ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​បួននាក់​ត្រូវ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ផ្សាយ​ខិត្ត​ប័ណ្ណ​ជេរ​ប្រមាថ


ភ្នំពេញ៖ តុលាការ​ខេត្ត​តាកែវ​បាន​កាត់​ទោស​មនុស្ស​បួន​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រវាង​ពី​២​ឆ្នាំ​ទៅ​៣​ឆ្នាំ​ អំពី​ការ​ជេរ​ប្រមាថ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បាទ​នរោត្តម​សីហនុ​ ​និង​មេ​ដឹកនាំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន។ ​ជន​សង្ស័យ​ចំនួន​បួន​នាក់នេះ​ ដែល​រួមមាន​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មួយរូប​ផង​ ត្រូវ​បាន​កាត់ទោស​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ប្រឆាំង​នឹង​មេដឹកនាំ​ប្រទេស។​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានហៅ​សេចក្តី​សម្រេច​ប្រឆាំង​នឹង​បុគ្គលិក​របស់​ខ្លួន​ថា​ ​ជា​អំពើ​អយុត្តិធម៌។

នៅ​ថ្ងៃច័ន្ទនេះ​ ​តុលាការ​ខេត្ត​តាកែវបាន​កាត់ទោស​បុរស​បួន​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រវាង​ពី​ពីរឆ្នាំ​ទៅ​បីឆ្នាំ អំពី​ការ​ចែក​ផ្សាយ​ខិត្តប័ណ្ណជេរ​ប្រមាថ​សម្តេច​ព្រះ​មហា​វីរៈក្សត្រ​នរោត្តម​សីហនុ ​និង​មេ​ដឹកនាំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន។

បុរស​ទាំង​បួន​នាក់​នេះ​មាន​ឈ្មោះ​លាង សុខជឿន​ ​អាយុ​២៨​ឆ្នាំ​ ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ ថាច់ វណ្ណៈ​ ​អាយុ​៣៤​ឆ្នាំ ​អ្នក​បកប្រែ​ភាសា​វៀតណាម​ ​ថាច់​ កុងឡេ​ ​អាយុ​៦១​ឆ្នាំ​ ​អ្នក​រត់ម៉ូតូ​ឌុប​ ​និង​ថាច់ កុងភួង​ ​ព្រះ​ជន្ម៣៤​វស្សា​ ​ព្រះសង្ឃ​ដែល​ជា​ជន​សង្ស័យ​ម្នាក់​គត់​បាន​រត់​គេច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនស្ស័យ​ទាំង​បួន​នាក់​នេះ​ ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១០​អំពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​ក្នុង​ការ​ពាក់ព័ន្ធ​នឹង​ការ​ចែក​ផ្សាយ​ខិត្ត​ប័ណ្ណ​ប្រឆាំង​ថ្ងៃ​៧​មករា​ ​មេដឹកនាំ​រដ្ឋា​ភិបាល ​និង​សម្តេច​ព្រះ​មហា​វីរៈ​ក្សត្រ​ ​នៅក្នុង​ទី​រួមខេត្ត​តាកែវ​នា​ ខែ​មករា ​ឆ្នាំ២០១០។

លោក​ចេង ប៊ុនលី ​ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​តាកែវ​ ​បាន​ប្រកាស​សាលក្រម​នៅ​ចំពោះ​មុខ​ជន សង្ស័យ​បីនាក់​ថា​ ​តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​លាង សុខជឿន​ ​លោក​ថាច់ វណ្ណៈ ​និង​លោក​ថាច់ កុងឡេ​ ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​ពីរឆ្នាំ​និងពិន័យ​ជាប្រាក់​ចំនួន​២០០០​០០០​រៀល​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក​ ​ហើយ​បាន​កាត់ទោស​កំបាំង​មុខ​ជន​សង្ស័យ​ឈ្មោះ​ថាច់ កុងភួង ​ដាក់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦០០០០០០​រៀល ​ស្មើនឹង​១៤០០​ដុល្លារ​អាមេរិក។

ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​ ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ភ្លាមៗ​ ​ជន​សង្ស័យលាង សុខ​ជឿន​ ​ក្នុង​ចំណោម​ជនសង្ស័យ​បីនាក់​ ​បាន​ដួល​សន្លប់​នៅ​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​ខេត្ត​តាកែវ​រយៈពេល​១៥​នាទី​ ​មុនពេល​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត។

តុលាការ​បាន​លើក​យក​ភស្តុតាង​របស់​ប៉ូលិស​ ​ដែល​រួមមាន​របាយ​ការណ៍​ស្តីពី​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ នៅ​កន្លែង​ចែក​ផ្សាយ​ខិតប័ណ្ណ​ ​ចម្លើយ​សាក្សី​ចំនួន​៤​នាក់​ ​និង​លទ្ធផល​នៃ​ការ​ថត​សំឡេង​ទូរស័ព្ទ​សម្រាប់​ដាក់​បន្ទុក​លើ​លោក​លាង សុខជឿន។

លោក​អំ សំអាត ​អ្នក​គ្រប់គ្រង​បច្ចេក​ទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ​បាន​ថ្លែង​ថា​ ​ការ​កាត់​សេចក្តី​នេះ​មាន​ភាព​អយុត្តិធម៌​ណាស់​សម្រាប់​ជន​ជាប់ចោទ​ ​ដោយ​សារ​គ្មាន​ភស្តុតាង​ច្បាស់​លាស់។

«យើង​សរុប​ភស្តុតាង​យោង​របស់​តុលាការ ​ឬ​តំណាង​អយ្យការ​ ​ឬ​ការ​សម្រេច​នេះ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក​លាង សុខជឿន​ទេ។ ​វា​ហាក់បី​ដូច​ជា​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ ​ឬ​មន្ត្រី​រដ្ឋាភិបាល»។

មុន​ពេល​សវនាការ​ចាប់ផ្តើម​ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អំពាវនាវ​ដល់​តុលាការ​ខេត្ត​តាកែវ​ឱ្យ​លើក​លែង​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក​លាង សុខជឿន ​និង​ដោះលែង​គាត់​ជា​បន្ទាន់៕

XS
SM
MD
LG