ភ្នំពេញ៖ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជាបានស្នើសុំឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលពាក្យបណ្ដឹងរបស់អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួនពីរនាក់ បានដាក់ពាក្យតាំងពីឆ្នាំ២០០៦ទៅតុលាការក្រុងភ្នំពេញពីបទក្លែងឯកសារឯកជន និងរំលោភលើសេចក្ដីទុកចិត្តដែលមានចំនួនជាង៩០០០០០ដុល្លារសហរដ្ឋអាមេរិក។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលមកឆ្លើយបំភ្លឺពាក្យបណ្តឹងរបស់អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួនពីររូប កាលពីឆ្នាំ២០០៦ពីបទក្លែងឯកសារឯកជន និងរំលោភសេចក្តីទុកចិត្ត។
អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួនពីររូប ដែលបានដឹកនាំធ្វើពាក្យបណ្តឹងនេះ គឺមាន រូបលោកសាវីន សាន់ និងលោកបណ្ឌិតឈឹម ផលភិរុន អតីតប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ហើយបច្ចុប្បន្ន លោកជានាយកវិទ្យាស្ថានពលរដ្ឋវិជ្ជា។
កាលពីឆ្នាំ២០០៦ មានបុគ្គលិកនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួន១៦រូប បានដាក់ពាក្យបណ្តឹងប្រឆាំងជំទាស់ទៅនឹងលោកកឹម សុខាពីបទអំពើពុករលួយនៅក្នុងអំឡុងពេលដែលលោកកឹម សុខា បានកាន់កាប់ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ក៏ប៉ុន្តែក្រោយមក តុលាការបានតម្កល់ មិនចាត់ការ ហើយនៅក្នុងឆ្នាំ២០១០នេះ អតីតបុគ្គលិកមជ្ឈមណ្ឌលនេះចំនួនពីររូបតែប៉ុណ្ណោះ បានដាក់ពាក្យបណ្តឹងប្តឹងលោកកឹម សុខាពីបទក្លែងឯកសារឯកជន និងរំលោភសេចក្តីទុកចិត្ត។
លោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយថា លោកទើបតែចាប់ផ្តើមពិនិត្យពាក្យបណ្តឹងថ្មីនេះ ហើយលោកបានបដិសេធពុំធ្វើអត្ថាធិប្បាយលម្អិតទេ។
«គាត់បានឆ្លើយបំភ្លឺព្រឹកមិញរួចអស់ហើយ ប៉ុន្តែគ្រាន់តែវាពាក់ព័ន្ធទៅនឹងឯកសារ ដែលគាត់ចង់បំពេញឲ្យតាមក្រោយឲ្យមេធាវីគាត់យកមក។ ការពិចារណាចំាមើលឯកសារសព្វគ្រប់ទាំងសងខាងសិន បានខ្ញុំពិចារណាសម្រេច»។
លោកកឹម សុខា អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅពីមុខអគារតុលាការក្រុងភ្នំពេញ ក្រោយពីព្រះរាជអាជ្ញា បានសាកសួរអស់រយៈពេលជាងពីរម៉ោង។ លោកបានស្នើសុំឲ្យតុលាការទម្លាក់ពាក្យបណ្តឹងនេះចោល។
លោកកឹម សុខាបានមានប្រសាសន៍ទៀតថា លោកអត់បានប្រព្រឹត្តខុសដូចការចោទប្រកាន់ទេ។
«ពីព្រោះខ្ញុំអត់ខុស ខ្ញុំអត់បានប្រព្រឹត្ត អត់បានប្រព្រឹត្តដូចពាក្យចោទថា រំលោភសេចក្តីទុកចិត្ត។ យើងអត់មានរំលោភផង។ ពាក្យរំលោភសេចក្តីទុកចិត្ត ក្នុងច្បាប់ព្រហ្មទណ្ឌនិយាយថា ជនណាដែលបានប្រព្រឹត្តធ្វើឲ្យខូចផលប្រយោជន៍របស់កម្មសិទ្ធិរបស់បុគ្គលណា»។
លោកបណ្ឌិតឈឹម ផលភិរុន នាយកវិទ្យាស្ថានពលរដ្ឋវិជ្ជា ដែលជាអ្នកផ្តួចផ្តើមឲ្យមានការដាក់ពាក្យបណ្តឹងនេះ បានវាយប្រហារចំៗទៅលើលោកកឹម សុខាថា បានកិបកេងនិងបានចាយវាយមិនត្រឹមត្រូវនៅក្នុងពេលដែលលោកកឹម សុខាបានធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកកឹម សុខាធ្លាប់បានធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងអំឡុងឆ្នាំ២០០២រហូតដល់ឆ្នាំ២០០៧។
លោកបណ្ឌិតឈឹម ផលភិរុនបាននិយាយថា ជំនួយថវិការបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលភាសាអង់គ្លេសហៅកាត់ថា IRIចំនួនមួយឆ្នាំ ប្រមាណជិតមួយលានដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានលោកកឹម សុខា កិបកេងប្រមាណពី២០ទៅ៣០ភាគរយនៃប្រាក់ជំនួយសរុប។
លោកបានមានប្រសាសន៍ទៀតថា ការកិបកេងនេះ បានធ្វើឡើងទៅលើប្រាក់បៀរវត្សរ៍របស់បុគ្គលិក និងការចំណាយផ្សេងៗ ដែលសរុបទឹកប្រាក់ប្រមាណជិត៩០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
«អ្នកខ្លះត្រូវបាន៥០០ដុល្លារ គាត់ឲ្យគេ៣០០ដុល្លារ។ អញ្ចឹងគាត់កាត់គេ ២០០ដុល្លារ។ ហើយគ្នាប៉ុន្មាននាក់គុណទៅ ហើយគុណនឹងដប់ពីរខែ ហើយគុណនឹងចំនួនឆ្នាំទៀតទៅឃើញហើយ។ ហើយអ្នកខ្លះប្រាក់ខែ២៨០ដុល្លារ គាត់ឲ្យគេតែ១២០ទៅ១៥០ អញ្ចឹងកាត់អស់ពាក់កណ្តាលគុណទៅណា៎។ អ្នកខ្លះត្រូវបាន៨០០ ឲ្យគេតែ៥០០ដុល្លារ»។
លោក ស សូវាន មេធាវីការពារក្តីលោកកឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ពុំមានភស្តុតាងណាមួយបញ្ជាក់ថា កូនក្តីរបស់លោកជាប់ពាក់ព័ន្ធនឹងការរំលោភសេចក្តីទុកចិត្តទេ។
លោកបានមានប្រសាសន៍ថា តុលាការគួរតែទម្លាក់ពាក្យបណ្តឹងនេះចោល។
«បើសិនជាមានទោសអាជ្ញាមែន មិនមែនកូនក្តីខ្ញុំទទួលខុសត្រូវទេ។ ដង្ខៅគាត់ប្រើកាលីឲ្យដឹកនាំមនុស្សពីភ្នំពេញទៅកំពង់សោម កាលណាគាត់ភ្លូកឡាន គាត់ខុសគាត់ផឹកស្រា គាត់ទទូលខុសត្រូវជាប់គុក។ ចំណែកឯកូនក្តីខ្ញុំទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណីសំណង វាមិនមែនរឿងអ្វីមកជាប់គុកជាប់ច្រវ៉ាក់ទេ ទទួលសំណង»។
មន្រ្តីអង្គការIRI ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែ លោកកឹម សុខាធ្លាប់បាននិយាយថា IRIធ្លាប់បានមកធ្វើសាវនកម្មរួចហើយ តែពុំបានរកឃើញចំណុចណាលោកកឹម សុខាជាប់ពាក់ព័ន្ធនឹងការរំលោភសេចក្តីទុកចិត្ត និងក្លែងបន្លំឯកសារនោះទេ៕