ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវការ​ឧស្សាហ​កម្ម​ផលិត​ពូជ​ស្រូវ​បន្ថែម​ទៀត


ដោយ​​កម្ពុជា​មាន​ដី​កសិកម្ម​រហូត​ដល់​២លាន​៧សែន​​ហិកតា អ្នក​ជំនាញ​ខាង​កសិកម្ម​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​និង​ស្រូវ​ពូជ​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អាច​សម្រេច​បាន​នូវ​គោលដៅ​​នាំ​ចេញ​ស្រូវ​ចំនួន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​​នៅ​ឆ្នាំ​២០១៥។
ដោយ​​កម្ពុជា​មាន​ដី​កសិកម្ម​រហូត​ដល់​២លាន​៧សែន​​ហិកតា អ្នក​ជំនាញ​ខាង​កសិកម្ម​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​និង​ស្រូវ​ពូជ​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អាច​សម្រេច​បាន​នូវ​គោលដៅ​​នាំ​ចេញ​ស្រូវ​ចំនួន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ​​នៅ​ឆ្នាំ​២០១៥។

អ្នកសេដ្ឋកិច្ច​និង​អ្នកជំនាញ​កសិកម្មលើក​ឡើង​ថា ​កម្ពុជា​ត្រូវ​ការ​ឧស្សាហ​កម្ម​ផលិតគ្រាប់​ពូជ​ស្រូវ​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​កំណើន​ផលិត​កម្ម​ស្រូវ ​និង​ការ​នាំ​អង្ករ​ចេញ​តាម​ផែន​ការ​របស់​រដ្ឋាភិបាល។

អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ លោកយិន ណារ៉ុង​បាន​ផ្លាស់ប្តូរទម្លាប់​ដាំ​ស្រូវ​របស់​លោក​ពី​ការ​ប្រើប្រាស់គ្រាប់​ពូជ​ដែល​លោក​សន្សំ​ទុកក្រោយ​ពី​រដូវ​ច្រូត​កាត់​មុន​ មកប្រើ​ប្រាស់​គ្រាប់​ពូជ​សុទ្ធ​វិញ​ដែល​លោក​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ពូជ​ស្រូវ​ក្នុង​ស្រុក​មួយ។

ជា​កសិករ​វ័យ​៥២​ឆ្នាំ​នៅ​ក្នុង​ភូមិ​ព្រះធាតុ​ ឃុំ​រលួស​ ស្រុក​កណ្តាល​ស្ទឹង ដែលថ្មីៗ​នេះ​ទើប​នឹង​ត្រូវ​កាត់​ចូល​ទៅ​ក្នុង​ខណ្ឌ​ដង្កោ​របស់​រាជធានី​ភ្នំពេញ​ លោក​យិន ណារ៉ុង​ ដែល​មាន​ដី​ស្រែ​ចំនួន​ជាង​២០​អា ​មាន​ប្រសាសន៍​ថា ​ការ​ងាក​មក​ប្រើ​ប្រាស់​គ្រាប់​ពូជសុទ្ធរបស់​ក្រុមហ៊ុន​ជាជាង​ការ​ប្រើ​ប្រាស់​គ្រាប់​ពូជ​តាម​ប្រពៃណី​នេះ​បាន​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​របស់​លោក​ កើន​ឡើង​ជាង​មុន​ចំនួនជាង​២០%។

«ប្រសិន​ជា​យើង​ធ្វើ​ធម្មតា​ ដោយ​យើង​យក​ពូជ​យើង​ធម្មតា​យក​មក​ធ្វើ​ កាល​ពី​មុន​ យើង​បាន​ត្រឹម​តែ​៧០០​គីឡូក្រាម​ ប៉ុន្តែ​ដល់​យើង​យក​ពូជ​នោះ​មក​ដាក់​មក​ យើង​កើន​ឡើង​បាន​ដល់​៩០០​គីឡូ​ក្រាម​អី​អញ្ចឹង​ទៅ»។

បើ​ធៀប​នឹង​ចំនួន​ពូជ​ស្រូវ​ប្រពៃណី​ចំនួន​ជាង​២០​គីឡូក្រាម​ដែល​លោក​ត្រូវ​ការ​នៅ​ពេល​មុន​ ​ បច្ចុប្បន្ន​លោក​ណារ៉ុង​ប្រើប្រាស់គ្រាប់​ពូជ​សុទ្ធចំនួន​តែ១៥​គីឡូក្រាម​សម្រាប់​ផ្ទៃដី​ស្រែ​ទាំង​មូល​របស់​លោក ​ដោយ​ចំណាយ​ប្រាក់​ទិញ​អស់​ប្រមាណ​៤​ម៉ឺន​រៀល។

ក្រុម​អ្នក​សេដ្ឋកិច្ច​និង​អ្នក​ជំនាញ​កសិកម្ម​បាន​មើល​ឃើញ​ថា​ ការ​ផ្លាស់​ប្តូរ​គ្រាប់​ពូជ​ស្រូវ​សម្រាប់​ឲ្យប្រជា​កសិករ​ដាំដុះ​នេះ​នឹង​ជួយ​បង្កើន​និទ្នផល​ស្រូវ​ក្នុង​ស្រុក​បន្ថែម​ទៀត​ដែល​នឹងធានា​ដល់​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង។

ជួយ​បង្កើន​ទិន្នផលគឺ​ដោយ​សារក្រុម​អ្នក​ជំនាញ​អះអាង​ថា​ ការ​ដាំដុះ​គ្រាប់​ពូជ​សុទ្ធផ្តល់​ផល​ច្រើន​ជាង​គ្រាប់ពូជប្រពៃណី​ពី​២០%​ទៅ​៣០%។

ប៉ុន្តែ​របាយ​ការណ៍​ឃ្លាំមើលសេដ្ឋកិច្ច​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែ​មក​រា​ឆ្នាំ​២០១១​នេះ​ បាន​បង្ហាញថា​ ប្រជា​កសិករ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​នៅ​តែ​ប្រើប្រាស់​គ្រាប់​ពូជ​ស្រូវ​ដែល​ពួក​គេ​រក្សា​ទុក​ក្រោយ​ពី​រដូវ​ច្រូត​កាត់​មុនៗ​ ដើម្បី​ដាំ​ដុះ​នៅ​រដូវ​ធ្វើ​ស្រែ​បន្ទាប់។ ​ការ​ដាំដុះ​ពូជ​ស្រូវ​ប្រពៃណី​នេះ​មិន​ត្រឹម​តែមិន​បាន​ផ្តល់​ផល​ច្រើន​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ទិន្ន​ផល​អាច​ថយ​ចុះ​ទៀត​ផង ដោយ​សារការ​រិចរិល​នៃ​គុណភាព​គ្រាប់​ពូជ​ទាំង​នោះ។

លោក​នៅ សីហា ​នាយក​គ្រប់​គ្រង​ផ្នែក​ស្រាវជ្រាវនៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​បន្ត​ដាំដុះ​ពូជ​ស្រូវ​បែប​ប្រពៃណី​នេះ​គឺ​ជា​បញ្ហា​ប្រឈមមួយ​ដល់​កំណើន​ផលិត​ផល​ស្រូវ​នៅ​ក្នុង​ស្រុក។

«ពូជ​គាត់​តាំង​ពី​ដូនតា​មក​ម៉្លេះ។ ជួនកាល​ពូជ​ហ្នឹង​យូរៗ​ទៅ​ វា​ងាប់​មេ​ ងាប់​អី​ទៅ ក៏​គាត់​នៅ​តែ​ប្រើ​អាហ្នឹង​ដែរ។​ គាត់​អត់​ដូរ។​ អាហ្នឹង​វា​ក៏​ជា​បញ្ហា​ប្រឈម​មុខ​មួយ​ដែរ»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើន​ផលិត​កម្ម​ស្រូវ​លើស​ពី​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​៤លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​មាន​មហិច្ឆិតានាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាង​តិច​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៥ត​ទៅ។

នៅ​ឆ្នាំ​២០១០​ កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ជិត​៨លាន​តោន ក្នុងនោះ​ជាង៣លាន​តោនជា​ទិន្នផលលើស​ពី​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក។

ប៉ុន្តែ​ទិន្នផល​ស្រូវ​នៅ​កម្ពុជា​នៅ​ទាប​នៅឡើយ​ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ ពោល​គឺ​នៅ​កម្ពុជា​ ទិន្នផល​ទទួល​បាន​ជា​មធ្យម​ក្នុង​ឆ្នាំ​២០០៨​ត្រឹមតែ​ជាង​២តោន​ក្នុង​មួយ​ហិកតា​ ខណៈ​ប្រទេស​ថៃបាន​ជិត​៣​តោន​ ឡាវ​ជាង​៣តោន​ និង​វៀតណាម​ជិត​៥តោន​ក្នុង​មួយ​ហិកតា។​ នេះ​បើយោង​តាម​តួលេខ​របស់​រដ្ឋាភិបាល។

របាយ​ការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ឧស្សាហ​កម្ម​ផលិត​គ្រាប់​ពូជ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​បំផុត​មិន​ទាន់​អាច​មាន​លទ្ធភាព​ទាក់ទាញ​ប្រជា​កសិករ​ខ្មែរ​ឲ្យ​ចេញ​ផុត​ពី​របៀប​ដាំ​ស្រូវ​តាម​បែប​ប្រពៃណី​របស់​ពួក​គេ​បាន​នៅ​ឡើយ​ទេ។

របាយ​ការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​ បច្ចុប្បន្ន​ប្រទេស​ថៃ​មាន​ក្រុមហ៊ុន​ផលិត​ពូជ​ស្រូវចំនួន​ដល់​ទៅ​៨៥​ រីឯ​កម្ពុជា​មាន​ក្រុម​ហ៊ុន​ផលិត​ពូជ​ស្រូវ​តែ​មួយ​គត់​ឈ្មោះ​ថា​ AQIP Seed​ ដែល​មាន​លទ្ធភាព​ផលិត​ពូជ​ស្រូវ​បាន​ចំនួន​២៦០០​តោន​ក្នុង​មួយ​ឆ្នាំ ដើម្បី​លក់​ជូន​ដល់ប្រជា​កសិករ​ចំនួន​ប្រមាណ​១៦​ម៉ឺន​គ្រួសារ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៩​ទូទាំង​ប្រទេស។

លោក​គង់ វិតាណៈ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ AQIP SEED Co., Ltd ​មាន​ប្រសាសន៍​ថា​ ​លោក​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ឯកជន​បន្ថែម​ទៀត​ ចូល​មក​វិនិយោគ​លើ​វិស័យ​ផលិត​គ្រាប់​ពូជ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ការ​ប្រើប្រាស់ពូជ​ស្រូវ​សុទ្ធ​ក្នុង​ចំណោម​ប្រជា​កសិករ​ខ្មែរ​នេះ។

«វា​ជា​ការ​ចាំ​បាច់​ណាស់​គឺ​យើង​ត្រូវ​ការ​ ទី​១​គឺ​ដើម្បី​បង្កើន​ឲ្យ​គ្រប់​តាម​តម្រូវការ​របស់ប្រទេស​របស់​យើង។ ទី​២​គឺ​វា​បើក​ចំហរ​នូវ​ការ​ប្រកួត​ប្រជែង​ដោយ​សមធម៌​នៅ​លើ​មុខ​ជំនួញ​គ្រាប់​ពូជ​នេះ»។

លោក​អ៊ុក មករា​ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​នៃ​ក្រសួង​កសិកម្ម មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​បើក​ទូលាយ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​ផលិត​គ្រាប់​ពូជ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា ​បញ្ហា​គឺ​នៅ​ត្រង់​ថា​ ប្រជា​កសិករ​ភាគ​ច្រើន​មិន​ទាន់​ចាប់​អារម្មណ៍​ច្រើនលើ​គ្រាប់ពូជ​សុទ្ធ​ដែល​ផលិត​និង​ដាក់​លក់​ដោយ​ក្រុមហ៊ុន​នៅ​ឡើយ​ទេ​ ដោយ​សារ​ពួក​គាត់​អាច​រក្សា​ស្រូវ​ចំណី​របស់​គាត់​ទុក​ធ្វើ​ជា​គ្រាប់​ពូជ​បាន។

«យើង​គ្មាន​សិទ្ធិណា​ដែល​អនុញ្ញាត​ឲ្យ​គាត់​ផ្តាច់​មុខ​ទេ។​ ដូច្នេះ​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង។​បញ្ហា​គឺ​កសិករ​យើង​គាត់​នៅ​មាន​ដី​ស្រែ​តូចៗ​ ហើយ​គាត់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ច្រើន»។

សូម​បញ្ជាក់​ថា​ ជា​យន្តការ​ដើម្បី​ធានា​ដល់​កំណើនផលិតផល​ស្រូវ​និង​ការ​ឆ្លើយតប​ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​អង្ករ​នៅ​ក្រៅ​ប្រទេស​ ក្រសួង​កសិកម្មបាន​បញ្ចេញ​ពូជ​ស្រូវ​ជម្រើស​ចំនួន​១០​ប្រភេទ​ឲ្យ​ប្រជា​កសិករ​យក​ទៅ​ប្រើ​ប្រាស់។ ​ពូជ​ទាំង​នោះ​រួមមាន​ ពូជ​ស្រូវ​ស្រាល​ចំនួន​បី​ប្រភេទ​គឺ​សែនពិដោរ​ ជលសារ ​និង​អ៊ីអែ៦៦ ​ ហើយ​ពូជ​ស្រូវ​កណ្តាល​ចំនួន​បួន​ប្រភេទ​គឺ​ ផ្កា​រំដួល​ ផ្ការំដេង​ ផ្កា​រមៀត​និង​ផ្កាច័ន្ទសែនស​ ហើយ​នឹង​ពូជ​ស្រូវ​ធ្ងន់ចំនួន​បី​ប្រភេទ​ទៀត​គឺ​រាំងជ័យ ​ខា៤​និង​ខា៦។

លោក​យ៉ង សាំងកុមារ​ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ (អង្គការ ​CEDAC)​ មាន​ប្រសាសន៍​ថា​ ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​របស់​ខ្លួន​ ប្រជា​កសិករ​អាច​ប្រើប្រាស់​វិធី​សម្រាំង​គ្រាប់​ពូជ​សុទ្ធរបស់​ខ្លួន​បាន​ ប្រសិន​បើ​ពួក​គេ​មិន​ចង់ប្រើប្រាស់គ្រាប់​ពូជ​របស់​ក្រុមហ៊ុន​ទេ​នោះ។

«ចំណុច​នៃ​ការ​ចាប់​ផ្តើម​ហ្នឹង​គឺ​ធ្វើ​យ៉ាង​ម៉ិច​ឲ្យ​កសិករ​ទូទាំង​ប្រទេស​ហ្នឹង​ចេះ​បន្សុទ្ធ​ពូជ​ ចេះ​ជ្រើស​រើស​ពូជ​ទុក​ដាក់​ដោយ​ខ្លួន​ឯង។ ​បើ​មិន​បាន​គ្រប់​គ្នា​ ឲ្យ​តែ​បាន​មួយ​ភូមិ​មាន​៤ឬ​៥​នាក់​អី​អញ្ចឹង​ទៅ»។

លោក​យ៉ង សាំង​កុមារមាន​ប្រសាសន៍​បន្ថែមថា​ ការ​ជ្រើសរើស​សម្រិត​សម្រាំង​គ្រាប់​ពូជ​ស្រូវ​ទុក​ដោយ​ខ្លួន​ឯង​នេះ​គឺ​ជា​វិធី​ដែល​ចំណាយ​ធនធាន​តិច​ ប៉ុន្តែមាន​ប្រសិទ្ធិភាព​ខ្ពស់​ ដោយសារ​កសិករ​អាចដោះដូរ​វិធីសាស្ត្រ​នេះ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ជា​លក្ខណៈ​ប្រពៃណី​របស់​ពួក​គេ​បាន៕

XS
SM
MD
LG