ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​រិះគន់​តុលាការ​កម្ពុជា


លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី​បាន​វាយប្រហារ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចំពោះ​ការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ និង​មន្ត្រី​មាន​អំណាច​ ដោយ​អះអាង​ថា​តុលាការ​ បានបម្រើ​ផលប្រយោជន៍​អ្នក​មាន​ប្រាក់និង​អ្នក​មាន​អំណាច​ ព្រមទាំង​បដិសេធ​ភស្តុតាង​ ច្បាប់​ភូមិ​បាល និង​ច្បាប់​ពាក់​ព័ន្ធ​ដទៃ​ទៀត​ ក្នុង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​ដីធ្លី និង​ផ្ទះសម្បែង។

នៅ​ទីក្រុង​ភ្នំពេញ​ ប្រជាពលរដ្ឋ​ចំនួន​១៣ម៉ឺន៣ពាន់​នាក់ ច្រើន​ជាង​១០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលត្រូវបាន​បណ្តេញ​ចេញ​ពី​ដីធ្លី ​និង​ផ្ទះ​សម្បែង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី។ សេចក្តីថ្លែងការណ៍នេះ បាន​ដក​ស្រង់​របាយការណ៍របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ​ចំនួន​ទៀត។

សេចក្តី​ថ្លែងការណ៍នេះ​ បាន​និយាយ​ថា តុលាការ​កម្ពុជា​មិន​អាច​ការពារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​បានទេ។ មុខងារ​របស់​តុលាការ​មិន​បាន​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋទេ​ ប៉ុន្តែ​ការពារ​ផលប្រយោជន៍​របស់បុគ្គលមានអំណាច។ គំនិត​សម្រាប់​តុល្យភាព​នៃ​ផលប្រយោជន៍​មាន​ទស្សនៈខុសប្លែកគ្នា​នៅ​កម្ពុជា។

ពាក្យបណ្តឹង​ភាគច្រើន​នៅ​គ្រប់​ទីកន្លែង គឺជា​ពាក្យបណ្តឹង​អំពី​ការ​រំលោភដីធ្លី។ ការ​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ជា​ធម្មតា គឺ​ជា​ការ​ធានា​ចុងក្រោយ​បំផុត​សម្រាប់​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​អភិវឌ្ឍ​លើ​ដី ម្ចាស់​កម្មសិទ្ធិដី​ដែល​ជា​ប្រជា​ពលរដ្ឋ​បាត់​បង់​ដី​ទាំង​នោះរបស់​គេ។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ប្រចាំ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ បានបដិសេធ​ការអះអាង​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី​នេះ។ លោក​ផៃ ស៊ីផាន ​បានបញ្ជាក់​ថា ការរិះគន់​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី​នេះ​មាន​គោលដៅ​បង្អាប់​រដ្ឋាភិបាល​ និង​តុលាការ​កម្ពុជា​តែ ប៉ុណ្ណោះ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​រិះគន់​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី​នេះ​អាច​គ្រាន់​តែ​ជា​វិទ្ធង្សនា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​ពង្រឹង​នីតិរដ្ឋ​របស់​យើង​ជា​ជាង​ការលើកកំហុស​វាយ​ប្រហារ​ដែល​ប្រាស​ចាក​ពី​ការវិវត្ត​នៅ​កម្ពុជា។»

លោក ផៃ ស៊ីផាន បាន​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ព្រងើយ​កន្តើយនឹង​អ្វី​ដែល​កើត​ឡើង​ទេ។

XS
SM
MD
LG