ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​តវ៉ា​ថា​ទឹក​ជំនន់​បណ្តា​មក​ពី​ការ​ចាក់​បំពេញ​បឹងកក់


ទិដ្ឋភាព​ទឹក​ជន់​លិច​ក្នុង​ទិក្រុង​ភ្នំពេញ​។
ទិដ្ឋភាព​ទឹក​ជន់​លិច​ក្នុង​ទិក្រុង​ភ្នំពេញ​។

ភ្នំពេញ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​តវ៉ា​នៅ​មុខ​សាល​រាជធានី​ភ្នំពេញ​ដោយចោទ​ប្រកាន់​ថា ទឹក​លិចផ្ទះ​សម្បែង​របស់​គេ​នៅ​បឹង​កក់ ​គឺបណ្តាល​មក​ពី​ការ​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់​របស់​ក្រុម​ហ៊ុន​ ស៊ូកាគូអ៊ីន។

អ្នកស្រី គង់ សុខា អាយុ​៤៣ឆ្នាំ រស់នៅ​ភូមិ​២២ ​សង្កាត់​ស្រះ​ចក ខណ្ឌ័​ដូនពេញ ​បាន​ឈរ​ស្រែក​យំ នៅ​ពី​មុខ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃអង្គារ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ក្រោយ​ពី​ភ្លៀង​ធ្លាក់​កាលពី​យប់​ថ្ងៃ​ចន្ទ័ ​បាន​បណ្តាល​ឲ្យ​ទឹក​លិច​ផ្ទះ​របស់​អ្នកស្រី​ ។

ភ្លៀង​ធ្លាក់​មួយមេ​យ៉ាង​ធំ​កាលពី​ថ្ងៃចន្ទ័​ បាន​បណ្តាល​ឲ្យ​ផ្ទះ​រាប់ពាន់​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល រស់នៅ​ក្នុង​តំបន់​បឹងកក់​ទាំង​ប្រាំពីរ​ភូមិ​ត្រូវបាន​ទឹក​លិច ។

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០នាក់​ បាន​សម្រេច​មូរ​ជើងខោ ​ដើរ​កាត់​ទឹក​ដែល​មាន​ក្លិនស្អុយ​តិចៗ​ ពី​តំបន់​បឹងកក់​ប្រមាណ​ជាង​មួយគីឡូម៉ែត្រ​ មក​តវ៉ា​នៅ​ពីមុខ​សាលាក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​កាត់​បន្ថយ​ទឹក​ដែល​បាន​ជន​លិច​នោះ ។ ប្រជាពលរដ្ឋ​ទាំង​នោះ​ស្រែក​ថា៖

«ពេល​ណា​សាលាក្រុង​ ចាប់ផ្តើម​អភិវឌ្ឍ​ប្រជាជន​នៅតំបន់​បឹងកក់ទឹកភ្នែក​ពេលហ្នឹង​ រស់នៅ​យ៉ាង​វេទនា​ពេល​ហ្នឹង»។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីនរបស់​លោក​ឧកញ្ញ៉ា​ឡៅ ម៉េងឃិន ​សមាជិក​ព្រឹទ្ឋសភាខាង​គណបក្ស​ប្រជាជនកម្ពុជា ​បាន​ចុះ​កិច្ច​ព្រមព្រៀងជាមួយ​នឹងសាលាក្រុង​ភ្នំពេញ​ ដើម្បី​ជួល​ដី​នៅតំបន់​បឹងកក់ ​ដែល​មាន​ទំហំ​ជាង​១២៦​ហិចតា ​រយៈពេល​៩៩ឆ្នាំ​ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើបៗ​សណ្ឋាគារ​ និង​ផ្ទះល្វែង​។

ចាប់តាំង​ពី​ក្រុមហ៊ុន​ បាន​ចាប់ផ្តើម​បូមដី​ចាក់​បំពេញ​បឹងកក់​តាំងពី​ឆ្នាំ២០០៨​មក ផ្ទះ​អ្នក​ស្រុក​៣.២០០​គ្រួសារ​ ក្នុង​ចំណោម​ផ្ទះ​ប្រាំពីរ​ភូមិ​នៅ​តំបន់​បឹងកក់ ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់។

បុរស​មួយរូបដែល​កំពុង​យួរ​ចង្ក្រាន​ហ្គាស​ ធុង​ទឹក​កក និង​កាបូប​ខោអាវ​ដើរ​កាត់​ទឹក​នៅ​ក្នុង​ភូមិ​២៤ ​បាន​និយាយា​ថា លោក និង​ក្រុមគ្រួសារ​បាន​សម្រេច​ផ្លាស់​លំនៅដ្ឋាន​ចេញ​ដោយសារ​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់ ​និង​កើត​ជម្ងឺឆ្លង​ បន្ទាប់ពី​លោក​បាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​អស់​រយៈពេល​ជាង​បីខែ​មក​ហើយ​នោះ។ លោក​បន្ត​ថា៖

«លិច​អញ្ចឹង​ប្រហែល​ជា​កន្លះម៉ែត្រ​ពីរតឹក​ អាខ្លះ​ដល់​រនូតផ្ទះ​ យប់មិញ​គេង​លើ​គ្រែ»។

អ្នកស្រី​វង្ស ចរិយា​ អាយុ​៤១ឆ្នាំ​ កំពុង​លក់​គ្រឿងទេស ​បាន​និយាយថា ​កាលពី​ថ្ងៃចន្ទ័ ​ផ្ទះ​របស់​អ្នក​ស្រី​ បាន​លិច​ទឹក​ប្រមាណ​ជិត​កន្លះម៉ែត្រ។ អ្នក​ស្រី​បាន​និយាយ​ទៀត​ថា ​សមាជិក​នៅ​ក្នុង​គ្រួសារ​ បាន​សម្រេច​ចិត្ត​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​យប់​ដោយ​សារពុំមាន​កន្លែង​ស្នាក់នៅ​សមរម្យ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ទៀតថា​ ទឹក​ជន់​លិច​នេះ ដោយសារ​តែ​ការ​បូម​ដី​ចាក់​បំពេញ​បឹងកក់​ របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​ដែល​បណ្តាល​ឲ្យ​ស្ទះ​ប្រព័ន្ឋ​លូ​គ្រប់​ទីកន្លែង។ លោក​ស្រី​បន្ត​ថា៖

«បូម​ខ្សាច់​ បូមអី​កាល​មុន​ ក្រុមហ៊ុន​គេ​អត់​ទិញ​បឹង​ ព្រោះ​គ្រាន់​តែ​ថា ​ភ្លៀង​ហើយ​រាំង​អត់​ដែល​មាន ទឹក​លិចទេ ​រាំង​ភ្លៀង ​គឺ​ទឹកហូរ​អស់​ ដល់​តាំងពី​ក្រុមហ៊ុន​គេ​បូមខ្សាច់​អី​មក​ទៅ​បឹងកក់ វា​ទឹក​ទើប​ស្ទះ​ឆ្នាំ​ហ្នឹង ទឹក​អត់​ហូរ​អត់​អីហ្នឹង»។

លោក​ប៉ា សុជាតិវង្ស ​អភិបាល​រង​ក្រុង​ភ្នំពេញ ​បាន​និយាយថា ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ភាគច្រើន​បាន​លិចទឹក​គ្រប់​ទីកន្លែង។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​ឃើញ​ស្រាប់​ហើយ​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ពេល​ភ្ជុំនេះ​ កុំថា​ដល់​ទៅ​បឹង ​សូម្បីតែ​នៅ​កណ្តាល​ភ្នំពេញ​ យើង​ក៏​មាន​ការ​លិច​លង់​ដែរ គាត់​និយាយ​ក៏​ត្រូវ​មួយ​ចំណែក​ ក៏​ប៉ុន្តែ​វា​មិន​មាន​ចេតនា ​ដែល​យើង​ចង់​ធ្វើ​ឲ្យ​គាត់​អញ្ចឹង​ទេ»។

លោក​ប៉ា សុជាតិវង្ស ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ទឹក​ដែល​ជនលិច​នៅក្នុង​តំបន់​បឹងកក់​នេះ ​មិន​មែន​ដោយសារ​តែ​ការបូម​ដី​ចាក់​បំពេញ​បឹងកក់នោះ​ទេ។

XS
SM
MD
LG