វ៉ាស៊ីនតោន៖ កំណើនកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាប៉ុន្មានឆ្នាំថ្មីៗនេះ បង្កឲ្យប្រទេសវៀតណាមព្រួយបារម្ភខ្លះៗ ចំពោះការដែលអាចធ្វើឲ្យទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសវៀតណាមនិងកម្ពុជា នឹងឃ្លាតគ្នាជាងពេលមុន នេះជាការអះអាងរបស់លោក Bill Hayton អ្នកសារព័ត៌មាននិងផលិតកររបស់ទស្សន៍ BBCពិភពលោក ដែលបានថ្លែងប្រាប់ VOA កាលពីថ្ងៃច័ន្ទក្នុងរដ្ឋធានី Washington បន្ទាប់ពីធ្វើបទបង្ហាញអំពីសៀវភៅរបស់លោកដែលសរសេរអំពីបញ្ហាដែលវៀតណាមកំពុងងើបឡើងជាកូននាគ ឬឈ្មោះថា Vietnam Rising Dragon។
«ខ្ញុំគិតថា វៀតណាមព្រួយបារម្ភអំពីកម្ពុជា។ វៀតណាមភ័យខ្លាចថា ប្រសិនបើកម្ពុជាក្លាយជាប្រទេសរណបរបស់ចិននោះនឹងខូចប្រយោជន៍ដល់វៀតណាម ហេតុដូច្នេះហើយវៀតណាមអន្ទះសារយ៉ាងខ្លាំងណាស់ ដោយចង់ឃើញកម្ពុជា នៅតែជាប្រទេសមានមិត្តភាពល្អ។ ជាការណ៍ពិត វៀតណាមស្ថិតនៅក្នុងជំហរដែលមានឥទ្ធិពលដ៏ធំសម្បើមក្នុងប្រទេសកម្ពុជា ដូចជាលោកអ្នកដឹងស្រាប់។ វៀតណាមមានសម្ព័ន្ធមិត្តនយោបាយ ហើយមានមនុស្សជាច្រើន ដែលកំពុងធ្វើការនៅទីនោះ(កម្ពុជា) និងធ្វើពាណិជ្ជកម្មទីនោះ។ ហើយវៀតណាមចង់បន្តរក្សាគោលជំហរនេះ ដូចលោកអ្នកដឹងហើយ ព្រោះវៀតណាមមើលឃើញថា វាជារឿងសំខាន់ណាស់។ តែបញ្ហាគឺនៅត្រង់ថា តើវៀតណាមអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្រឡាញ់ពួកគេបានទេ? ហើយខ្ញុំមិនដឹងទេ។ ខ្ញុំមិនប្រាកដថា នឹងកើតឡើងនៅពេលណាមួយនោះទេ»។
ក្តីបារម្ភរបស់វៀតណាមដូច្នេះត្រូវគេយល់ថា កើតឡើងជួនពេលដែលប្រទេសចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ទាំងពាណិជ្ជកម្ម និងទាំងនយោបាយ និងជំនួយថ្មីៗនេះផង ហើយនឹងពេលដែលប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភ និងចោទប្រកាន់ពីការរំលោភបំពានបូរណភាពទឹកដី និងមហិច្ឆតាប៉ុនប៉ងត្រួតត្រារបស់វៀតណាមលើប្រទេសកម្ពុជាផង។
«ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាគឺជារឿងដ៏លំបាកមួយ ហើយជាការជាក់ស្តែង នៅលើផ្នែកវប្បធម៌មានការលំបាកជាច្រើនរវាងប្រជាពលរដ្ឋទាំងពីរ។ បញ្ហាជាក់ស្តែងគឺថា មានពលរដ្ឋកម្ពុជាជាច្រើនមានអារម្មណ៍ថា ប្រទេសរបស់ពួកគេកំពុងតែត្រួតត្រាដោយវៀតណាម។ នេះជារឿងដែលកំពុងកើតមានជាយូរមកហើយ ហើយខ្ញុំគិតថា គឺសម្រាប់ពលរដ្ឋខ្មែរជាច្រើន»។
ប្រទេសវៀតណាម ដែលមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ត្រូវគេមើលឃើញថា កំពុងព្យាយាមប្រកួតប្រជែងជាមួយចិន ដែលជាប្រទេសមានឥទ្ធិពលដ៏ធំខាងវិនិយោគនិងផ្តល់ជំនួយនោះ។ ប្រទេសវៀតណាមបានបោះទុនវិនិយោគជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅប្រទេសកម្ពុជា ទាក់ទងនឹងវិស័យអគ្គិសនី ការនាំចូលកម្ពុជានូវផលិតផលជាច្រើន ការដាំកៅស៊ូនៅភាគឦសាននៃប្រទេស ដែលជាដីសម្បទានកើតចេញពីកិច្ចសន្យា៩០ឆ្នាំ ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ជូនដល់ក្រុមហ៊ុនវៀតណាមមកបោះទុនវិនិយោគក្នុងប្រទេសកម្ពុជា។
លោក ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព និងជាអ្នកស្រាវជា្រវមួយរយៈពេលខ្លីសម្រាប់អង្គការអាមេរិកមួយ គឺ East West Center ប្រចាំនៅរដ្ឋធានី Washington បានទទួលស្គាល់ថា ប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ១០ ភាគរយជាមធ្យមក្នុងឆ្នាំកន្លងទៅ ក្នុងពេលប្រទេសដ៏ទៃជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។ ប្រទេសវៀតណាម ដែលត្រូវទទួលស្គាល់ពីកំណើនសេដ្ឋកិច្ចពីប្រទេសក្នុងតំបន់ បានបោះទុនវិនិយោគច្រើនក្នុងប្រទេសកម្ពុជា ហើយនឹងពង្រីកពាណិជ្ជកម្មជាមួយគ្នាផងដែរ ដែលបញ្ហានេះ ធ្វើឲ្យពលរដ្ឋកម្ពុជាខ្លះមានការបារម្ភខ្លាំងទាក់ទងនឹងរឿងប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់។
«ហើយចំពោះការណ៍ដែលវៀតណាមមកវិនិយោគច្រើនពេកនៅកម្ពុជា អាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនមានការភ័យខ្លាច ដោយសារគាត់មានបទពិសោធន៍ពីអតីតកាលមិនល្អជាមួយប្រទេសវៀតណាម។ ក៏ប៉ុន្តែបញ្ហាហ្នឹងប្រហែលជាបញ្ហាបច្ចុប្បន្ន និងបញ្ហាទៅអនាគតឆាប់ៗ។ ក៏ប៉ុន្តែបើយើងមើលទៅអនាគតវែងនោះប្រហែលជាយើងគិតពីបញ្ហាផលប្រយោជន៍សេដ្ឋកិច្ចជាងបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហានយោបាយ។ ដូច្នេះខ្ញុំឃើញថា សម្លឹងមើលកម្ពុជាក្តី អាស៊ានក្តី ផលប្រយោជន៍ចុងក្រោយរបស់យើងគឺអភិវឌ្ឍសេដ្ឋកិច្ច»។
កម្ពុជាស្ថិតនៅក្នុងការប្រទាញប្រទង់នៃប្រទេសមានអំណាចក្នុងតំបន់និងពីក្រៅតំបន់ដែលលោក ឈាង វណ្ណារិទ្ធ បានអះអាងថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវបំបែកមួយថា តើកម្ពុជាត្រូវដើរតាមផ្លូវមួយណា។ នេះជាឧបសគ្គមួយសម្រាប់កម្ពុជា។
«យើងឃើញថា ឥទ្ធិពលនៃប្រទេសចិននៅកម្ពុជាមានទំហំធំ ហើយវៀតណាមងាកទៅរកសហរដ្ឋអាមេរិក ហើយមានបញ្ហាជាច្រើន ជាពិសេសនៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសវៀតណាម។ តើវៀតណាមសហការជាមួយសហរដ្ឋអាមេរិកដើម្បីយកប្រទេសកម្ពុជានៅក្នុងអ្វីដែលគេហៅថា ក្រោមឥទ្ធិពលធំរបស់អាមេរិកដោយដាច់ចេញពីប្រទេសចិន ឬក៏យ៉ាងណា។ ដូច្នេះអាហ្នឹងគឺជាផ្លូវបំបែកមួយ ដែលកម្ពុជាជួបប្រទះ»។
លោក ឈាង វណ្ណារិទ្ធិ បានអះអាងទៀតថា ប្រទេសទាំងឡាយ និងប្រទេសក្នុងតំបន់ផងដែរ ទោះមានជម្លោះក៏ពិតមែន តែនៅតែត្រូវការកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។
«ដូច្នេះយើងឃើញថា ការពឹងផ្អែកគ្នាផ្នែកសេដ្ឋកិច្ចហ្នឹង ពីមួយថ្ងៃទៅមួយថ្ងៃ វាកាន់តែល្អប្រសើរ ហើយខ្ញុំសង្ឃឹមថា នៅចំណុចណាមួយដែលយើងមានកិច្ចសហការ និងការពឹងពាក់គ្នាទៅវិញទៅមកខ្លាំងផ្នែកសេដ្ឋកិច្ច វាអាចធ្វើឲ្យជម្លោះផ្នែកនយោបាយហ្នឹងចុះខ្សោយវិញ អាហ្នឹងទៅថ្ងៃអនាគត»។
លោកឈាង វណ្ណារិទ្ធថ្លែងដូច្នេះដោយយោងថា បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចជារឿងសំខាន់ដែលអាចកាត់បន្ថយជម្លោះផង និងបិទបាំងរឿងសិទ្ធិមនុស្សផងដែ។
«យើងក្រឡេកមើល បញ្ហាសិទ្ធិមនុស្សនៅវៀតណាមប្រហាក់ប្រហែលនឹងប្រទេសចិនដែរ។ យើងឃើញថា នៅពេលដែលចិនមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ផលប្រយោជន៍សេដ្ឋកិច្ចគ្របដណ្តប់ទៅលើបញ្ហាសិទ្ធិមនុស្ស ហើយខ្ញុំយល់ថា ប្រទេសវៀតណាមក៏អញ្ចឹងដែរ។ ក្រឡេកមើលទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយវៀតណាម យើងឃើញថា បញ្ហាសិទ្ធិមនុស្សនៅតែជាបញ្ហាល្អក់កកររវាងទំនាក់ទំនងទ្វេភាគី ក៏ប៉ុន្តែអាមេរិកនៅតែក្រសោប ឬក៏បង្កើតនូវទំនាក់ទំនងល្អជាមួយវៀតណាម ទោះបីជាមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។ ដូច្នេះ បញ្ហាសិទ្ធិមនុស្សនិងបញ្ហាផលប្រយោជន៍សេដ្ឋកិច្ច យើងត្រូវចេះថ្លឹងថ្លែងមើលមួយណាសំខាន់ជាង។ អញ្ចឹងខ្ញុំគិតថា នៅពេលដែលសេដ្ឋកិច្ចរីកចម្រើន បញ្ហាសិទ្ធិមនុស្សប្រហែលជាមិនសូវត្រូវបានគេយកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះផលប្រយោជន៍សេដ្ឋកិច្ចវាធំជាង»។
លោក Bill Hayton បានថ្លែងស្រដៀងគ្នាដែរថា បញ្ហាសិទ្ធិមនុស្សមានការសម្របសម្រួលជាមួយនិងផលប្រយោជន៍សេដ្ឋកិច្ចក្នុងប្រទេសវៀតណាមទោះបីជាមាន ការរិតត្បិតបញ្ហាសិទ្ធិមនុស្សការចាប់ខ្លួនក្រុមអ្នកមានមតិប្រឆាំងឬអ្នករិះគន់រដ្ឋាភិបាលក្តី។
«រដ្ឋាភិបាលបច្ចឹមប្រទេសនានាសម្របសម្រួលនយោបាយរបស់ពួកគេ ហើយពួកគេនឹងអំពាវនាវឲ្យមានការដោះលែងក្រុមអ្នកប្រឆាំង។ ក៏ប៉ុន្តែពួកគេនឹងមិនដាក់ទណ្ឌកម្មលើប្រទេសវៀតណាមទេ ពីព្រោះគេមិនឃើញថា វាអាចជួយដល់បុព្វហេតុរបស់ពួកគេក្នុងផលប្រយោជន៍ដ៏ធំធេងនោះទេ។ វាមានន័យថា គេគិតថា ពួកគេកំពុងនាំយកប្រជាធិបតេយ្យ ហើយជាការណ៍ពិត មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់សង្គមបើកចំហរជាងនេះ។ ក៏ប៉ុន្តែអ្វីដែលគ្មានការផ្លាស់ប្តូរ ជាការណ៍ពិតគឺថា គណបក្សកុម្មុយនីស្តនៅតែដឹកនាំប្រទេសតាមគំនិតរបស់គណបក្សកម្មុយនីស្តវៀតណាម»។
ប្រទេសវៀតណាមក៏ដូចជាចិនដែរ ទទួលរងការរិះគន់និងការថ្កោលទោសធ្ងន់ៗជាអន្តរជាតិជាហូរហែចំពោះការរំលោភសិទ្ធិមនុស្ស រិតត្បិតសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពសាសនាជាដើម។ ពលរដ្ឋកម្ពុជាជាច្រើនបានសម្តែងការមិនពេញចិត្តនឹងការឈ្លានពានរបស់វៀតណាមមកលើទឹកដីកម្ពុជាដើម្បីបណ្តេញពួកខ្មែរក្រហម និងការហូរចូលនូវពួកអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ការចោទប្រកាន់រឿងរំលោភព្រំដែន បូរណភាពទឹកដីកម្ពុជាជាដើម។ ប្រទេសវៀតណាម ជារឿយៗបានបដិសេធការចោទប្រកាន់ទាំងការរំលោភបំពានទឹកដីកម្ពុជា និងបញ្ហារំលោភសិទ្ធិមនុស្ស៕