉ុន្មានទេ។ ឥឡូវ យើងប្រមូលផ្តុំពេលវេលារបស់យើងគិតទៅលើការដោះស្រាយនយោបាយ។ យើងប្រើប្រាស់មធ្យោបាយយើងមានតាមរយៈការទូត តាមរយៈមធ្យោបាយផ្សេងៗដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាហ្នឹង ឲ្យទាល់តែរួចរាល់។ យ៉ាងហោចណាស់ក៏មានការបោះឆ្នោតខាងមុននេះ»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ បានកាត់ទោសកំបាំងមុខលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេលដប់ឆ្នាំ និងពិន័យជាប្រាក់៥លានរៀលពីបទក្លែងផែនទី នឹងផ្សព្វផ្សាយព័ត៌មានមិនពិត។ ក៏ប៉ុន្តែទោសកំហុសរបស់លោក សម រង្ស៊ី បានបន្ថយទោសពី១០ឆ្នាំមកនៅត្រឹមប្រាំពីរឆ្នាំវិញ។ ចំណែកឯការពិន័យជាប្រាក់បានបន្ថយពីប្រាំលានរៀល មកនៅត្រឹមបីលានរៀលវិញទៅតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ លោកសម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៦៥លានរៀល ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមព្រំដែនកម្ពុជា និងវៀតណាមនឹងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍៕