ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​នយោបាយ៖ លោក​សម រង្ស៊ី​ បាន​ខ្វល់ខ្វាយ​អំពី​អនាគត​នៃ​គណបក្ស​របស់​ខ្លួន


កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ ​មេ​ដឹកនាំ​គណបក្ស​សម រង្ស៊ី ​បាន​ចាប់​ផ្តើម​ស្វែងរក​ការ​គាំទ្រ​ពីសហគមន៍​អន្តរជាតិ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឲ្យ​ខ្លួន​អាច​និវត្ត​មក​ប្រទេស​កម្ពុជា​វិញ​បាន។​ អ្នក​សង្កេត​ការណ៍​នយោបាយ​ជឿ​ថា​ ​លោក​សម រង្ស៊ី​បាន​ខ្វល់ខ្វាយ​ពី​អនាគត​នៃ​គណបក្ស​របស់​ខ្លួន​ ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី​ បាន​ចាត់​ទុក​ថា​ ​នេះ​គឺ​យុទ្ធនាការ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ។

បន្ទាប់​ពី​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​១១ខែ​ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ ​លោក​សម រង្ស៊ី​ បាន​ធ្វើ​សេចក្តី​អំពាវ​នាវ​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ដល់​ក្រុម​សមាជិក​សភា​នៅក្នុង​ពិភព​លោក​ឲ្យ​ផ្តល់​យោបល់​ដល់​រដ្ឋា​ភិបាល​របស់​ពួកគេ​ ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​អាច​វិល​ត្រឡប់​មក​កាន់​មុខងារ​ជា​តំណាង​រាស្រ្ត​ដូច​ធម្មតា​ឡើង​វិញ។

សម្រាប់​មន្រ្តី​អង្គការ​សិទ្ធិមនុស្ស​ និង​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​ ​សេចក្តី​អំពាវនាវ​នេះ​គឺ​បង្ហាញ​អំពី​កង្វល់​មួយ​របស់​មេ​ដឹកនាំ​គណបក្ស​ជំទាស់​សម រង្ស៊ី​ដ៏​មាន​ឥទ្ធិពល។

លោក​ធន សារ៉ាយ​ ​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ADHOC​ ​មាន​ប្រសាសន៍​ថា​ លោក​សម រង្ស៊ី​ មាន​កង្វល់ជា​ពិសេស​សម្រាប់​ការ​រៀបចំ​គណបក្ស​របស់ខ្លួន​ឲ្យ​បាន​ស្រួលបួល​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​នៅ​ឆ្នាំ​២០១២​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ឆ្នាំ​២០១៣។

«នេះ​ជា​ការណ៍​មួយ ​ដែល​គាត់​មាន​ការ​បារម្ភ​ខ្លាច​មិន​បាន​ចូល​មក​វិញ»។

លោក​សម រង្ស៊ី​ ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ផ្តន្ទាទោស​កាល​ពី​ខែ​មករា​ឆ្នាំ​នេះ​ ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួនពីរ​ឆ្នាំ​ពី​បទ​ញុះញ៉ង់​ជាតិសាសន៍​ និង​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទាក់ទង​ ទៅ​នឹង​ការ​ដក​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ ​បង្គោល​ព្រំដែន​នោះ​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹក​ដី។​ ក៏​ប៉ុន្តែ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ​ប្រមាណ​ជា​៣ខែ​ ​មុន​មាន​ការ​សម្រេច​ទោស​នេះ។

លោក​ធន សារ៉ាយ​ ប្រធាន​អង្គការ​ ADHOC​ ​មាន​ប្រសាសន៍​ថា​ ​លោក​សម ​រង្ស៊ី​ ត្រូវការ​វិល​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​គណបក្ស​របស់​ខ្លួន​ថែម​ទៀតនៅពេល​នេះ​ ​បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​យ៉ាង​យូរ​មក​ ​ក៏​ប៉ុន្តែ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី​អាច​នឹង​ធ្វើ​ទៅ​រួច​លុះ​ណា​តែ​គណបក្ស​សម រង្ស៊ី​មាន​ការ​សម្រប​សម្រួល​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ ​ហើយ​លុះណា​តែ​មានអន្តរាគមន៍​ពី​ប្រទេស​ផ្តល់​ជំនួយ​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ។

«សំខាន់​នោះ​ ​ទាល់​តែ​នយោបាយ​មួយ​ដែរ​ ​ដើម្បី​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​កើត។ ​ប្រសិន​បើ​មាន​ទាល់​តែ​មាន​អន្តរាគមន៍​ពី​អ្នក​ទី​៣ ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ការ​សម្រុះ​សម្រួល​គ្នា​នេះ»។

នៅ​ក្នុង​លិខិត​អំពាវនាវ​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិកាល​ពី​ថ្ងៃ​ម្សិលមិញ​ ​លោក​សម រង្ស៊ី ​បាន​រៀបរាប់​ថា​ ​គណបក្ស​ជំទាស់​របស់​លោក​ត្រូវ​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​ជាច្រើន​ដំណាក់​កាល​ ​រាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​រៀង​មក។

លោក​ធន សារ៉ាយ​មាន​ប្រសាសន៍​ថា​ ​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​តែងតែ​យក​ប្រព័ន្ធ​តុលាការ​សម្រាប់​ជា​ឈ្នាន់​គៀប​សង្កត់​ទៅ​លើ​សមាជិក​គណបក្ស​ជំទាស់​ផ្សេងៗ​ ​ដែល​ជា​គូ​ប្រជែង​នឹង​ខ្លួន​ ​ហើយ​ដំណោះ​ស្រាយ​តែងតែ​ត្រូវ​ឆ្លង​កាត់​អន្តរាគមន៍​របស់​សហ​គមន៍​អន្តរជាតិ​ ​ជា​ចាំបាច់​ ​នា​ពេល​កន្លង​មក​ ​ទើប​អាច​ដោះស្រាយ​បាន។

ក្នុង​ឆ្នាំ​កន្លងទៅ​ ​តំណាង​រាស្រ្ត​ពីរ​រូប​ផ្សេង​ទៀត​របស់​គណបក្ស​ជំទាស់​សម រង្ស៊ី​បាន​ទទួល​រង​បណ្តឹង​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​និង​បណ្តឹង​ពី​ក្រុម​យោធា​ខ្មែរ​ ​គឺ​លោកស្រី​មួរ សុខហួរ​ តំណាង​រាស្រ្ត​មណ្ឌល​កំពត ​និង​លោក​ហូ វ៉ាន់ ​តំណាង​រាស្រ្ត​មណ្ឌល​ក្រុង​ភ្នំពេញ។

នា​ពេល​នេះ​មាន​តែ​លោក​ហូ វ៉ាន់​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អភ័យ​ឯក​សិទ្ធិ​ជា​តំណាង​រាស្រ្ត​មក​វិញ​ រីឯ​លោកស្រី​មួរ សុខហ៊ួរ ​និង​លោក​សម រង្ស៊ី​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការព្យួរ​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ។

លោក​ងួន ញ៉ិល​ ​មន្រ្តី​ជាន់​ខ្ពស់​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តោបក្តាប់​អំណាច​រដ្ឋាភិបាលយ៉ាង​រឹងមាំ ​និង​ជា​អនុប្រធាន​ទី១​រដ្ឋសភា​ ​ចាត់​ទុក​ថា​ ​លោក​សម រង្ស៊ី​ កំពុង​តែ​បាត់បង់​ស្មារតី​នៅ​ក្នុង​ការ​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ពីចម្ងាយ​ ​ដែល​ធ្វើ​ឲ្យ​លោក​សម រង្ស៊ី ​ស្វែងរក​ដំណោះ​ស្រាយ​សម្រាប់​ចូល​មក​កាន់​មាតុ​ប្រទេស​វិញ។

ទោះ​ជា​យ៉ាងណា​ ​លោក​ងួន ញ៉ិល ​មាន​ប្រសាសន៍​ថា​ ​សហគមន៍​អន្តរជាតិ​មិន​មាន​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ​ដែល​បាន​សម្រេច​ដាក់​ទោស​លោក​សម រង្ស៊ី​ រួច​ទៅ​ហើយ​នោះ​ទេ​ ​ហើយ​ការ​ស្វែង​រក​អន្តរាគមន៍​ពី​បរទេស​គឺ​ជា​កំហុស​ឆ្គង​មួយ​របស់​លោក​សម រង្ស៊ី ​នៅ​ក្នុង​នាម​ជា​តំណាង​រាស្រ្ត​របស់​ប្រទេស​កម្ពុជា។

«ព័ត៌មាន​ដែល​ខ្ញុំ​ទៅ​ផ្ទាល់​ ​ទៅ​សហ​រដ្ឋ​អាមេរិក​អីៗ​ ​ជួប​នឹង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​ ​រដ្ឋ​សភា​ខ្លះ​ ​ដែល​គេ​និយាយ​ពី​គាត់​ស្នើ​សុំ​ឲ្យ​គេ​ធ្វើ​អញ្ចេះ​ ​ធ្វើ​អញ្ចុះ​ ​ប៉ុន្តែ​គេ​មិន​ធ្វើ​តាម​នោះ​ទេ»។

ទោះជា​យ៉ាង​នេះ​ក្តី​ ​លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ពី​ប្រទេស​អង់គ្លេស​មកដោយ​ចាត់​ទុក​ថា​ ​សំណុំ​រឿង​របស់​លោក​កើត​ឡើង​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ពី​គណបក្ស​កាន់អំ​ណាច​ ដែល​ចាំ​បាច់​ត្រូវតែ​រកវិធី​ដោះស្រាយ​តាម​លំនាំ​នយោបាយ​មួយ​ ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល។ ​លោក​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។

លោក​និយាយថា​ ​«បញ្ហា​នយោបាយ​តម្រូវ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ។ ​ដូច្នេះ​បញ្ហា​នយោបាយ​នេះ​ត្រូវតែ​មាន​ដំណោះ​ស្រាយ​នយោបាយ​ថា្នក់​ជាតិ​ ​ថ្នាក់​អន្តរជាតិ។​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​កំពុង​តែ​ធ្ចើ​ចលនា​ជាមួយ​និង​តំណាង​រាស្រ្ត​នៃ​ប្រទេស​នានា​ក្នុង​ពិភព​លោក។​ ​លុះណា​មាន​ដំណោះ​ស្រាយ​នយោបាយ​ហើយ​ ​ទើប​បាន​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​បញ្ជា​ទៅ​តុលាការ»។

លោក​សម រង្ស៊ី​ចាត់​ទុក​ថា​ ​ការ​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរ​ជាតិ​របស់​លោក​នៅ​ពេល​នេះគឺ​ជាយុទ្ធនាការមួយ​ដើម្បី​ស្រោចស្រង់​ការ​គោរព​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ ​ជាពិសេស​ការ​ផ្តល់​សិទ្ធិ​ សេរីភាព​សម្រាប់​គណបក្ស​ជំទាស់​ឲ្យ​បាន​ពេញ​លេញ​ ​ក៏​ប៉ុន្តែ​មន្រ្តី​គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​ស្តី​បន្ទោស​ថា​ ​គណបក្ស​សម រង្ស៊ី​បាន​ដើរ​ជ្រុលហួស​ពី​ព្រំដែន​នៃ​ការ​ប្រឆាំង​របស់​ខ្លួន។

លោក​សម រង្ស៊ី ​គ្រោង​នឹង​ធ្វើ​ដំណើរ​ស្វែងរក​ការ​គាំទ្រ​ពី​សហភាព​អន្តរ​សភា​នៅ​ប្រទេស​ស្វីស​ នៅ​ដើម​ខែ​តុលា​ខាងមុខ​នេះ​ ​មុន​នឹង​លោក​ចេញ​ដំណើរ​ស្វែង​រក​ការ​គាំទ្រ​ពី​សភា​អឺរ៉ុប​ និង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កាណាដា​ និង​សហ​រដ្ឋ​អាមេរិក​ដើម្បី​ស្វែង​រក​ និង​ជួប​តំណាង​រាស្រ្ត​នៃ​ប្រទេស​ទាំង​ពីរ​នេះ៕

XS
SM
MD
LG