ភ្នំពេញ៖ អង្គការរូមធូរីដ (Room To Read )កម្ពុជា ដែលមានទីស្នាក់ការធំនៅក្នុងសហរដ្ឋអាមេរិក បានបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធ និងអ្នកគូររូបភាពវ័យក្មេង និងអ្នកអាជីពសរុបចំនួន៣១នាក់ កាលពីថ្ងៃអង្គារ ប្រយោជន៍ដើម្បីឲ្យអ្នកនិពន្ធ និងវិចិត្រករទាំងនេះសរសេររឿង និងគូររូបគំនូរសម្រាប់សៀវភៅអានរបស់កុមារ។
វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល៥ថ្ងៃក្នុងទីក្រុងភ្នំពេញ ត្រូវធ្វើឡើងក្នុងគោលបំណងជួយជំរុញឲ្យមានការផលិតនិងបោះពុម្ពផ្សាយបន្ថែមទៀតនូវសៀវភៅអាន និងសៀវភៅរឿងរូបភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកកាន់ កាល់ នាយកប្រចាំប្រទេសនៃអង្គការ រូមធូរីដកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជានៅខ្វះខាតយ៉ាងច្រើននូវសៀវភៅ និងសម្ភារៈបម្រើដល់ការសិក្សាផ្សេងៗសម្រាប់កុមារ ដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលធនធានអ្នកនិពន្ធ និងអ្នកគូររូបភាពសៀវភៅរឿងសម្រាប់កុមារនេះឡើង។ លោកថ្លែងដូច្នេះថា៖
«ការសិក្សារបស់យើង បើយើងប្រៀបធៀបក្នុងតំបន់ យើងនៅមានការទន់ខ្សោយច្រើន ហើយមួយចំណែកនៃការខ្វះខាតនេះ វាផ្សារភ្ជាប់ទៅនឹងកង្វះខាតសៀវភៅសម្រាប់អាន អញ្ចឹងហើយបានជាយើងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនេះ ដើម្បីធ្វើយ៉ាងណាឲ្យសៀវភៅសម្រាប់បម្រើឲ្យការអានរបស់ក្មេងហ្នឹង វាមានលក្ខណៈសម្បូរបែប»។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា កុមារភាគច្រើនសិក្សា ឬអានតែតាមសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និង កីឡាប៉ុណ្ណោះ ដោយសារតែកង្វះខាតសៀវភៅអំណានបន្ថែម និងសៀវភៅរឿងរូបភាពផ្សេងៗសម្រាប់កុមារនៅក្នុងថ្នាក់បឋមសិក្សា។
សៀវភៅ ឬសម្ភារៈបម្រើដល់ការសិក្សាផ្សេងទៀតសម្រាប់កុមារ ដែលមានស្រាប់ភាគច្រើនត្រូវនាំចូលពីបរទេស និងសរសេរជាភាសាបរទេសសម្រាប់លក់នៅលើទីផ្សារ ក៏ប៉ុន្តែមានគ្រួសារខ្មែរតិចតួចប៉ុណ្ណោះ ដែលមានលទ្ធភាពទិញសៀវភៅ និងសម្ភារៈទាំងនេះសម្រាប់កូនៗរបស់ពួកគេ។
លោកកាន់ កាល់ នាយកអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា ការបណ្តុះបណ្តាលអ្នកនិពន្ធ និងវិចិត្រករខ្មែរ ដើម្បីជំរុញឲ្យមានការសរសេរ និងបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារឲ្យច្រើនថែមទៀតនេះ គឺដើម្បីជួយឲ្យកុមារចាប់ផ្តើមចូលចិត្តសៀវភៅ និងមានទម្លាប់នៃការអានតាំងតែពីតូចៗទៅ។ លោកបន្តទៀតថា៖
«ទម្លាប់នៃការអាននេះសំខាន់ណាស់ ព្រោះនៅពេលដែលយើងរៀនទៅដល់វិទ្យាល័យ ទៅដល់មហាវិទ្យាល័យ ការអានគឺជាចំណែកមួយនៃការសិក្សា។ អញ្ចឹងប្រសិនជាយើងខ្សោយក្នុងការអានយើងឃើញថា និស្សិតរបស់យើង ពេលចេញទៅរៀននៅស្រុកក្រៅ គឺគាត់តែងមានបញ្ហាមួយក្នុងការអាន។ អញ្ចឹងហើយបានជាកិច្ចការនេះ យើងមិនអាចចាប់ផ្ដើមពីពេលដែលសិស្សរៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យទេ គឺត្រូវចាប់ផ្ដើមពីបឋមទៅ ចេញពីថ្ងៃដំបូងទៅដើម្បីជាទម្លាប់»។ អង្គការរូមធូរីដកម្ពុជាដែលធ្វើការងារជំរុញឲ្យមានការអានសម្រាប់កុមារ បានបណ្តុះបណ្តាលអ្នកនិពន្ធ និងអ្នកគូររូប បានចំនួនសរុបជាង៨០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក ដើម្បីអភិវឌ្ឍសៀវភៅរឿងរូបភាពសម្រាប់កុមារនេះ»។
លោកហេង ឧត្តម អ្នកនិពន្ធវ័យក្មេងមា្នក់ដែលកំពុងទទួលការបណ្តុះបណ្តាល ខាងការសរសេររឿងសម្រាប់កុមារនេះ បានប្រាប់ឲ្យដឹងថា លោកមានទស្សនៈវិស័យមួយចង់ឲ្យកុមារចាប់ផ្តើមស្រលាញ់ការអានតាំងពីតូច ដើម្បីឲ្យពួកគេក្លាយជាយុវជននិងយុវតីដែលចូលចិត្តអានសៀវភៅ និងប្រកបដោយចំណេះដឹងនៅពេលអនាគត។ លោកនិយាយថា៖
«កុមារគឺជាទំពាំងស្នងឫស្សីមួយ សម្រាប់អភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត។ អញ្ចឹង ខ្ញុំក៏កំណត់ចក្ខុវិស័យមួយក្នុងពេលអនាគតគឺអភិវឌ្ឍការអាននៅក្នុងប្រទេសកម្ពុជាយើង។ ពេលដែលកុមារអានអញ្ចឹងទៅ បន្ទាប់មកគេនឹងទៅជាយុវជនដែលមានចំណេះដឹង និងធនធានមនុស្សមួយសម្រាប់អនាគតកម្ពុជា»។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ទទួលស្គាល់ថា បើទោះជាមានសៀវភៅសិក្សារបស់ក្រសួងអប់រំហើយក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យកុមារអានបន្ថែមដែរ។ ប៉ុន្តែលោកស្រីមានប្រសាសន៍បន្ថែមថា អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនទូទៅត្រូវតែរួមគ្នា ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនេះ ជាពិសេសគឺព្យាយាមផ្លាស់ប្ដូរទម្លាប់ប្រជាជន និងកុមារខ្មែរដែលមិនសូវចូលចិត្តអាន ឲ្យងាកមកនាំគ្នាអានឲ្យដូចទម្លាប់ជនបច្ចឹមប្រទេស ឬ ប្រជាជាតិជិតខាងមួយចំនួនរបស់ខ្លួនវិញ។ លោកស្រីបានថ្លែងដូច្នេះថា៖
«អញ្ចឹងយើងយល់ហើយ ដឹងហើយ យើងនាំគ្នាអនុវត្តធ្វើ ដើម្បីរុញឲ្យមានទម្លាប់អាននៅក្នុងកុមារភាពទៅរហូតដល់គេចោលអំណានអត់បាន។ យើងឃើញជនជាតិគេ ទោះបីដើរលេង ទោះបីទំពាស្ករគ្រាប់ ទោះបីដេកនៅមាត់សមុទ្រក៏គេអានដែរ រឿងអីបានជាគេចេះទម្លាប់នេះ?»។
កញ្ញាសារ៉ា ស្ទូវត (Sarah Stewart) អ្នកសម្របសម្រួល និងជាជំនួយការកម្មវិធីបោះពុម្ពសៀវភៅរបស់អង្គការរូមធូរីដ (Room To Read) ប្រចាំការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា មានតែការផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារទេ ដែលធ្វើឲ្យកុមារអាចក្លាយជាអ្នកសិក្សាពេញមួយជីវិតរបស់ពួកគេបាន។ កញ្ញាបន្តថា៖
«ប្រសិនបើយើងចង់បង្កើតជំនាន់មួយដែលពោពេញទៅដោយអ្នកសិក្សាពេញមួយជីវិត ពោលគឺកុមារដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គម និងចូលរួមនៅក្នុងសហគមន៍ ហើយនឹងមានការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងជីវិតនោះ អញ្ចឹងការអប់រំគឺជាកន្លែងមួយដែលចាំបាច់ និងសំខាន់សម្រាប់ពួកយើងដែលត្រូវចាប់ផ្តើម»។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា កុមារចំនួនជាង២លាននាក់កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាចំនួនជាង៦ពាន់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារក្នុងថ្នាក់បឋមសិក្សាមានជាង១០%។ មូលហេតុមួយចំនួននៃការបោះបង់ចោលការសិក្សារបស់កុមាររួមមាន កង្វះមធ្យោបាយ និងសម្ភារៈសិក្សា ដោយសារតែភាពក្រីក្រ និងកង្វះទម្លាប់នៃការអានរបស់កុមារជាដើម។
ដូច្នេះ កញ្ញាសារ៉ា បានបន្ថែមថា សៀវភៅសម្រាប់កុមារគឺជាធនធានដ៏មានតម្លៃសំខាន់បំផុតសម្រាប់គោលដៅនៃការជួយបំផុសទំលាប់នៃការអានរបស់កុមារ។