ភ្នំពេញ៖ សាលាឧទ្ឋរណ៍នៅថ្ងៃព្រហស្បត៍នេះ បានកំណត់យកនៅថ្ងៃទី៩ខាងមុខនេះ ដើម្បីបើកសវនាការ ជំនុំជម្រះសាជាថ្មីលើរឿងក្តីបណ្តឹងឧទ្ឋរណ៍របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀត ដែលពាក់ព័ន្ឋទៅនឹងការដកតម្រុយបង្គោលព្រំដែនលេខ ១៨៥ រវាងប្រទេសកម្ពុជា និងវៀតណាម និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។
កាលពីថ្ងៃអង្គារ៍ សាលាឧទ្ឋរណ៍បានលើកពេលជំនុំជម្រះលើករណីបណ្តឹងឧទ្ឋរណ៍របស់លោកសម រង្ស៊ី ដោយសារតែមេធាវីការពារក្តីជនជាប់ចោទទាំងពីររូប បានទាមទារឲ្យមានវត្តមានរបស់លោកព្រំ ជា និងលោកស្រី មាស ស្រី ដែលជាម្ចាស់ដីនៅក្នុងបន្ទប់សវនាការ។
នៅក្នុងដីកាកោះអញ្ចើញមួយច្បាប់ ដែលមានចុះហត្ថលេខាដោយលោកង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍បានកោះអញ្ចើញលោកសម រង្ស៊ី ដែលពេលនេះកំពុងស្នាក់នៅឯបរទេសឲ្យមកចូលរួមនៅក្នុងបន្ទប់សវនាការជំនុំជម្រះនៅថ្ងៃសុក្រស្អែកនេះ។
លោក ជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ី បាននិយាយថា លោកបានទទួលដីកាកោះរបស់តុលាការរួចហើយ។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើជនជាប់ចោទទាំងពីររូប គឺលោកព្រំ ជា និងអ្នកស្រីមាស ស្រី ពុំមានវត្តមាននៅក្នុងបន្ទប់សវនាការទេនោះ យុត្តិធម៌មិនអាចមានចំពោះកូនក្តីរបស់លោកទេ។ លោកបន្តទៀតថា៖
«ពីព្រោះ មិនអាចរកយុត្តិធម៌ឃើញសម្រាប់កូនក្តីខ្ញុំ ប្រជាពលរដ្ឋទាំងពីររូបកំពុងជាប់ពន្ឋនាគារហ្នឹងឯង គឺជាម្ចាស់ដី គឺជាប្រភពដើមនៃរឿងហេតុកើតឡើង។ អញ្ចឹងគាត់ត្រូវការមកឆ្លើយបំភ្លឺនៅតុលាការ ដើម្បីការពារសិទ្ឋិរបស់គាត់ ហើយខ្ញុំក៏ត្រូវការសួរដេញដោលឲ្យគាត់បំភ្លឺ ដើម្បីការពារសិទ្ឋិស្របច្បាប់របស់កូនក្តីខ្ញុំដែរ»។
លោក ង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាសាលាឧទ្ឋរណ៍បានបញ្ជាក់ថា លោកបានបញ្ជាឲ្យនាំជនជាប់ចោទទាំងពីររូបទៅនាយកដ្ឋានពន្ឋនាគាររួចហើយ ហើយលោកសង្ឃឹមថា នៅក្នុងសវនាការនៅថ្ងៃសុក្រស្អែកនេះ នឹងមានវត្តមានពួកគេ។ លោកមានប្រសាសន៍យ៉ាងខ្លីថា៖
«បែបបទកោះអញ្ជើញបានចេញអស់ហើយ»។
គណៈកម្មាធិការប្រព្រឹត្តកម្មនៃសមាគនការពារសិទ្ឋិមនុស្សកម្ពុជាកាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានរិះគន់ថា នីតិវិធីរបស់សាលាឧទ្ឋរណ៍ ចំពោះរឿងក្តីរបស់លោកសម រង្ស៊ី មានភាពមិនប្រក្រតី។ គណៈកម្មាធិការនេះ ក៏បានលើកឡើងផងដែរថា លោកព្រំ ជា និងលោកស្រីមាស ស្រី គួរតែមាន វត្តមាននៅក្នុងបន្ទប់សវនាការ ដើម្បីគោរពតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
លោក សម រង្សី ត្រូវបានតុលាការខេត្តស្វាយរៀង បានកាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំ ចំណែកលោកព្រំ ជា និងលោកស្រីមាស ស្រី ត្រូវបានកាត់ទោសឲ្យជាប់ពន្ឋនាគារក្នុងរយៈពេល១ឆ្នាំពីបទ ធ្វើឲ្យខូចខាតដោយចេតនា នូវតម្រុយបង្គោលព្រំដែនលេខ ១៨៥ រវាងប្រទេសកម្ពុជា និងវៀតណាម និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍៕