ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​បារម្ភ​អំពី​រឿង​ក្តី​០០៣​និង​០០៤


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រុម​សង្គម​ស៊ីវិល​​​បាន​កត់​​សម្គាល់​ថា ​ការ​វិវត្តន៍​​របស់​សំណុំ​រឿង​០០៣​និង​សំណុំ​រឿង​០០៤​ ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​​សង្ស័យ​​អំពី​​ឯករាជ្យភាព​របស់​​ចៅក្រម។
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រុម​សង្គម​ស៊ីវិល​​​បាន​កត់​​សម្គាល់​ថា ​ការ​វិវត្តន៍​​របស់​សំណុំ​រឿង​០០៣​និង​សំណុំ​រឿង​០០៤​ ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​​សង្ស័យ​​អំពី​​ឯករាជ្យភាព​របស់​​ចៅក្រម។

ក្រុម​សង្គម​ស៊ីវិល​សរុប​ចំនួន​២៤​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​ចុង​ក្រោយនៃ​សំណុំ​រឿង០០៣​ និង​០០៤ ​ដ៏​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ទទូចឲ្យសាលាក្ដីខ្មែរក្រហមបញ្ចេញ​ព័ត៌មានទាក់ទង​នឹង​សំណុំ​រឿង​ទាំង​នេះ​ជា​សាធារណៈឲ្យ​បានឆាប់រហ័ស​ និងពេញលេញ​ដើម្បី​ជា​ប្រយោជន៍សម្រាប់​ជន​រង​គ្រោះ។ កង្វល់​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ​សាលាក្ដី​ខ្មែរ​ក្រហមអាច​នឹង​បោះ​បង់​ចោល​រឿង​ក្ដី​ទាំង​ពីរ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​អង្គ​ការ​អាដហុក​ អង្គការក្រុម​អ្នក​ច្បាប់​ការ​ពារសិទ្ធិ​កម្ពុជា​ និង​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​ដើម​បាន​កត់សម្គាល់​ថា ​ការ​វិវត្តន៍របស់​សំណុំ​រឿង​០០៣ ​និង​សំណុំ​រឿង​០០៤​ ធ្វើ​ឲ្យ​មាន​ការ​មន្ទិលសង្ស័យអំពីឯករាជ្យភាព​របស់ចៅក្រម។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ សហ​ចៅក្រម​ស៊ើប​អង្កេតបានបញ្ជា​ឲ្យ​សហព្រះ​រាជអជ្ញា​អន្ដរជាតិ​លោក​ អ៊ែនឌ្រូ​ ខេលី​ (Andrew​ Caley) ​ដក​ព័ត៌​មាន​សំ​ខាន់ៗ​ទាក់​ទង​ទៅ​នឹងឧក្រិដ្ឋ​កម្ម​ និង​តំបន់​ឧក្រិដ្ឋ​កម្មក្នុង​សំណុំ​រឿង​០០៣​ ដែល​លោក​បាន​លើក​ឡើងក្នុងសេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ជាសាធារណៈកាល​ពី​ថ្ងៃ​ទី​៩ ​ឧសភា។​ សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ​បាន​ធ្វើឲ្យប៉ះ​ពាល់​ដល់ភាព​សម្ងាត់ក្នុង​ការ​ស៊ើប​អង្កេត។

លោក​ អ៊ែនឌ្រូ​ ខេ​លី​ គឺ​ជា​ប្រភព​តែ​មួយ​គត់​ដែល​បាន​បង្ហើប​ព័ត៌មាន​ជាក់​ស្ដែង​ខ្លះៗ​ទាក់​ទងនឹងសំណុំ​រឿង​០០៣នេះ។ ក៏​ប៉ុន្ដែ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ ព័ត៌​មាន​ដែល​សហ​ព្រះរាជអាជ្ញា​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិទម្លាយ​ចេញ​នោះ​មិន​ទាន់គ្រប់​គ្រាន់​ និង​ចំ​ពេល​វេលា​សម្រាប់​ជួយ​ដល់​សង្គម​ស៊ីវិល​ឲ្យ​បំពេញ​មុខ​ងាររបស់​ខ្លួនក្នុង​ការ​ជួយ​សម្រួលដល់ការ​ចូល​រួម​របស់​ជន​រង​គ្រោះ​ក្នុង​ដំណើរការ​ក្ដី​នៅ​ឡើយ។ ​ហេតុ​ដូច្នេះ​ពួក​ខ្លួន​ស្នើ​ឲ្យ​មាន​ ការ​ផ្ដល់ព័ត៌មាន​កាន់​តែ​ឆាប់រហ័ស និង​ពេញ​លេញ​ជា​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ពួក​ខ្លួន​ចូល​រួម​ចំណែក​ការពារ​ និង​តំណាង​ផលប្រយោជន៍​របស់​ជន​រង​គ្រោះ​ក្នុង​សំណុំ​រឿង​០០៣​និង០០៤ ​ប្រកប​ដោយប្រសិទ្ធិភាព​បាន។

អង្គការ​ទាំងនោះ​បាន​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ដឹង​ឮ​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុងអតីត​កាលក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ពួក​គេ​ក៏​មាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ ដែល​បង្ហាញចេញ​ជាពិសេស​តាមរយៈ​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​របស់ពួក​គេ​ក្នុង​ដំណើរការនីតិវិធី​នៃ​សាលាក្ដីខ្មែរ​ក្រ​ហម។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​បាន​អំពាវ​នាវ​ឲ្យ​សហគម​អន្ដរជាតិ​ចេញ​អន្ដរាគមន៍​ក្នុង​ករណី​នេះ។

លោក ​ឌឹម​ សុវណ្ណារុំ​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​សាលាក្ដី​ខ្មែរក្រហម​បាន​ឈរ​លើ​គោលការណ៍​ឯករាជ្យ​របស់​ខ្លួន​ ហើយ​ចៅ​ក្រម​ស៊ើប​អង្កេត​មិន​អាច​ផ្ដល់​ព័ត៌មាន​ណាមួយ​ជា​សាធារណៈដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នោះ​ឡើយ។

«សហ​ចៅ​ក្រម​ស៊ើប​អង្កេត​យល់​អំពី​កង្វល់ និង​តម្រូវ​ការ​ផ្នែក​ព័ត៌​មាន​ ក៏​ប៉ុន្ដែ​លោក​ក៏​ត្រូវ​គោរព​នូវ​តួនាទី​ឯករាជ្យ ​និង​ភាព​ស្ងាត់​នៃ​ការងារ​ស៊ើប​អង្កេត​របស់​លោក​ដែរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​យ៉ាង​ខ្លាំង និង​ជា​ចំហ​ដោយ​ខ្លួន​មិន​ចង់​ឲ្យ​សំណុំ​រឿង​០០៣ ​និង០០៤ ​លេច​ចេញ​ជា​រូបរាង​នោះ។ សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ហើយ​ដែល​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា ​ពួក​គេ​ជាប់​ពាក់​ពន្ធ័​នឹង​ការ​ស្លាប់​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​តិច​ចំនួន​ ១សែន​នាក់​។

កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​សហ​ចៅក្រម​ស៊ើបអង្កេត​ទើប​តែ​បាន​ប្រកាស​ថា​ ខ្លួន​បាន​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​ប៉ុន្ដែ​មិន​បាន​បង្ហាញ​ព័ត៌មាន​ពិស្ដារ ឬ​ការ​បោះ​ជំហាន​សម្រាប់​សំណុំរឿង ​០០៤​នោះ​ទេ៕

XS
SM
MD
LG