ការឡើងថ្លៃម្ហូបអាហារបច្ចុប្បន្ននេះ បានផ្តល់ផលចម្រុះសម្រាប់ប្រជាពលរដ្ឋខ្មែរ។ វាមានន័យថា កសិករបានទទួលកម្រៃពីការលក់ផលិតផលកសិកម្មរបស់ខ្លួន ដែលឡើងថ្លៃ។ ប៉ុន្តែបុគ្គលិករាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនត្រូវទទួលរងផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ការឡើងថ្លៃម្ហូបអាហារបច្ចុប្បន្ននេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ជនក្រីក្រ។
លោក រ៉ប៊ត ហ្ស៊ូល្លីក (Robert Zoellick) ប្រធានធនាគារពិភពលោកបានថ្លែងក្នុងសប្តាហ៍នេះថា ការឡើងថ្លៃម្ហូប អាហារជាការគំរាមគំហែងដ៏សំខាន់ដល់បណ្តាប្រទេសក្រីក្រ។
អ្នកស្រីខាន់ តូច អាយុ៣៦ឆ្នាំ កម្មករោងចក្រកាត់ដេរចៀនហ្វីញបាននិយាយថា អ្នកស្រីទទួលបានប្រាក់ឈ្នួល៩០ដុល្លារអាមេរិកក្នុងមួយខែ ដោយគិតទាំងប្រាក់ថែមម៉ោង ប៉ុន្តែអ្នកស្រីត្រូវបង់ថ្លៃជួលផ្ទះ ៣៥ដុល្លារអាមេរិក និងថ្លៃទឹកភ្លើង១៥ដុល្លារ។ អ្នកស្រីនិយាយថា៖
«កម្មកររោងចក្រកាត់ដេរច្រើនតែស្រែកត្អូញថា មានផលវិបាកអំពីរឿងប្រាក់ខែរបស់យើង និងទំនិញឡើងរហូតនៅទីផ្សារ។ ទំនិញឡើងអត់ចុះទេ។ កាលពីមុន ខ្ញុំមានប្រាក់តែ៥០០០រៀលហូបបានមួយ ពេលតែឥឡូវនេះ ៥០០០រៀលហូបមិនគ្រប់គ្រាន់ទេ។ ជួនកាល ខ្ញុំខ្វះខាត។ ខ្ញុំចងការគេនៅក្នុងរោងចក្រក្នុងមួយ ១៥ដុល្លារទៅ២០ដុល្លារ ហើយអត់ហ៊ានហូបអ្វីទេ ហើយអង្ករយកមកពីស្រុកផង។ ផលវិបាករឿងប្រាក់ខែរបស់យើងសព្វថ្ងៃយកទៅទិញទំនិញនៅទីផ្សារ និងថ្លៃផ្ទះជួលអត់គ្រប់គ្រាន់»។
អ្នកស្រីម៉ា ឡៃ អាយុ៤៨ឆ្នាំ គ្រូបង្រៀនសាលាបឋមសិក្សាបឹងត្របែកខាងជើង បានថ្លែងថា ការឡើងថ្លៃ ម្ហូបអាហារនេះ កំពុងតែគ្របសង្កត់មកលើជីវិភាពរបស់អ្នកស្រី ពីព្រោះប្រាក់ខែរបស់អ្នកស្រីគឺប្រមាណ៧០ដុល្លារដែលមិនមានតុល្យភាពទៅនឹងការឡើងថ្លៃម្ហូបអាហារនៅទីផ្សារទេ។ អ្នកគ្រូម៉ា ឡៃបា្រប់វីអូអេខ្មែរថា៖
«ការឡើងថ្លៃទំនិញទីផ្សារតាំងពីសាច់គោ សាច់ជ្រូក សាច់ត្រី បន្លែនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមិនដែលហ៊ានទិញអង្គរមានគុណភាពល្អសម្រាប់បរិភោគទេ។ ពីមុនខ្ញុំធ្លាប់ទិញត្រីកន្លះគីឡូក្រាម តែឥឡូវ ខ្ញុំទិញត្រីតែបីខាំ ហើយពីមុន ខ្ញុំទិញសាច់ជ្រូកបួនខាំ តែឥឡូវខ្ញុំទិញតែពីរខាំសម្រាប់មួយថ្ងៃ។ ប្រាក់ខែរបស់ខ្ញុំនៅដដែល ហើយទំនិញចេះតែឡើងថ្លៃ»។
លោក ហា សាអាន អាយុ៣៦ឆ្នាំ អ្នករត់ម៉ូតូទុកទុក បាននិយាយថា មុខរបររបស់លោកកំពុងតែទទួលរងផលប៉ះពាល់ពីការឡើងថ្លៃម្ហូបអាហារ និងប្រេងសាំង ហើយឥឡូវនេះ លោករកប្រាក់បានតែ១០.០០០ រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែកាលពីប្រាំមួយខែមុន លោករកប្រាក់បាន៣០.០០០រៀលក្នុងមួយថ្ងៃ។ លោក សាអាន និយាយាថា៖
«ម្ហូបនិងប្រេងសាំងឡើងថ្លៃ ហើយពេលឥឡូវខ្ញុំរកប្រាក់ក្នុងមួយថ្ងៃជួនកាលអត់បាន១០.០០០រៀលផង ហើយយូរៗទៅ ខ្ញុំរកប្រាក់ចាក់ប្រេងសាំងលែងបានហើយ។ ប្រេងសាំង និងចំណីអាហារឡើងថ្លៃឥតព្រំដែន។ វាប៉ះពាល់ដល់ជីវិភាពធ្ងន់ធ្ងរមែនទែនរហូតដល់៩៥ភាគរយឥឡូវនេះ។ វានៅសល់តែ៥ភាគរយ។ ខ្ញុំនឹងដាច់ខ្យល់ ដោយសារទី១ ទំនិញឡើងថ្លៃ និងទីពីរប្រេងសាំងឥឡូវឡើងដល់៥.៤០០រៀលហើយក្នុងមួយលីត្រ។ រដ្ឋាភិបាលជួយគិតគូរផង»។
លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថាការឡើងថ្លៃម្ហូបអាហារនេះ បានប៉ះពាល់ដល់អ្នកមិនផលិត ប៉ុន្តែវាបានជួយផ្តល់ផលប្រយោជន៏ដល់អ្នកផលិតផ្នែកកសិកម្ម ឬ កសិករ។
លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានថ្លែងថា ការឡើងថ្លៃផលិតផលកសិកម្មគឺប្រសើរជាងការចុះថ្លៃសម្រាប់កសិករជាអ្នកផលិត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ជារួមយើងឃើញថា មានអ្នកទទួលបានប្រយោជន៍ និងអ្នកខាតប្រយោជន៍ នៅពេលដែលទំនិញឡើងថ្លៃនោះ។ ថ្លៃដំឡូង ពោត សណ្តែក ស្រូវ កើនឡើងខ្ពស់ ប្រជាកសិករសម្បាយចិត្ត ហើយគាត់សល់ប្រាក់សន្សំច្រើនជាងមុន»។
លោកវ៉ា ខាន់ អាយុ៦២ឆ្នាំ កសិករដាំដំឡូងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានថ្លែងថាការឡើងថ្លៃម្ហូបអាហារបច្ចុប្បន្ននេះមិនបានធ្វើឱ្យប៉ះពាល់ដល់ជីវិភាពគ្រួសាររបស់លោកទេ ដោយសារតែដំឡូងមីកំពុងតែឡើងថ្លៃពីពីរបាតក្នុងមួយគីឡូក្រាមកាលពីឆ្នាំ២០១០ឡើងដល់បីបាតក្នុងពេលបច្ចុប្បន្ន ហើយជីវភាពរបស់លោកពឹងអាស្រ័យនឹងកាដាំដំឡូងជាមុខរបរចិញ្ចឹមជីវិតគ្រួសាររបស់លោក។ លោកខាន់ បន្តទៀតថា លោកបានចំណេញប្រមាណ៣.០០០ដុល្លារក្នុងមួយហិចតា ហើយលោកមានការសប្បាយចិត្តចំពោះ ការលក់ដំឡូងបានថ្លៃ និងសម្បូរណ៍ទីផ្សារ»។
លោក ភីធ័រ ប្រ៊ីមបល (Peter Brimble) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា បានបញ្ជាក់ថាការ ឡើងថ្លៃម្ហូបអាហារនេះ គឺជាការគំរាមគំហែងយ៉ាងធំដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាប៉ុន្តែ កម្ពុជាមានសំណាងជាអ្នកនាំចេញម្ហូបអាហារជាពិសេសអង្ករ៕