ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​រាជា​និយម​ដែល​បែកបាក់​គ្នា​នឹង​រៀបចំ​សមាជ​រួបរួម​គ្នា​ឡើង​វិញ


ព្រះ​អង្គម្ចាស់ ​នរោត្តម រណឫទ្ធិ​ អតីត​ប្រធាន​​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឥឡូវនេះ​ជា​ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ។
ព្រះ​អង្គម្ចាស់ ​នរោត្តម រណឫទ្ធិ​ អតីត​ប្រធាន​​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឥឡូវនេះ​ជា​ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ។

ភ្នំពេញ៖ គណបក្ស​រាជា​និយម​ ​ដែល​បាន​បែកបាក់​គ្នា​ ​នឹង​រៀបចំ​ធ្វើ​សមាជ​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ជាតិ​និយម​មក​រួបរួម​គ្នា​ឡើងវិញ​ ​ដើម្បី​បង្កើន​កម្លាំង​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ខាង​មុខ​ ​បន្ទាប់​ពី​គណបក្ស​ទាំងពីរ​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨។ ​សមាជ​នេះ​ទំនង​ជា​នឹង​ហៅ​រក​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ ​រណ​ឫទ្ធិ ​មក​ដឹកនាំ​ជា​ថ្មី។ ​ប៉ុន្តែ​សម្តេច​ក្រុម​ព្រះ​មិន​មាន​ព្រះទ័យ​វិល​មក​ឆាក​នយោបាយ​វិញ​ទៀត​ទេ។

គណបក្ស​រាជា​និយម​នឹង​ធ្វើ​សមាជ​នៅ​ឆ្នាំ​ក្រោយ​ ​សំដៅ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​ការ​រួបរួម​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ជាតិ​និយម​ ​ដែល​បាន​បែកបាក់​គ្នា​ និង​ដើម្បី​យាង​ព្រះ​អង្គម្ចាស់​ ​នរោត្តម​រណឫទ្ធិ​ ​មក​ដឹកនាំ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​ជាតិ​និយម​ ឬ​គណបក្ស​នរោត្តម​រណឫទ្ធិ​ ​បាន​ទទួល​រង​នូវ​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​ បន្ទាប់​ពី​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បែកបាក់​គ្នា។

មន្ត្រី​គណបក្ស​បាន​បញ្ជាក់​ថា​ ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​ជាតិ​និយម​នៅ​ទូទាំង​ប្រទេស​នឹង​ចូលរួម​នៅ​ក្នុង​សមាជ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០១១​ ដើម្បី​អនុម័ត​លក្ខន្តិកៈ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ​ព្រម​ទាំង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិចសម្រាប់​ការ​រួបរួម​គ្នា​ ​មុន​ការ​បោះឆ្នោត​ឃុំ​ឆ្នាំ​២០១២​ ​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

លោក ​យូ ហុកគ្រី​ ​អនុប្រធាន​ទី១​នៃ​គណបក្ស​ជាតិ​និយម​ ​បាន​ថ្លែង​ថា​ ​សមាជ​នេះ​មាន​គោល​បំណង​នាំ​យក​គណបក្ស​ទាំង​ពីរ​មក​រួមរួប​គ្នា ​និង​យាង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ ​រណឫទ្ធិ​ ​មក​ដឹកនាំ​គណបក្ស​ឡើង​វិញ។

លោក​ យូ ហុកគ្រី​ បាន​បន្ថែម​ថា​ ​ព្រះអង្គ​ម្ចាស់​ នរោត្តម​ ​រណឫទ្ធិ​ យាង​មក​ធ្វើ​នយោ​បាយ​ ឬ​មិន​យាង​ ​វា​ស្ថិត​នៅ​លើ​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គ។

«ជា​ការណ៍​ពិត​ហើយ​ដែល​យើង​ចង់​បាន​ព្រះ​អង្គ​យាង​ចូល​មក​ដឹកនាំ។ ​ជា​ការណ៍​ពិត​ហើយ​ ​ក៏​ប៉ុន្តែ​វា​នៅ​លើ​ព្រះ​ទ័យ​របស់​ព្រះអង្គ​ថា​ ​តើ​ព្រះអង្គ​យាង​ចូល​មក​ធ្វើ​នយោ​បាយ​វិញ ​ឬ​ក៏មិន​យាង។ ​នេះ​ជា​ការ​សម្រេច​ព្រះ​ទ័យ​របស់​ព្រះ​អង្គ។ ​យើង​ទាំងអស់​គ្នា​ពិត​ជា​ចង់​បាន​ព្រះអង្គ​យាង​ចូល​មក​ក្នុង​នយោ​បាយ​វិញ»។

លោក​ ញឹក ប៊ុនឆៃ ​អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​បាន​ថ្លែង​ថា​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ជាតិ​និយម​បាន​ឯកភាព​បើក​ផ្លូវ​ឱ្យ​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​យាង​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ដែល​រួបរួម​គ្នា​ថ្មី​នេះ​ ​បើ​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យមក​ធ្វើជា​ប្រធាន​គណបក្ស​នោះ។

លោក ​ញឹក ប៊ុនឆៃ​ បាន​បញ្ជាក់​ថា​ ​បើរួម​គ្នា​នោះ​ ​អ្នក​រាជា​និយម​នឹង​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ច្រើន​ជាង​ឆ្នាំ​២០០៨។

«បើ​យើង​រួមគ្នា​គណបក្ស​ពីរ​ទៅ​ជាមួយ​ ​យើង​មាន​សម្លេង​គាំទ្រ​ច្រើន។​ ​ហើយ​បើសិន​ជា​មាន​សម្តេច​ក្រុម​ព្រះ​មក​ដឹកនាំ​ថែម​ទៀត​ ​យើង​ក៏​បាន​សម្លេង​គាំទ្រ​កាន់តែ​ច្រើន​ថែម​ទៀត»។

លោក​ ជា ច័ន្ទបរិបូរ ​អ្នក​នាំពាក្យ​ផ្ទាល់​របស់​ព្រះ​អង្គម្ចាស់ ​នរោត្តម រណឫទ្ធិ​ ​ប្រធានឧត្តម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«សម្តេច​ក្រុមព្រះ​មិនមាន​ព្រះ​ទ័យ​វិល​ទៅ​ឆាក​នយោបាយ​ទៀត​ទេ។ ​ទិស​ដៅ​ជាគោល​គំនិត​របស់​ព្រះអង្គ​តែ​ម្តង​បាន​សម្រាក​ពី​កិច្ច​ការ​នយោបាយ​ហើយ»។

លោក​ញឹក ប៊ុនឆៃ​បាន​ថ្លែង​ថា​ ​ទោះ​បី​ជា​គណបក្ស​រាជានិយម​ទាំង​ពីរ​បាន​រួបរួម​គ្នា​ឡើង​វិញ​ក៏​ដោយ​ ​ក៏​វា​មិន​ប៉ះពាល់​ដល់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​និង​ គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ​ពីព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​មិន​ផ្លាស់​ប្តូរ​គោល​ជំហរ​នយោ​បាយ​របស់​ខ្លួន​ទេ៕

XS
SM
MD
LG