ភ្នំពេញ៖ មេដឹកនាំគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានអំពាវនាវនៅថ្ងៃសុក្រនេះ សុំឲ្យសហគមន៍អន្ដរជាតិផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាក្ដីខ្មែរក្រហមជាបន្ថែមទៀត ក៏ប៉ុន្ដែលោកជា ស៊ីម បានព្រមានថា ការផ្ដល់ជំនួយណាមួយទៅដល់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមគួរតែមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់សន្ដិភាពនៅក្នុងប្រទេសកម្ពុជានោះទេ។
«សូមអំពាវនាវសហគមន៍អន្ដរជាតិ បន្ដផ្ដល់ការគាំទ្រទាំងស្មារតី និងហិរញ្ញវត្ថុដល់ដំណើរការនេះឲ្យបានបញ្ចប់ដោយជោគជ័យ ដោយឈរលើមូលដ្ឋានការពាររាល់សមិទ្ធិផលសង្គម ជាពិសេសគឺសន្ដិភាព និងការបង្រួបបង្រួមជាតិដែលកម្ពុជាខិតខំដណ្ដើមបានមកយ៉ាងលំបាកបំផុតនេះ»។
សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្វើឡើងក្នុងពិធីរំលឹកខួបលើកទី៣២ នៃថ្ងៃជ័យជម្នះ ៧ មករា លើពួកខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ។ ពួកខ្មែរក្រហមបានកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយបានបង្កឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិចចំនួន ១,៧ លាននាក់ស្លាប់បាត់បង់ជីវិត។
សេចក្ដីអំពាវនាវរបស់លោក ជា ស៊ីម ធ្វើឡើងស្របពេលដែលសាលាក្ដីខ្មែរក្រហមកំពុងតែស្វះស្វែងរកជំនួយថវិកាជាបន្ថែមទៀត។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាមានប្រសាសន៍ថា ភាគីកម្ពុជាក្នុងសាលាក្ដី កំពុងត្រូវការនូវទឹកប្រាក់ជំនួយជាងប្រាំពីរលានដុល្លារទៀតសម្រាប់ឆ្នាំ ២០១១ រីឯថវិកាខាងភាគីអង្គការសហប្រជាជាតិនឹងត្រូវអស់នៅក្នុងអំឡុងបីខែទៀត។
«សម្រាប់ភាគីជាតិថវិកាក្នុងការដំណើរការនៅឆ្នាំ ២០១១ ដែលត្រូវការជាងដប់លានដុល្លារ នៅខ្វះ៧,៥ លានដុល្លារទៀត។ បើតាមខ្ញុំដឹងភាគីអន្ដរជាតិមានថវិកាសម្រាប់ដំណើរការតែបីខែដំបូងឆ្នាំ ២០១១ នេះទេ»។
ទោះជាយ៉ាងណាមន្រ្តីផ្លូវការរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថាសាលាក្តីនេះ គ្រោងនឹងជួប ជាមួយសហគមន៍ផ្តល់ជំនួយដើម្បីជជែកពិភាក្សាអំពីបញ្ហាថវិកានៅក្នុងអំឡុងខែមករានេះក្នុងបូរី New York សហរដ្ឋអាមេរិក។
អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការលើបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទោស ឌុច ក្នុងសំណុំរឿងលេខ ០០១ នៅខែមិនាឆ្នាំ ២០១១ នេះ។ ឌុច អតីតប្រធានគុកទួលស្លែងដែលត្រូវអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីពិសេសនេះផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន៣៥ ឆ្នាំ ក៏ប៉ុន្ដែទោសនេះត្រូវកាត់កងអស់នៅសល់ត្រឹមតែ ១៩ ឆ្នាំតែប៉ុណ្ណោះ។
ដោយឡែកសាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការក្នុងសំណុំរឿងលេខ០០២ នៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំនេះ។ សំណុំរឿងដ៏មានសារៈសំខាន់នេះមានជនជាប់ចោទដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួន ៤ នាក់ គឺ នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។
សហចៅក្រមស៊ើបអង្កេតអន្ដរជាតិបានទាមទារ និងចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើករណីសំណុំរឿងលេខ០០៣ និងលេខ០០៤ បន្ថែមទៀតក៏ប៉ុន្ដែសហភាគីកម្ពុជាបានជំទាស់។ សំណុំរឿងនេះនឹងមានជនជាប់សង្ស័យចំនួនប្រាំនាក់ដែលជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ ទោះជា យ៉ាងណារដ្ឋាភិបាលកម្ពុជា បានជំទាស់និងព្រមានម្ដងហើយម្ដងទៀតចំពោះការស៊ើបអង្កេតនិងការចាប់ខ្លួនជនសង្ស័យនៅក្នុងសំណុំរឿងទាំងពីរចុងក្រោយដោយសំអាងថាវាអាចបណ្ដាលឲ្យប៉ះពាល់ដល់សន្ដិសុខ និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជា៕