លោកប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួល លោកឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក និងលោករដ្ឋា វិសាល អ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ត្រូវបានលោក លុច ឡៅ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តរតនគីរី បានចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១៩ ខាងមុខនេះ ពីបទផ្សំគំនិត និងញុះញង់ឲ្យមានបទល្មើស។ នេះបើតាមដីកាមួយច្បាប់ដែលវីអូអេខ្មែរបានទទួល។
ការកោះហៅបុគ្គលិកសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសារ បានកើតមានឡើងបន្ទាប់ពីទំនាស់ដីធ្លីមួយកាលពីឆ្នាំ២០០៥ រវាងជនជាតិភាគតិចនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគីរី ជាមួយនឹងក្រុមហ៊ុនឌីអឹមគ្រុប។
លោក ប៉ែន ប៊ុណ្ណា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តរតនគីរី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ ដែលមានដីទំហំ២៤០ហិកតាបានចោទប្រកាន់ថា ក្រុមហ៊ុនឌីអឹមគ្រុប បានរំលោភយកដីរបស់ពួកគេដើម្បីដាំដើមកៅស៊ូ។
លោកបានបញ្ជាក់ថា ក្រុមលោកមិនបានញុះញង់ឲ្យប្រជាពលរដ្ឋបង្កអំពើហិង្សាជាមួយក្រុមហ៊ុនទេ គឺក្រុមលោកគ្រាន់តែពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីឲ្យធ្វើការតវ៉ាខាងផ្លូវច្បាប់តែប៉ុណ្ណោះ។
«អង្គការយើងជាអង្គការសិទ្ធិមនុស្ស។ យើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការ(ផ្តល់)ប្រឹក្សាយោបល់តាមផ្លូវច្បាប់ ហើយយើងនិយាយត្រង់បាទ។ យើងឥតលាក់លៀម ព្រោះយើងឥតបានទទួលផលប្រយោជន៍ពីភាគីណាមួយទេ។ យើងឃើញថា មានការរំលោភយកដីគឺយើងប្រាប់គាត់ត្រង់ បើ ឃើញថា គាត់ជាម្ចាស់ដីពិតប្រាកដក៏ប្រាប់គាត់ត្រង់ដែរ។ បើសិនគាត់ត្រូវគេរំលោភលើសិទ្ធិដីធ្លីរបស់គាត់ជាជនជាតិដើមភាគតិចគឺអញ្ចឹងគាត់មានសិទ្ធិតវ៉ាតាមរដ្ឋធម្មនុញ្ញ»។
លោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីមិនបានធ្វើអត្ថាធិប្បាយ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការិយាល័យវិទ្យុអាស៊ីសេរីនៅក្នុងទីក្រុងភ្នំពេញបានរៀបចំមេធាវីរួចហើយ ដើម្បីឲ្យលោកចូលបំភ្លឺក្នុងតុលាការតាមកាលកំណត់។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបាននិយាយថា ការចោទប្រកាន់ពីបទញុះញង់ពិបាកឲ្យនិយមន័យឲ្យបានច្បាស់លាស់។ លោកបានបញ្ជាក់ទៀតថា អ្នកយកព័ត៌មាន មានសិទ្ធិក្នុងការសម្ភាសន៍ និងយកមកផ្សព្វផ្សាយ ហើយទង្វើនេះមិនមែនជាការញុះញង់បង្កឲ្យមានបទល្មើសទេ។
«ការចោទប្រកាន់អ្នកសារព័ត៌មានយើងពីបទញុះញង់គ្រាន់តែធ្វើតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងការរាយការណ៍ព័ត៌មានជាការយល់ច្រឡំហើយ។ ហើយបទញុះញង់ទាល់តែទៅចូលរួមដោយផ្ទាល់ ឬក៏យើងបានធ្វើការអំពាវនាវដោយផ្ទាល់តែម្តងឲ្យប្រជាពលរដ្ឋហ្នឹងប្រើអំពើហឹង្សា ដែលគាត់ធ្វើអ្វីមួយដែលខុសនឹងច្បាប់»។
ទំនាស់ដីធ្លីរបស់ជនជាតិភាគតិចនៅភូមិបាតាងជាមួយនឹងក្រុមហ៊ុនឌីអឹមគ្រុប មិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយកំពុងអូសបន្លាយមកដល់ឆ្នាំ២០១១នេះ។ប្រជាពលរដ្ឋបានចោទថា ក្រុមហ៊ុនឌីអឹមគ្រុបបានរំលោភយកដីស្រែចម្ការរបស់គេចំនួន២៤០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដាំដើមកៅស៊ូ។
លោក ចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា ការចោទប្រកាន់ពីបទញុះញង់មិនត្រឹមត្រូវ និងយុត្តិធម៌ទេ។ លោកបានបញ្ជាក់ថា នេះបង្ហាញឲ្យឃើញចេតនាមួយរបស់តុលាការក្នុងការគំរាមគំហែងដល់សកម្មជនសិទ្ធមនុស្សដទៃផ្សេងទៀត។
«សង្គមស៊ីវិលធ្វើការវិស័យសិទ្ធិមនុស្ស វាតែងតែចូលជិតស្និទ្ធជាមួយប្រជាពលរដ្ឋ តែងតែចូលរួមចំណែកផ្សេងៗទាក់ទងនឹងសិទ្ធិសេរីភាពរបស់មនុស្ស។ អញ្ចឹង ចៀសមិនផុតទេ ប៉ុន្តែគ្រាន់តែថា យើងធ្វើកិច្ចការងារនេះ មិនមែនមានន័យថា ការញុះញង់ទេ។ វាមិនដូចអាជ្ញាធរសមត្ថកិច្ចខ្លះ ដែលគាត់ធ្វើជាម៉ែជាឪគេ ហើយគាត់មិនដែលស្គាល់រស់ជាតិថាប្រជាពលរដ្ឋថាគាត់អត់ ឬក៏ក្រប៉ុណ្ណា»។
លោក លុច ឡៅ ចៅក្រមខេត្តរតនគីរី បាននិយាយថា សំណុំរឿងនេះ លោកមិនទាន់បានពិនិត្យនៅឡើយទេ ដោយសារតែលោកបានទទួលយកសំណុំរឿងចាស់ពីលោកចៅក្រម ថោ សារ៉ន ដែលបានចូលនិវត្តន៍៕