ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ទរណ៍​បដិសេធ​សេចក្តី​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី​ ឱ្យ​​ចុះ​វាស់​វែង​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​


សវនាការរបស់​សាលា​ឧទ្ទរណ៍​បាន​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្តី​របស់​លោក សម រង្ស៊ី ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​វាស់​វែង​បង្គោល​ព្រំដែនរវាង​កម្ពុជា​នឹង​វៀតណាម​ទេ ។

លោក ហេង រស្មី ជូន​សេចក្តី​រាយការណ៍​ដូចតទៅ៖

សាលា​ឧទ្ទរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បដិសេធ​សេចក្តី​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្តី​លោក​ សម រង្ស៊ី​ ដែល​ប្រាថ្នា​ចង់​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ចុះ​វាស់​វែង​បង្គោល​ ព្រំដែន​ដែល​មាន​ទំនាស់​ នៅ​ក្នុង​ព្រំដែន​កម្ពុជា​ជា​មួយ​វៀតណាម​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយរៀង ។

នៅក្នុង​សវនាការ​ដែល​ធ្វើ​ឡើង​ជា​អសាធារណៈ​នៅ​សាលា​ឧទ្ទរណ៍​នៅ​ថ្ងៃ​នេះ ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​នឹង​សង្គម​ស៊ីវិល​ចូល​ស្តាប់នោះ​ទេ។​ លោក​ គី តិច​ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​ បាន​ដក​ស្រង់​សំដី​លោក​ ញូង ថុល​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ទរណ៍​ប្រាប់​អ្នក​កាសែត​ថា សាលា​ឧទ្ទរណ៍​ បាន​សម្រេច​ដូច​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ​ គឺ​មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណៈកម្មការ​វាស់​វែង​នៅ​តំបន់​ព្រំដែន​មាន​ទំនាស់​ទេ។

លោក ​គី តិច​ មេធាវី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា​ លោក​អបអរ​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ​ ពីព្រោះ​គណៈកម្មការ​ចម្រុះ​ដែល​ស្នើ​សុំ​ឲ្យ​បង្កើត​ឡើង​នោះ​ មិន​អាច​ធ្វើ​កិច្ច​ការងារ​ព្រំដែន​នេះ​កើត​ទេ ។

"អញ្ចឹង ​សួរ​ថា​ គណៈកម្មការ ​ដែល​គាត់​ស្នើ​សុំ​បង្កើត​ហ្នឹង​ អាច​ទៅ​ធ្វើ​កិច្ចការ​នឹង​កើត​ទេ​ គាត់​ធ្វើ​អត់​កើត។​ ម្យ៉ាង​ទៀត​គណៈកម្មការ​ដែល​ជា​គណៈកម្មការ​កិច្ចការ​ព្រំដែន​ ដែល​បង្កើត​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ហ្នឹង​ គឹ​បង្កើត​តាម​ព្រះ​រាជ​ក្រិត្យ"។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច​បដិសេធ​ចោល​សេចក្តី​ស្នើ​សុំរបស់​លោក​ ជួង ជូងី​ មេធាវី​ការពារ​ក្តី​លោក​ សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មួយ​កាល​ពី​ខែ​មេសា​ ដើម្បី​ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ ក្នុង​ការ​ចុះ​អង្កេត​វាស់​វែង​និយាមការ​ទីតាំង​ជាក់​ស្តែង​នៅ​បង្គោល​ឡាក់​ លេខ​១៨៤-១៨៥-១៨៦-១៨៧​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ។

លោក​ ជួង ជូងី​ មេធាវី​ការពារ​ក្តី​លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ ការ​សម្រេចរបស់​សវនាការមិន​ត្រឹម​ត្រូវ​ទេ ។ លោក ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ គណៈកម្មការ​ចម្រុះ​ ដែល​លោក​ទាមទារ​ឲ្យ​បង្កើត​ឡើង​នោះ​ មាន​លក្ខណៈ​កណ្តាល​ ដែល​មាន​ភាគី​ទាំង​សង​ខាង​ចូល​រួម​ ហើយ​ប្រសិន​ណា​បើ​យើង​មិន​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ​ទេ​ វា​ហាក់​បី​ដូច​ជា​ដាក់បន្ទុក​កូន​ក្តី​របស់​លោក​ជា​ដរាប។

"វិធីដែល​ល្អ​ ដើម្បី​ដោះ​បន្ទុក​កូន​ក្តី​របស់​ខ្ញុំ​មាន​តែ​បង្កើត​គណៈកម្មការ​ ចម្រុះ​នេះ​ ចុះ​ទៅ​វាស់​វែង​ យក​និយាមការ​ទី​តាំង​ជាក់​ស្តែង​ដែល​បាន​បោះ​កន្លង​មក។​ ហើយ​ម្យ៉ាង​ទៀត​ ការ​ដែល​តុលាការ​អះអាង​ថា​ មិន​មែន​ជា​កិច្ចការ​របស់​តុលាការ​ក្នុង​ការ​បង្កើត​គណៈកម្មការ ​ហ្នឹង​ជា​ហេតុផល​ម្យ៉ាង​ ប៉ុន្តែ​តុលាការ ​ត្រូវ​បំពេញ​គ្រប់​កិច្ច​ទាំង​ឡាយ​ដើម្បី​រក​ការ​ពិត" ។

គណៈកម្មការចម្រុះ​ ដែល​លោក​ ជួង ជូងី​ បាន​ស្នើ​សុំ​នោះ​ មាន​ការ​ចូល​រួម​ពី​ចៅក្រម​ស៊ើប​អង្កេត​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​តំណាង​ចុង​ចោទ​ នឹង​តំណាង​ដើម​ចោទ​ នឹង​មេធាវី​ដើម​ចោទ​ នឹង​មេធាវី​ចុង​ចោទ​ទាំង​សង​ខាង។​ ក៏​ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ច្រាន​ចោល​ ដោយ​សម្អាង​ថា​ ការ​ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ​ គឹ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ទេ។​ ហើយ​ម្យ៉ាង​ទៀត​រដ្ឋាភិបាល​មាន​គណៈកម្មាធិការ​ព្រំដែន​រួច​ហើយ ។

លោក ​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្រ្ត​ និង​ជា​អ្នក​នំា​ពាក្យ​គណបក្ស​ប្រឆាំង​វិញ​ បាន​និយាយ​ថា​ ករណី​បណ្តឹង​របស់​លោក​ សម រង្ស៊ី​ គឺ​ជា​រឿង​នយោបាយ​ ដែល​គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​ទេ ។

"តុលាការសព្វ​ថ្ងៃ​ ពេល​ខ្លះ​ចៅក្រម​គាត់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​ ដើម្បី​បម្រើ​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណឹង​ទេ។​ យើង​អត់​មាន​ការ​ភ្ញាក់​ផ្អើល​អី​ទាំង​អស់​ ទាក់ទង​រឿង​ករណី​ហ្នឹង​ ហើយ​ម្យ៉ាង​ទៀត​ នេះ​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​ គេ​តែង​តែ​ធ្វើ​ការងារ​អី​ដោយ​មិន​តម្លាភាព " ។

លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​កន្លង​ទៅ​នេះ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​២​ ឆ្នាំ​នឹង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ជាង ៦០​លាន​រៀល​ ជា​មួយ​នឹង​ប្រជាពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ ចេតនា​នូវ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​ប្រទេស​កម្ពុជា​នឹង​ប្រទេស​វៀតណាម​ នឹង​ញុះ​ញុង​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍៕

XS
SM
MD
LG