ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​រៀល​ធ្លាក់​ចុះ​ខ្លំាង​បំផុត ​ ធៀប​នឹង​ប្រាក់​ដុល្លារ


លុយ​​ដុល្លារ​និង​លុយ​ចិន​នៅ​ទូដូរលុយ។
លុយ​​ដុល្លារ​និង​លុយ​ចិន​នៅ​ទូដូរលុយ។

ប៉ុន្មាន​ខែ​មក​នេះ ​ប្រាក់​រៀល​របស់​ប្រទេស​កម្ពុជា ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ បាន​ធ្លាក់​ចុះ​ខ្លំាង​បំផុត​ជា​លើក​ទី១​ ក្នុង​រយៈ​ពេល​យ៉ាង​ហោចណាស់​៣​ឆ្នាំ​ចុង​ក្រោយ។​ ធនាគារ​ជាតិ​បាន​បញ្ចេញ​ប្រាក់​ដុល្លារ​ ដើម្បី​ទិញ​ប្រាក់​រៀល​ចូល​សម្រាប់​ទប់ស្កាត់​ការ​ស្រុត​តម្លៃ​នៃ​សាច់​ប្រាក់​នៅ​ក្នុង​ស្រុក​ ហើយ​ធនាគារ​ជាតិ​គ្រោង​នឹង​បន្ត​ការ​ប្រមូល​ទិញ​ប្រាក់រៀល​ ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​រក្សា​លំនឹង​សាច់ប្រាក់ ​និង​លំនឹង​សេដ្ឋ​កិច្ច។

នាង​ រស់ សុធា​ ជូន​សេចក្តី​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

មន្ត្រី​ផ្លូវការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ ធនាគារ​ជាតិ​នឹង​ប្រមូល​ទិញ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​ជា​បន្ត​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​សល់គរ​ប្រាក់​រៀល​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ប្រាក់​រៀល​ធ្លាក់​ថ្លៃ​ខ្លំាង។​ វិធានការ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តម្លៃ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​បាន​បន្ត​ធ្លាក់ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ ចាប់​តាំងពី​ឆ្នាំ​២០០៧​មក។

រហូត​មក​ដល់​ថ្ងៃ​សុក្រ​ម្សិល​មិញ ​អត្រា​មធ្យម​នៃ​ប្រាក់​រៀល​មាន​តម្លៃ​៤២១៩​រៀល​ ក្នុង​មួយ​ដុល្លារ​ បើ​ធៀប​នឹង​ខែ​មីនា​ និង​ដើម​ខែ​មេសា​ ប្រាក់​រៀល​មាន​តម្លៃ​៤១៨៦​ក្នុង​មួយ​ដុល្លារ ​ នេះ​បើ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ប្រចាំ​ថ្ងៃ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ដើម្បី​បង្កើន​តម្លៃ​ប្រាក់​រៀល​ឡើង​វិញ ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ធនាគារ​ជាតិ​បាន​ដាក់​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ប្រាក់​នានា​ដេញ​ថ្លៃ​យក​ប្រាក់​ដុល្លារ​សរុប​ចំនួន​៤​លាន​ដើម្បី​ប្ដូរ​យក​ប្រាក់​រៀល​ត្រឡប់​មក​វិញ។ នេះ​ជា​ការ​ដេញ​ថ្លៃ​លើក​ទី១​ដែល​ទើប​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។

ក៏​ប៉ុន្តែ​លោក​ស្រី ​តាល់ ណៃអ៊ីម​ អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ មាន​ប្រសាសន៍​នា​ថ្ងៃ​សុក្រ​ថា​ ​ ចំណាត់​ការ​ដេញ​ថ្លៃ​យក​ប្រាក់​ដុល្លារ​លើក​ទី១​នោះ​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​ធ្វើ​ឲ្យ​ប្រាក់​រៀល​ឡើង​ថ្លៃ​វិញ​នោះ​ទេ​ ​ ​ដែល​តម្រូវ​ឲ្យ​ធនាគារ​ជាតិ​បន្ត​ការ​ដាក់​ដេញ​ថ្លៃ​ប្រមូល​ទិញ​ប្រាក់​រៀល​ជា​បន្ត​ទៀត។

«ស្ថាន​ភាព​លុយ​រៀល​វា​នៅ​ហ្នឹង​បន្តិច។​ ​ចំាមើល​ទាល់​តែ​ទិញ​មួយ​រយៈ​ទៀត»។

ប៉ុន្តែ​លោក​ស្រី ​តាល់ ​ណៃអ៊ីម​ មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ពី​កាល​បរិច្ឆេទ​ជាក់ស្តែង​នៃ​ប្រមូល​ទិញ​ប្រាក់​រៀល​ និង​ចំនួន​ទឹក​ប្រាក់​ដុល្លារ​ដែល​ធនាគារ​ជាតិ​នឹង​ត្រូវ​ចំណាយ​ទិញ​យក​ប្រាក់​រៀល​នៅ​លើក​ទី២​នា​ពេល​ខាង​មុខ​នេះ​ទេ។

ក៏ប៉ុន្តែ​ អ្នក​ជំនាញ​ឯករាជ្យ​ខាង​រូបិយ​វត្ថុ និង​តំណាង​ធនាគារ​ពាណិជ្ជ​បាន​ព្យាករ​ស្រដៀងៗ​គ្នា​ថា​ ​ ធនាគារ​ជាតិ​ទំនង​ជា​ត្រូវ​ចំណាយ​ប្រាក់​សរុប​យ៉ាង​ហោច​ណស់​១០​លាន​ដុល្លារ​ដែរ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​រៀល​ឡើង​ថ្លៃ​បាន​ប្រហែល​ជា​១%វិញ​ ​ហើយ​ការ​ប្រមូល​ទិញ​ប្រាក់​រៀល​ជា​លើក​ទីពីរ​អាច​នឹង​ធ្វើ​ឡើង​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។

ប្រាក់​ដុល្លារ​នេះ​ត្រូវ​គេ​និយម​ចាប់​តំាង​ពី​សម័យ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​អ៊ុនតាក់​ នា​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​មក​ម្ល៉េះ។​ ​រហូត​មក​ដល់​ពេល​នេះ​ ​៩០%​នៃ​ចរន្ត​សាច់​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ប្រើប្រាស់​ជា​លុយដុល្លារ។​ ហើយ​ដោយសារ​តែ​ កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​សាច់​ប្រាក់​ឲ្យ​បាន​រឹងមាំ​ ប្រជាជន​ខ្មែរ​ភាគ​ច្រើនមិនមាន​ទំនុកចិត្ត​ក្នុង​ការ​រក្សា​ទុក​ប្រាក់​រៀល​នោះ​ទេ។

អ្នក​សេដ្ឋ​កិច្ច​និយាយ​ថា​ ​ ការ​ចុះ​ថ្លៃ​ខ្លំាង​ពេក​នៃ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​ នឹង​ធ្វើ​ឲ្យ​ប្រាក់​រៀល​កាន់​តែ​បាត់​បង់​ទំនុក​ចិត្ត ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រាក់រៀល​អស់​តម្លៃ។ ​ម្យ៉ាង​វិញ​ទៀត​ វា​នឹង​ធ្វើ​ឲ្យ​ទំនិញ​នាំ​ចូលពី​បរទេស​កាន់​តែ​កើន​តម្លៃ​ខ្ពស់​ថែម​ទៀត។​ ប៉ុន្តែ​ការ​ឡើង​ថ្លៃ​ប្រាក់​រៀល​ខ្លំាង​ពេក​ ក៏​នឹង​ផ្តល់​ផល​ប៉ះពាល់​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ដែរ។ ​ម្ល៉ោះ​ហើយ ​ធនាគារ​កណ្ដាល​របស់​ប្រទេស​កម្ពុជា​ មាន​បំណង​រក្សា​លំនឹង​ប្រាក់​រៀល​ឲ្យ​ស្ថិត​ក្នុង​ចន្លោះ​៣៩០០​រៀល​ទៅ​៤១០០​ក្នុង​មួយ​ដុល្លារ។

អង្គភាព​ស៊ើប​អង្កេត​សេដ្ឋ​កិច្ច​ EIU ​បាន​វាយ​តម្លៃ​ក្នុង​របាយការ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១០​ របស់​ខ្លួន​ថា​ ​តម្លៃ​ប្រាក់​រៀល​នឹង​ធ្លាក់​ចុះ​ជា​មធ្យម​1,3%​នៅ​ឆ្នាំ​២០១០​នេះ ​និង​នៅ​ឆ្នាំ២០១១។

លោក​ ចាន់ ​សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ​ ការ​ធ្លាក់​ថ្លៃ​ខ្លំាង​នៃ​ប្រាក់​រៀល​នា​ពេល​នេះបណ្តាល​មក​ពី​ថយ​ចុះ​នៃ​កម្លាំង​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​ ដែល​រងគ្រោះ​ដោយសារ​ឱនភាព​សេដ្ឋកិច្ច​សាកល​លោក។

«លុយ​ហើម​ហ្នឹង​មក​ពី​កម្លាំង​សេដ្ឋកិច្ច​យើង​ថយ​ចុះ​ គឺ​លំហូរ​ចូល​នៃ​ប្រាក់​ដុល្លារ​មិន​ខ្លំាង​ដូច​មុន។​ ការ​ នំា​ទំនិញ​ចេញ​ ឬ​ក៏​វិស័យ​ទេសចរ​ អ្នក​នាំ​ទំនិញ​សម្លៀក​បំពាក់​ ​វិនិយោគ​បរទេស​ដែល​នាំ​ប្រាក់​ដុល្លារ​ ចូល​មក​សេដ្ឋកិច្ច​ស្រុក​យើង​វា​ធ្លាក់​ចុះ​អញ្ចឹងទៅ ​វា​ធ្វើ​ឲ្យ​ប្រាក់​រៀល​ហ្នឹង​ហើម​ឡើង​ ធ្លាក់​ថ្លៃ»។

លោក​ សម ឃង្ទី ​អ្នក​វិភាគ​ហិរញ្ញ​វត្ថុ ​និង​ជា​សមាជិក​នៃ​គណៈ​កម្មាការ​មូល​ប័ត្រ​កម្ពុជា​ ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ ​ ហើយ​លោក​ជួយ​បន្ថែម​ថា​ ​ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​រៀល​ មួយ​ផ្នែក​ទៀត​ ដោយសារ​ឥទ្ធិពល​នៃ​ការ​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​ហ្គ្រិច។​ វិបត្តិ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​នេះ​ ​ដែល​អាច​រីករាល​ដាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទំាង​មូល។​ ដូច្នេះ​ក្រុម​អ្នក​វិនិយោគ​ នៅ​ទ្វីប​អឺរ៉ុប​ត្រូវ​ស្វះ​ស្វែង​ទិញ​ប្រាក់​ដុល្លារ​ដែល​ពួកគេ​ជឿ​ថា ​មាន​សុវត្ថិ​ភាព​ជាង​ការ​រក្សា​ទុក​ប្រាក់​អឺរ៉ូ។​ ទំនោរ​នេះ​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​ ​ ហើយ​រូបិយ​វត្ថុ​នៃ​ប្រទេស​ជា​ច្រើន​ ​ រួម​ទំាង​ប្រាក់​រៀល​ខ្មែរ​ផង​នោះ​ ចាប់​ផ្តើម​ចុះ​ថោក​ធៀប​នឹង​ ប្រាក់​ដុល្លារ។

លោក ​សម ឃង្ទី ​មាន​ប្រសាសន៍​ថា ​ប្រាក់​រៀល​នឹង​ឡើង​ថ្លៃ​បន្តិច​វិញ​ ​នៅ​ពេល​ដែល​សភាព​ការណ៍​ហិរញ្ញ​វត្ថុ​នៅ​ទ្វីប​អឺរ៉ុប​ធូរ​ស្រាល​ឡើង​វិញ។

«បើសិន​ណា​ជា​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដែល​គេ​យល់​ថា​ ​គេ​បារម្ភ​ដូច​ជា​ពី​រឿង​ហ្គ្រិច​ ពីរឿង​លុយ​ក្នុង​ប្រព័ន្ធ​អឺរ៉ូ​ទំាង​មូល​ គឺ​ថា ​អ្នក​ដែល​កាន់កាប់​លុយ​អឺរ៉ូ​ហ្នឹង​ ឥឡូវ​គាត់​ចាប់​ផ្តើម​លក់​ចេញ ​ទិញ​ដុល្លារ។​ គាត់​ភ័យ​ខ្លាច​លុយ​អឺរ៉ូ​កាន់​តែ​ចុះ​ថែម​ទៀត។ ​ការ​លក់​របស់​គាត់​ហ្នឹង​បណ្តាល​ឲ្យ​លុយ​ដុល្លារ​ឡើង​ថ្លៃ​ បើ​ដុល្លារ​មាន​ការ​ចុះ​មក​វិញ​ ​អាហ្នឹង​គឺ​ថា​ ​លុយ​ដុល្លារ​ ​លុយ​រៀល​វិល​មក​តុល្យភាព​ថ្មី​មួយ​ទៀត»។

ទោះ​ជា​យ៉ាង​ណា​ ​ប្រាក់​រៀល​តែង​តែ​ហើប ​ឬ​ស្រក​ទៅ​តាម​រដូវ​កាល​ផង​ដែរ។

លោក ​ជៀម ទៀង​ អនុ​ប្រធាន​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​រតនា​ភិបាល​ និង​កិច្ចការ​អន្តរ​ជាតិ​នៃ​ធនាគារ​អេស៊ីលីដា​ និយាយ​ថា​ ​ស្ទើរតែ​រៀងរាល់​ឆ្នាំ​ ចាប់ពី​ខែឧសភាទៅ​ ប្រាក់​រៀល​តែង​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ ​ ​ហើយវា​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​ ​ នៅ​ពេល​ដែល​មាន​លំហូរ​សាច់​ប្រាក់​ដុល្លារ​ច្រើន​ក្នុង​វិស័យ​ទេសចរ ​និង​ការ​ប្រមូល​ផល​របស់​ប្រជា​កសិការ​បាន​មក​ដល់ ​ហើយ​ប្រជា​កសិករ​ បាន​លក់​ផលិត​ផល​កសិកម្ម​របស់​ពួក​គេ​ចេញ​ តាម​រយៈ​ការ​ទូទាត់​ជា​ប្រាក់​រៀល​ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​ ការ​ប្រាក់​រៀល​ច្រើន​ឡើង​វិញ។

ក្រុម​អ្នក​សេដ្ឋកិច្ច​ខាង​លើ​យល់​ឃើញ​ដូច​គ្នា​ថា​ ​ការ​ធ្លាក់​ថ្លៃ​ប្រាក់​រៀល​នាពេល​នេះ​មិន​មែន​ជា​ក្តី​កង្វល់​នោះ​ទេ​៕

XS
SM
MD
LG