ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ការ​គាប​សង្កត់​ទំនាស់​ដីធ្លី​កើន​ឡើង


រូបភាព​ដែល​ថត​នៅ​ថ្ងៃ​ទី ១៧ ខែមិនា ឆ្នាំ២០១១​ នេះ បង្ហាញ​អំពី​កម្ទិចកម្ទី​គំនរ​ផ្ទះ​នៅ​ក្បែរ​បឹងកក់​ក្នុង​ទីក្រុង​ភ្នំពេញ។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយសារ​គេ​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។
រូបភាព​ដែល​ថត​នៅ​ថ្ងៃ​ទី ១៧ ខែមិនា ឆ្នាំ២០១១​ នេះ បង្ហាញ​អំពី​កម្ទិចកម្ទី​គំនរ​ផ្ទះ​នៅ​ក្បែរ​បឹងកក់​ក្នុង​ទីក្រុង​ភ្នំពេញ។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយសារ​គេ​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាននិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដែល​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​តុលាការ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា មាន​អ្នក​តវ៉ា​រឿង​ដីធ្លី​ចំនួន​២៦​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ក្នុង​តុលាការ។

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​៤៦​នាក់​កំពុង​ជាប់​ឃុំ​ និង​១៧៣​នាក់​កំពុង​ជាប់​បណ្តឹង​ក្នុង​តុលាការ។ របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សរសេរ​ថា អ្នក​តវ៉ា​រឿងជម្លោះ​ដីធ្លី​៣៥​នាក់​កំពុង​ជាប់​ឃុំ​ និង​១៦៣​នាក់​កំពុង​ជាប់​បណ្តឹង​តុលាការ។

តុលាការ​បាន​ចោទប្រកាន់​អំពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ និង​បទញុះញង់​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១១​នេះ។

លោក​ អ៊ូ​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានថ្លែង​ថា​ជនរងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​បាន​ទទួលរង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាង​តុលាការ​ដែល​ត្រូវ​បាន​កោះហៅ​ដោយ​តុលាការ​ទៅ​សាកសួរ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​បទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ និង​បទ​ញ៉ុះញ៉ង់។

«ការការពារ​ដីធ្លី​របស់​គាត់​នេះ​ប្រឈមនឹង​ការប្តឹង​នេះ​ ហើយ​ការប្តឹង​ទៅ​តុលាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការដាក់​សម្ពាធ​បន្ថែម​ទៅ​លើ ​ប្រជាពលរដ្ឋ​ក្រីក្រ។ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ដឹង​ថា ប្រព័ន្ធ​តុលាការ​នេះ​អត់​ឯករាជ្យ។ ការ​ដែល​តុលាការ​មិន​បាន​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​យុត្តិធម៌ វា​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ទទួល​បាន​យុត្តិធម៌​ ការ​កាត់ក្តី​ត្រឹមត្រូវ​ និង​សវនាការ​ត្រឹមត្រូវ​»។

លោក​ចាន់ ​សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​អំពី​ចំនួន​ករណី​ចាប់ខ្លួន​និង​បណ្តឹង​តុលាការ​ប្រឆាំង​អ្នក​តវ៉ា​រឿងជម្លោះ​ដីធ្លី​មាន​សន្ទុះ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន។

«ខ្ញុំ​គិត​ថា​ករណី​ពាក់ព័ន្ធ​ជា​មួយនឹង​ការ​ចោទ​ប្រកាន់​ក្នុង​រឿងទំនាស់​ដីធ្លី​នេះ​មើល​ទៅ​ស្ថានភាព​អាជ្ញាធរ​សព្វថ្ងៃ​ប្រើ​ប្រាស់​យន្តការ​តុលាការ​ ដើម្បី​ធ្វើការ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ ដែល​តស៊ូប្រឆាំង​ជាមួយនឹង​ការទាមទារ​រឿង​បញ្ហា​ដីធ្លី។ តុលាការ​មិន​គួប្បី​នឹង​ចាត់​វិធានការ​រឿង​ព្រហ្មទណ្ឌ​ទេ​ ប៉ុន្តែ​ភាគី​មាន​អំណាច​ជាង​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ ហើយ​តុលាការ​អនុវត្ត​តាម​របៀប​នៃ​ការស៊ើបអង្កេត​រឿង​ព្រហ្មទណ្ឌ។ គេ​មិន​និយាយ​រឿង​បញ្ហា​ដីធ្លី​ទេ»។

លោក​អ៊ំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែង​ថា​អង្គការ​សង្គម​ស៊ីវិល​បាន​ទាមទារ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដោយ​សន្តិវិធី​ ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ និង​ជាប់​ពាក្យបណ្តឹង​តុលាការ​ ឬ​រត់​គេច​ខ្លួន​ពី​ផ្ទះ​សម្បែង។

«ក្រុមហ៊ុន​ ឬ​អ្នក​មាន​អំណាច​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ចោទប្រកាន់​អំពី​បទល្មើស​ផ្សេងៗ​ ហើយ​ទង្វើ​នេះ​ជា​ការ​គំរាមគំហែង​ផ្នែក​ស្មារតី​ ឬ​ជា​ការគំរាមគំហែង​មួយ​ ដើម្បី​បន្ទុច​បង្អាក​ប្រជាពលរដ្ឋ​មិនឱ្យ​មាន​ការតវ៉ា។ យើង​មើល​ទៅ​វា​យក​ផ្លូវ​តុលាការ​នេះ​ធ្វើជា​ការដាក់​សម្ពាធន៍​ ឬ​ការ​គំរាមគំហែង​សម្រាប់​ប្រជាពល​រដ្ឋ​ជា​ជាង​ការដោះស្រាយ​គ្នា​ដោយ​សន្តិវិធី»។

លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ បានថ្លែង​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​គួរតែ​លើក​យក​ករណី​ចាប់ខ្លួន​ និង​ការ​ដាក់​ពាក្យ​បណ្តឹង​ទាក់ទងនឹង​រឿងជម្លោះ​ដីធ្លី​មក​ជូន​រដ្ឋាភិបាល ​ដើម្បី​ដោះស្រាយ​ក្នុង​ការ​ចូលរួម​ចំណែក​ពង្រឹង​នីតិរដ្ឋ​ និង​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី។

«តុលាការ​ត្រូវ​ស្វែងរក​ និង​រក្សា​យុត្តិធម៌​ដល់​គ្រប់​ជន​ទាំងពីរ​ភាគី​ ហើយ​មិនមែន​បានសេចក្តី​ថា​ចៅក្រម​រំលោភ​អាច​រួចខ្លួន​នោះ​ទេ។ គួរតែ​រក​ទិសដៅ​ណាមួយ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​កិច្ចការពង្រឹង​យុត្តិធម៌​ទាំង​ការស្វែងរក​ និង​ការផ្តល់​យុត្តិធម៌​ដល់​ជន​គ្រប់​រូប​នៅ​កម្ពុជា»។

នៅ​ក្នុង​រយៈពេល​៩​ខែ​នេះ​ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ទទួលបាន​ពាក្យបណ្តឹង​អំពី​ជម្លោះ​ដីធ្លី​ជាង​១៨០​ករណី​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ទទួលបាន​បណ្តឹង​រឿងជម្លោះ​ដីធ្លី​ចំនួន​៧៥​ករណី។ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG