នេះជាដំណឹងគួរជាទីរីករាយសម្រាប់ប្រជាកសិករខ្មែរ ប្រសិនបើការផ្សងផលកសិកម្មតាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃពុធនេះក្លាយជាការណ៍ពិត។
ការផ្សងរបស់គោឧសភរាជក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើឡើងក្នុងកីឡាដ្ឋានក្រុងដូនកែវ ទីរួមខេត្តតាកែវ បង្ហាញឲ្យដឹងថា ការបង្កបង្កើនផលស្រូវ ពោត និងសណ្តែកនៅឆ្នាំ២០១៩នេះនឹងទទួលបានផលល្អប្រសើរ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែឧសភាដែលត្រូវនឹងខែពិសាខ ដែលខ្មែរយើងនិយមហៅថា ខែដើមឆ្នាំសម្រាប់ចាប់ផ្តើមបង្កបង្កើនផលកសិកម្ម។
នៅឆ្នាំនេះ ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនីសព្វព្រះរាជហឫទ័យរាជានុញ្ញាតឲ្យលោកអភិបាលខេត្តតាកែវអ៊ូច ភាធ្វើជាស្តេចមាឃ និងភរិយារបស់គាត់ធ្វើជាមេហួរ។
ពិធីភ្ជួរដីស្រែដោយគោឧសភរាជមួយគូត្រូវបានធ្វើឡើងនៅទីព្រះស្រែក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ និងមានការចូលរួមពីលោកសាយ ឈុំ អនុប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងអមដោយក្រុមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត។
ក្រោយពីពិធីភ្ជួរបីជុំរយៈពេលជាង២០នាទីនៅលើដីដែលគេសន្មត់ជាវាលស្រែ រួចមកនោះ គោឧសភរាជមួយគូត្រូវបានគេដឹកទៅឱ្យបរិភោគអាហារដែលមាន៧មុខរួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹកនិងស្រា។
ក្នុងពិធី ដែលមានការតុបតែងដ៏ប្រណីតដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា អាចារ្យព្រាហ្មបានប្រកាសថា៖ «ស្រូវបាន៨៥ភាគរយ ពោតបាន៩០ភាគរយ និងសណ្តែកបាន៨៥ភាគរយ»។
ទំនាយទាយថា ប្រជាកសិករខ្មែរនឹងទទួលបានផលល្អពីការធ្វើកសិកម្មនៅក្នុងឆ្នាំនេះ។ ដោយឡែកគោឧសភរាជមិនបរិភោគ ល្ង ស្មៅ ស្រា និងទឹកទេ។
លោកសំ វិទូ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CDAC មានប្រសាសន៍ ប្រាប់ VOA នៅថ្ងៃពុធនេះថា ប្រផ្នូលបានមកពីព្រះរាជពិធីច្រត់ព្រះនង្គ័លនេះគ្រាន់តែជាផ្នែកមួយនៃប្រពៃណីទំនៀមទម្លាប់ ហើយក៏ជាអបិយជំនឿក្នុងសង្គមខ្មែរ។ លោកថា ប្រជាពលរដ្ឋខ្មែរគួរមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលពិបាកក្នុងការព្យាករណ៍អំពីការធ្លាក់ភ្លៀង ការកើតមានទឹកជំនន់ ឬក៏ភាពរាំងស្ងួតនោះ។
«យើងក៏ពិបាកទស្សន៍ទាយដែរថា តើមានជំនន់ ឬក៏អីហ្នឹង ព្រោះអាស្រ័យទៅលើទិសខ្យល់ អាស្រ័យទៅលើការប្រែប្រួលច្រើនណាស់ ក្នុងរយៈពេលចុងក្រោយ»។
បន្ថែមពីនោះទៀត លោកសំ វិទូបានផ្តល់យោបល់ដល់ប្រជាកសិករខ្មែរឲ្យត្រៀមលក្ខណៈបម្រុងទឹកទុកដើម្បីបង្ការទុក ពេលកូនរដូវប្រាំងមកដល់ក្នុងអំឡុងខែកក្កដាខាងមុខនេះ។ ការត្រៀមលក្ខណៈរក្សាទឹកទុកមានដូចជាការជីកស្រះបម្រុងទុកជាដើម។
អ្នកជំនាញកសិកម្មរូបនេះក៏ស្នើឲ្យរដ្ឋាភិបាលពង្រីកការផ្សព្វផ្សាយអំពីព្យាករណ៍អាកាសធាតុទាន់ពេលវេលា និងត្រៀមផ្តល់បច្ចេកទេសដល់កសិករក្នុងការជួយសង្គ្រោះផលដំណាំដែលរងការជន់លិច។
ព្រះរាជពិធីច្រត់ព្រះនង្គ័លភាគច្រើនត្រូវប្រារព្ធឡើងក្នុងវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំងក្រុងភ្នំពេញ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីប្រពៃណីនេះតែងតែប្រារព្ធធ្វើនៅតាមបណ្តាខេត្តនានា ដូចជាខេត្តស្វាយរៀងខេត្តបាត់ដំបង និងខេត្តតាកែវជាដើម។
ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃនេះ មានការដាក់តាំងផលិតផលកសិកម្មនានាចំនួន៣៤តូបរបស់ក្រសួង មន្ទីរ និងស្ថាប័នរដ្ឋផ្សេងៗទៀតផងដែរ៕