ភ្នំពេញ៖ ក្រុមមន្ត្រីគណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ក្រសួងយុត្តិធម៌ត្រូវទទួលខុសត្រូវចំពោះការធ្វើលិខិតជូនដំណឹងទៅរដ្ឋសភាអំពីករណីអភ័យឯកសិទ្ធិរបស់លោក ស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានបាត់បង់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសន្និសីទកាសែត។
ក្រសួងយុត្តិធម៌បានស្នើទៅរដ្ឋសភា ដើម្បីសុំព្យួរអភ័យឯកសិទ្ធិសភារបស់លោកស្រីមូរ សុខហួរ ដើម្បី បើកផ្លូវឱ្យតុលាការធ្វើការស៊ើបសួរបណ្តឹងបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រឆាំងនឹង លោកស្រីមូរ សុខហួរ។ រដ្ឋសភាបានសម្រេចព្យួរអភ័យឯកសិទ្ធិរបស់លោកស្រីមូរ សុខហួរ តាមការស្នើសុំរបស់ក្រសួងយុត្តិធម៌។
លោកសុក សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថាក្រសួងយុត្តិ ធម៌មានកាតព្វកិច្ចក្នុងការធ្វើលិខិតជូនដំណឹងទៅរដ្ឋសភាដើម្បីបញ្ជាក់អំពីការអនុវត្តសាលក្រមនិងការ បង់ពិន័យចប់សព្វគ្រប់អស់ហើយរបស់លោកស្រីមូរ សុខហួរ។
«ក្រសួងយុត្តិធម៌ជាអ្នកដឹងពីការអនុវត្តសាលក្រមនិងការអនុវត្តទោសហើយឥឡូវនេះការអនុវត្តទោសរបស់លោកស្រីមូរ សុខហួរ ចប់ហើយបង់ប្រាក់ពិន័យចប់អស់ហើយ។ ក្នុងករណីបែបនេះក្រសួង យុត្តិធម៌ជូនដំណឹងមករដ្ឋសភាមក។ ក្រសួងយុត្តិធម៌មានសិទ្ធិនិងសមត្ថកិច្ចធ្វើលិខិតជូនដំណឹងទៅ រដ្ឋសភាអំពីករណីរបស់លោកស្រីមូរ សុខហួរ»។
លោកស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថាក្រសួងយុត្តិធម៌ត្រូវទទួលខុសត្រូវ ចំពោះការសរសេរលិខិតជូនមករដ្ឋសភាអំពីករណីរបស់លោកស្រី។
«វាត្រូវជាការងារពីក្រសួងយុត្តិធម៌ឡើងទៅដល់រដ្ឋសភាបើពិតជានីតិរដ្ឋប៉ុន្តែក្រសួងយុត្តិធម៌នៅធ្វើ ព្រងើយកន្តើយរបៀបហ្នឹង ឬ មួយមកពីខ្ញុំ មិនមែនជាគណបក្សប្រជាជនកម្ពុជា»។
លោកស្រីមូរ សុខហួរ ក៏បានរិះគន់ប្រធានរដ្ឋសភាអំពីកង្វះនៃការការពារសមាជិកសភារបស់ខ្លួន ខណៈដែលលោកស្រីមិនទាន់បានទទួលអភ័យឯកសិទ្ធិនោះ ប្រធានរដ្ឋសភាគួរតែសរសេរលិខិតទៅ ក្រសួងយុត្តិធម៌ដើម្បីបញ្ជាក់អំពីករណីរបស់លោកស្រី។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងថារដ្ឋសភារង់ចាំ លិខិតរបស់ក្រសួងយុត្តិធម៌អំពីករណីរបស់លោកស្រីមូរ សុខហួរ និងបានបញ្ជាក់ថារដ្ឋសភាមិនអាចផ្តល់អភ័យឯកសិទ្ធិជូនលោកស្រីមូរ សុខហួរ បានទេ បើគ្មានការស្នើសុំពីក្រសួងយុត្តិធម៌ជាមុននោះ។
លោកប៊ុនយ៉ៃ ណារិន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថាករណីរបស់លោកស្រីមូរ សុខហួរ នេះ ក្រសួងយុត្តិធម៌បានបញ្ជូនលិខិតទៅរដ្ឋសភាហើយកាលពីសប្តាហ៍មុន ប៉ុន្តែលោកមិនបានដឹងអត្ថន័យ នៅក្នុងលិខិតនោះទេ។
លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមិនអាចធ្វើទំនាក់ទំនងបានដើម្បីសុំសេចក្តីបញ្ជាក់អំពីលិខិតរបស់ក្រសួងយុត្តិធម៌នេះទេ។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងកាលពីសប្តាហ៍មុនថា ក្នុងករណីរបស់លោក ស្រីមូរ សុខហួរនេះ រដ្ឋសភាត្រូវសរសេរលិខិតមកក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌កំពុងរង់ចាំ លិខិតពីរដ្ឋសភា។
តុលាការបានរកឃើញទោសកំហុសរបស់លោកស្រីមូរ សុខហួរ អំពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន និងបានពិន័យ ប្រមាណ៤.០០០ដុល្លារអាមេរិកនៅក្នុងខែតុលា ឆ្នាំ២០០៩៕