គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានបង្ហាញជំហររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះដោយប្រឆាំងចំៗមិនឲ្យមានការកាត់ទោសសំណុំរឿងបន្ថែម០០៣ និងសំណុំរឿង០០៤ដោយសាលាក្ដីខ្មែរក្រហមនោះទេ។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតគណៈកម្មការកណ្ដាលរយៈពេលពីរថ្ងៃដែលបានបញ្ចប់នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ខ្លួនគាំទ្រការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដោយអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬដែលគេស្គាល់ថាជាសាលាក្ដីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា។ ក៏ប៉ុន្ដែជាមួយគ្នានេះគណបក្សកាន់អំណាចបានឆ្លៀតបញ្ជាក់ថា ការគាំទ្ររបស់ខ្លួនត្រូវផ្អែកលើមូលដ្ឋានសន្ដិភាព ស្ថិរភាព និងការផ្សះផ្សារជាតិដោយស្របទៅតាមទស្សនៈរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោកហ៊ុន សែន ដែលបានបញ្ជាក់ប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន កាលពីខែតុលា ឆ្នាំ២០១០ ថា លោកមិនត្រូវការឱ្យមានការកាត់ទោសជនសង្ស័យបន្ថែមលើសពីជនសង្ស័យដែលត្រូវចាប់ខ្លួនរួចទៅហើយនោះទេ។
លោក ជាម យៀប តំណាងរាស្ដ្រនិងជាសមាជិកគណៈកម្មការអចិន្ដ្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់បន្ថែមថាជំហររបស់គណបក្សកាន់អំណាចគឺគាំទ្រទស្សនៈលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។
«យើងត្រូវកាត់ទោសចំពោះតែបុគ្គលដែលដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហម អញ្ចឹងយើងត្រូវកាត់ទោសតែសំណុំរឿង០០១ និង០០២តែប៉ុណ្ណឹងទេ»។
កាលពីថ្ងៃពុធម្សិលមិញនេះលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាក៏បានព្រមានជាប្រយោលមិនចង់ឲ្យមានការកាត់ទោសសំណុំរឿងដូចគ្នានេះដែរ។ សំណុំរឿងបន្ថែមដែលគេដឹងក្រៅផ្លូវការថាមានជនជាប់សង្ស័យសរុបចំនួនប្រាំនាក់ ក្នុងនោះមានអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមដ៏មានឥទ្ធិពលចំនួនពីររូបគឺលោក ស៊ូ ម៉េត និងលោកមាស មុត។
លោកឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យកម្ពុជាមានប្រសាសន៍ថា នេះគឺជាការបញ្ជាក់ជំហរឡើងវិញ របស់គណបក្សប្រជាជនកម្ពុជាដើម្បីពង្រឹងជំហររបស់លោក ហ៊ុន សែន ដែលបានបង្ហាញជាសាធារណៈកាលពីពេលមុន ក៏ប៉ុន្ដែជំហរនេះក៏អាចក្លាយជាឧបសគ្គសល់សាលាក្ដីខ្មែរក្រហមផងដែរ។
«នេះកាន់តែរារាំងថែមទៀតហើយក្នុងការធ្វើការស៊ើបអង្កេតជាបន្ដពីសំណាក់តុលាការ»។
សាលាក្ដីខ្មែរក្រហមទើបតែបានកាត់ទោសសំណុំរឿង០០១ ករណីឌុចចប់សព្វគ្រប់មួយជំហានកាលពីខែមិនា កន្លងទៅហើយនៅដំណាក់កាលអង្គជំនុំជម្រះតុលាការកំពូល។ នៅក្នុងពេលនេះសាលាក្ដីខ្មែរក្រហមកំពុងរៀបចំកាត់ទោសនៅក្នុងសំណុំរឿង០០២ បន្ថែមទៀតដែលមានជនជាប់ចោទដែលជាអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធិរិទ្ធ។ ជនសង្ស័យទាំងនេះត្រូវចាប់ខ្លួន និងចោទប្រកាន់ទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ ចន្លោះពីឆ្នាំ ១៩៧៥-១៩៧៩។ រហូតមកទល់ពេលនេះភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមនៅមិនទាន់បានបង្ហាញជំហរសហការក្នុងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣និង០០៤នៅឡើយទេ។
សូមបញ្ជាក់ថានៅក្នុងការបិទបញ្ចប់សន្និបាតគណៈកម្មការកណ្ដាលរបស់ខ្លួនគណបក្សប្រជាជនកម្ពុជាក៏បានប្រកាសគាំទ្រជាថ្មីម្ដងទៀតចំពោះបេក្ខភាពលោកហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងសម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រនៅក្រោយៗទៀត។
លោក ជាម យៀប បញ្ជាក់ថាបេក្ខជនលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានសារៈសំខាន់និងមានសក្ដានុពលសម្រាប់គណបក្សកាន់អំណាចដោយសារតែលោកមានភាពឈ្លាសវៃ មានបទពិសោធន៍ខ្ពស់និងមានប្រជាប្រិយភាព។
លោក ឡៅ ម៉ុងហៃ មានប្រសាសាន៍ថា ការរក្សាបេក្ខភាពនាយករដ្ឋមន្ដ្រីដដែលៗសម្រាប់គណបក្សឈ្នះឆ្នោត គឺជារឿងធម្មតានៅក្នុងពិភពលោក។ ផ្ទុយទៅវិញលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលទើបនឹងទទួលរងការទម្លាយឯកសារសន្ទនាជាមួយលោកហ៊ុន សែន បានរិះគន់ថាការតែងតាំងបេក្ខភាពនាយករដ្ឋមន្ដ្រីដដែលៗរបស់លោកហ៊ុន សែន បង្ហាញថាគណបក្សប្រជាជនកម្ពុជាមិនមានគោលការណ៍លទ្ធិប្រជាធិបតេយ្យខ្វះធនធានមនុស្សសម្រាប់ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ដ្រី៕