គណបក្សរាជានិយមពីរ ដែលត្រូវបានបំបែកចេញពីគ្នានៅមុនពេលបោះឆ្នោតកាលពីឆ្នាំ ២០០៨ នៅថ្ងៃនេះ បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នាដោយរំពឹងថា អាចនឹងមានលទ្ធភាពច្របាច់គណបក្សបញ្ចូលគ្នាឡើងវិញ។ ក៏ប៉ុន្ដែមន្ដ្រីសង្គមស៊ីវិលចាត់ទុកថា ការទាក់ទាញបាន នូវការគាំទ្រពីម្ចាស់ឆ្នោតឲ្យបានច្រើននោះ មិនទាន់មានភាពជាក់លាក់សម្រាប់គណបក្សទាំងពីរនៅឡើយ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលជាគណបក្សរាជានិយមបងប្អូនគូសត្រូវនឹងគ្នា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃចន្ទនេះ ដែលគេមើលឃើញថា ជាការប៉ុនប៉ងស្ដារប្រជាប្រិយភាពឡើងវិញ សម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅឆ្នាំ ២០១៣។
លោក កែវ ពុទ្ធរស្មី ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណបក្ស ហ្វុនស៊ីនប៉ិច មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានោះថា គណបក្សទាំងពីរនឹងបង្កើតរចនាសម្ពន្ធ័សហការគ្នានៅទូទាំងប្រទេស មុននឹងសម្លឹងមើលការច្របាច់បញ្ចូលគ្នា។
“តាមរយៈនៃសម្ព័ន្ធភាពនេះ គណបក្សយើងទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធចម្រុះមួយ ដែលឈានទៅរក គោលដៅចុងក្រោយ គឺការបង្រួបបង្រួមនៃគណបក្សយើងទាំងពីរ ឲ្យទៅជាគណបក្សនយោបាយមួយ ស្របតាមការចង់ បានរបស់បងប្អូនជនរួមជាតិយើងជាទូទៅ" ។
គណបក្សហ្វុនស៊ិនប៉ិចបានជួបជម្លោះផ្ទៃក្នុងកាលពីខែតុលា ឆ្នាំ ២០០៦ ហើយបានបង្កឲ្យមានការបំបែកគណបក្សជាពីរ គឺគណបក្សហ្វុនស៊ិនប៉ិច ដែលដឹកនាំដោយលោក ញ៉ឹក ប៊ុនឆៃ នឹងលោក កែវ ពុទ្ធរស្មី នឹងគណបក្ស នរោត្តម រណរិទ្ធ ដែលដឹកនាំដោយព្រះអង្គម្ចាស់ រណរិទ្ធ ហើយក្រោយមក គណបក្សនេះបានប្ដូរឈ្មោះទៅជាគណបក្សជាតិនិយមវិញ បន្ទាប់ពីព្រះអង្គម្ចាស់រណរិទ្ធ លាលែងចេញពីឆាកនយោបាយ។ ព្រះអង្គម្ចាស់នរោត្តម រណរិទ្ធ ធ្លាប់បានចោទប្រកាន់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលូកដៃចូលអន្ដរាគមន៍ក្នុងជម្លោះផ្ទៃក្នុងរបស់គណបក្សហ្វុនស៊ិនប៉ិចនេះ។
លោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយមមានប្រសាសន៍ថា ជម្លោះផ្ទៃក្នុងនោះគឺជាបទពិសោធន៍នយោបាយយ៉ាងជូរចត់ ហើយលោករំពឹងថា ការធ្វើសហការគ្នាលើកនេះ នឹងមានភាពស្មោះត្រង់នឹងគ្នា។
“យើងទាំងអស់គ្នាបានបំភ្លេចចោលនូវអតីតកាល ហើយចាត់ទុកថា នេះគឺជាបទពិសោធន៍នយោបាយមួយ។ ខ្ញុំសង្ឃឹមថា ការធ្វើសម្ព័ន្ធភាពរវាងគណបក្សយើងទាំងពីរនៅថ្ងៃនេះ នឹងអនុវត្តប្រកបដោយភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក " ។
គណបក្សហ្វុនស៊ិនប៉ិច នឹងគណបក្សជាតិនិយម ឈ្នះបានអសនៈតែពីរប៉ុណ្ណោះសម្រាប់គណបក្ស និមួយៗកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅខែកក្កដា ឆ្នាំ ២០០៨ ក្នុងចំណោមអសនៈ សរុបចំនួន ១២៣ នៅក្នុងរដ្ឋសភាខណៈដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបច្ចុប្បន្ន ទទួលបានរហូតទៅដល់ ៩០ អសនៈ ។
ដូច្នេះហើយគណបក្សទាំងពីរមានគោលការណ៍ច្របាច់បញ្ចូលគ្នាឡើងវិញ ដែលទំនងជាអាចធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ ២០១៣។
លោកស្រី ពង់ ឈីវហ្គិច ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ការចងសម្ព័ន្ធភាព ឬការច្របាច់បញ្ចូលគ្នាឡើងវិញរបស់គណបក្សទាំងពីរ នឹងជួយឲ្យគណបក្សទាំងពីរ អាចមានឱកាសបង្កើនការគាំទ្ររបស់ខ្លួនឡើងវិញដែរ។ ក៏ប៉ុន្ដែលោកស្រី ពង់ ឈីវហ្គិច ជឿថា ជ័យជំនះរបស់គណបក្សទាំងពីរដែលនឹងបញ្ចូលគ្នាជាគណបក្សតែមួយក្នុងពេលអនាគតពឹងផ្អែកទាំងស្រុងលើឆន្ទៈម្ចាស់ឆ្នោត៕