ក្រុមអ្នកវិភាគ បាននិយាយនៅថ្ងៃពុធនេះថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តការវាយប្រហារបន្តុះបង្អាប់គូរសត្រូវនយោបាយរបស់លោកមុនការបោះឆ្នោតមកដល់ បន្ទាប់ពីសុន្ទរកថា ដែល លោកបានលើកឡើងពីកិត្តិយសក្នុងការជួយបង្កើតគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្សី កន្លង មកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ័នៅសាលាភូមិន្ទរដ្ឋបាល កាលពី ថ្ងៃច័ន្ទថា លោកបានណែនាំ និងជួយបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខានៅក្នុងឆ្នាំ២០០៧ និងបានណែនាំលោក សម រង្សី ដាក់សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូររូបមន្ត សម្រាប់បង្កើតរាជរដ្ឋាភិបាលពីសំឡេងសមាជិករដ្ឋសភាពីរភាគបី មកសំឡេង៥០ភាគរយបូកមួយ ហើយគ្រប់គណបក្សនយោបាយទាំងអស់សុទ្ធតែសុំយោបល់របស់លោក រួមទាំងគណបក្ស សម រង្សី ។
ក្រុមអ្នកវិភាគបានចាត់ទុកការទម្លាយរឿងសម្ងាត់នយោបាយរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយ នឹង គូសត្រូវនយោបាយរបស់លោក គឺលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងលោក សម រង្សី ប្រធានគណបក្សសម រង្សី ថាជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់ក្នុងការធ្វើឱ្យទន់ខ្សោយ ដល់ប្រជាប្រិយភាព និងឥទ្ធិពលនយោបាយរបស់គណបក្សប្រឆាំង។
លោកឡាវ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី បានថ្លែងថាការទម្លាយ រឿងសម្ងាត់នេះ អាចធ្វើឱ្យអ្នកបោះឆ្នោតលែងជឿទុកចិត្តលើគណបក្សសម រង្សី និងគណបក្សសិទ្ធិមនុស្ស ហើយបែរជាមកផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជាវិញ។
លោក ឡាវ ម៉ុងហៃ បានបន្ថែមថាយុទ្ធសាស្ត្រនេះអាចធ្វើជាការសាកល្បងលើការគាំទ្រ ឬប្រជាប្រិយភាព របស់គណបក្សកាន់អំណាចនៅតែរឹងមាំដដែល ឬ កាន់តែរឹងមាំថែមទៀត ឬ ចុះអន់ថយ។
«ការទម្លាយរឿងសម្ងាត់នៅក្នុងកាលៈទេសៈសព្វថ្ងៃ គឺប្រហែលជាប្រយោជន៍ទៅដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ ហើយការផ្សព្វផ្សាយរឿងសម្ងាត់នេះប្រហែលជាធ្វើឱ្យមានការច្រឡូកច្រឡំ ឬ បង្កើត ការមិនទុកចិត្តពីសាធារណៈទៅលើគណបក្ស។ យុទ្ធសាស្ត្នេះមិនមានអ្វីថ្មីទេ ក្នុងការស្វែងរកអំណាច យកមកកាន់កាប់ ឬ ប្រមូលការគាំទ្រអំណាចដែលមានស្រាប់»។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការបោះឆ្នោតអព្យាក្រិត្យ និងមិនលំអៀង (និចហ្វិក) បានថ្លែងថាការទម្លាយរឿងសម្ងាត់នេះអាចធ្វើឱ្យគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្សី បាត់បង់ សេចក្តីទុកចិត្តពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតខាងមុខ ហើយប្រជាពលរដ្ឋបែរជាមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងវិញ។
«នេះអាចជាហេតុផលមួយ ដើម្បីឱ្យការទុកចិត្តរបស់ប្រជាពលរដ្ឋមានការពិនិត្យឡើងវិញនូវអ្វីដែលជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ។ខ្ញុំគិតថាការទម្លាយរឿងសម្ងាត់នេះគឺជាយុទ្ធសាស្ត្រដណ្តើមសន្លឹកឆ្នោត»។
លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាពបាន ថ្លែងថាការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺជាវេទិកានយោបាយមួយ ដ៏សំខាន់ ដើម្បីប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត។
«អ្វីទាំងអស់ដែលគណបក្សនយោបាយកំពុងតែធ្វើ ដើម្បីទាញយកប្រជាប្រិយភាពដល់គណបក្សរបស់ខ្លួន និងដើម្បីកាត់បន្ថយប្រជាប្រិយភាពរបស់គណបក្សនយោបាយដទៃ។ នេះគឺជានយោបាយមួយ ដែលខ្ញុំគិតថាគណបក្សនយោបាយទាំងអស់កំពុងតែប្រើនៅកម្ពុជានេះ ដើម្បីឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣។ វាអាចចូលទៅក្នុងទ្រឹស្តី Divide and Conquerដើម្បីបំបែកបំបាក់គណបក្សដែលប្រឆាំងជាមួយនឹងគណបក្សរបស់ខ្លួន»។
លោកប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានថ្លែងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើ ល្បិចចាស់ ដើម្បីបន្តុះបង្អាប់ គណបក្សសិទ្ធិមនុស្ស។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្សី បានបញ្ជាក់ថាគណបក្ស សម រង្សី គ្មានរឿងសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ក្នុងឆ្នាំ២០០៦ លោក សម រង្សី ធ្លាប់បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅគេហដ្ឋានរបស់លោក ហើយក៏អាចនិយាយគ្នាតាមទូរស័ព្ទ៕