ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម​រង្ស៊ី​ស្វែង​​រក​អន្ដរាគមន៍​ពី​សហគម​ន៍​អន្ដរជាតិ​ដើម្បី​អាច​វិល​​ចូល​​ប្រទេស​វិញ


មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​នេះ​ ​បាន​អំពាវនាវ​រក​អន្ដ​រាគមន៍​ពី​សហគមន៍​អន្ដរជាតិ​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​បាន។ ​សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​ប្រធាន​គណបក្ស​កាន់​អំណាច​បាន​បដិសេធ​មិន​ព្រម​ធ្វើ​អន្ដរាគមន៍​ទៅ​រដ្ឋា​ភិបាល​ ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​លោក​នោះ​ទេ។

មេ​ដឹកនាំ​គណបក្ស​ជំទាស់ ​ដែល​កំពុង​តែ​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ ​គឺ​លោក​សម រង្ស៊ី ​បានអំពាវ​នាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ឲ្យ​ក្រុម​តំណាង​រាស្រ្ត​អន្តរ​ជាតិ​នៅ​ក្នុង​ពិភព​លោក​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ ​ប្រយោជន៍​ដើម្បី​ឲ្យ​លោក​មាន​លទ្ធភាព​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន។

លោក​សម រង្ស៊ី ​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ គឺ​នៅ​មុន​ពេលដែល​តុលាការ​ខ្មែរ​ផ្តន្ទា​ទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ ​ពី​បទ​ញុះញង់​ជាតិ​សាសន៍​ និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ដែល​ទាក់​ទង​ទៅនឹង​ការ​ដក​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ នៅ​ក្នុង​ស្រុក​ចន្រ្ទា​ ​ខេត្ត​ស្វាយរៀង។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សមាជិក​សភា​ប្រទេស​នានា​ ​នៅ​ថ្ងៃនេះ​ ​លោក​សម រង្ស៊ី​អំពាវនាវ​ឲ្យ​សមាជិក​ សភា​ទាំង​នោះ​ រួបរួម​សាមគ្គី​គ្នា​ដើម្បី​ជួយ​ឲ្យ​រូប​លោកបាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​ជា​តំណាង​រាស្រ្តនៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​តាម​រយៈ​សមាជិក​សភាអន្តរ​ជាតិ​ទាំង​នោះ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​របស់​ពួក​គេ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ។​ លោក​សម រង្ស៊ី​ចាត់​ទុក​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ជារដ្ឋា​ភិបាល​ផ្តាច់ការ។

ឆ្លើយ​តប​តាម​ទូរ​ស័ព្ទ​ពី​ទីក្រុង​លីវើភូល​ ​ប្រទេស​អង់គ្លេស​ ​នៅ​ល្ងាចនេះ​ ​ជាទី​ដែល​លោក​បាន​ចូល​រួម​សមាជ​របស់​គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នោះ​ ​លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ថា​ ​លោក​បាន​បញ្ជូន​លិខិត​អំពាវនាវ​របស់​លោក​ទៅ​កាន់​សហភាព​អន្តរ​សភា ទៅកាន់​សភា​អ៊ឺរ៉ុប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៊្រុយសែល​ ​ទៅ​កាន់​សភា​ប្រទេស​បារាំង ​និង​សភា​ប្រទេស​អ៊ីតាលី។

មេ​ដឹកនាំ​គណបក្ស​ជំទាស់​ដដែល​នេះរំពឹង​ថា​ ​សមាជិក​សភា​ទាំង​នោះនឹង​ជួយ​ដល់​រូបលោក។

«គេ​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​គោរព​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ»។

ផ្ទុយ​ទៅ​វិញ​ ​លោក​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​ចាត់ទុក​ថា​ ​នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​សម រង្ស៊ី ​ដែល​នឹង​មិនអាច​រក​ដំណោះ​ស្រាយ​បាន​ឡើយ។

«សំអាង​ទៅលើ​បរទេស​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រាជ​រដ្ឋាភិបាលគឺ​ជា​កំហុស​ធ្ងន់​ ​ហើយ​គួរ​ឲ្យ​សោក​ស្តាយ​នៃ​មោទន​ភាព​ជា​កូន​ខ្មែរ​ម្នាក់​ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ ​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ខ្ញុំ​អ្នក​ណា​ទេ។​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ឯករាជ្យ»។

សូម​បញ្ជាក់​ថា​ ​ការ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរ​ជាតិ​របស់​លោក​សម​ រង្ស៊ី​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ ប្រធាន​គណបក្ស​គ្រប់គ្រង​អំណាច​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ​គឺ​លោក​ជា ស៊ីម ​បាន​បដិសេធ​កាល​ពីសប្តាហ៍​មុន​មិន​ព្រមធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ដល់​លោក​សម រង្ស៊ី​ឲ្យ​ទទួល​បាន​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​របស់​លោក​មក​វិញ។

នៅ​ក្នុង​ពិធី​សម្ពោធន៍​ស្ពាន​ព្រែកព្នៅ​ ​ជាយ​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹកមិញ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ​ហ៊ុន សែន​បាន​ប្រកាស​ទុក​ជា​មុន​ថា​ ​លោក​នឹង​មិន​ជួយ​ធ្វើ​អន្តរាគមន៍​ណា​មួយ​នៅ​ក្នុង​ការ​លើក​លែង​ទោស​ជូន​លោក​សម រង្ស៊ី ​នោះទេ៕

XS
SM
MD
LG