ភ្នំពេញៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកមួយ បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការរំលោភសិទ្ធិដីធ្លី និងសិទ្ធិការងាររបស់ប្រជាពលរដ្ឋ ព្រមទាំងឲ្យពង្រឹងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ដើម្បីធានាថាការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានដំណើរការទៅមុខយ៉ាងល្អ។ អនុសាសន៍នេះ បានធ្វើឡើងបន្ទាប់ពីបានរកឃើញមានការរំលោភបំពានសិទ្ធិដីធ្លី និងសិទ្ធិការងារជាទូទៅនៅកម្ពុជា ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបាននិយាយថារបាយការណ៍នេះសំដៅវាយប្រហាររាជរដ្ឋាភិបាលច្រើនជាងការរិះគន់ស្ថាបនា។
របាយការណ៍បានបង្ហាញភស្តុតាងអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាលនិងម្ចាស់អាជីវកម្មដោយសារប្រព័ន្ធតុលាការប្រឈមនឹងកង្វះឯករាជ្យភាព ទទួលរងឥទ្ធិពលនយោបាយ និងកង្វះធនធានហិរញ្ញវត្ថុ។
របាយការណ៍សង្ខេបចំនួន ១៤ទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០១០ បានបញ្ជាក់ថាចន្លោះប្រហោងអភិបាលកិច្ចបានកើតឡើង ដោយសាររាជរដ្ឋាភិបាលមិនមានឆន្ទៈ ឬ មិនមានលទ្ធភាពគ្រប់គ្រាន់ការពារប្រជាពលរដ្ឋពីការរំលោភបំពានសិទ្ធិពីសំណាក់អ្នកធ្វើអាជីវកម្ម។
របាយការណ៍នេះបានបញ្ជាក់ថា មានភស្តុតាងថ្មីៗដែលបង្ហាញថា ការខកខានមិនបានគោរពសិទ្ធិមនុស្សអាចធ្វើឱ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម បើទោះបីជា របបនៃការអនុវត្តច្បាប់ជាតិនោះ មិនទាន់ត្រូវបានអនុវត្តក៏ដោយ។
របាយការណ៍នេះ បានបន្តថា ទំនាក់ទំនងហិរញ្ញវត្ថុយ៉ាងស្អិតរមួតរវាងឥស្សរជនដែលមានតួនាទី ក្នុងជួររាជរដ្ឋាភិបាលជាមួយនឹងអាជីវកម្ម ដែលទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សបានបង្កឱ្យមានបញ្ហាបំពានសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរឡើង ហើយក្នុងកាលៈទេសៈខ្លះបានបង្កការលំបាកក្នុង ការញែកឱ្យដាច់រវាងរដ្ឋាភិបាល និងអាជីវកម្ម។
របាយការណ៍នេះបានលើកឡើងថា នៅក្នុងប្រទេសទាំងឡាយដូចជាប្រទេសកម្ពុជា ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងមានអំពើពុករលួយជាលក្ខណៈស្ថាប័ន ចន្លោះប្រហោងអភិបាលកិច្ចលើផ្នែកសិទ្ធិមនុស្ស គឺរឹតតែមានលក្ខណៈធ្ងន់ធ្ងរ។
របាយការណ៍នេះបានសរសេរថា ការវិភាគនេះបានផ្តោតសំខាន់ទៅលើសិទ្ធិដីធ្លី សិទ្ធិការងារ សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ និងសេរីភាពនៃការបង្កើតសមាគមដែលចំណុចទាំងអស់នេះ គឺជាបញ្ហារសើបជាងគេ ទាក់ទងនឹងអាជីវកម្មនៅកម្ពុជា។
របាយការណ៍នេះបានបញ្ជាក់ថា ការរំលោភបំពានសិទ្ធិដីធ្លីដោយសារហេតុផលសេដ្ឋកិច្ចបានកើត មានឡើងជាទូទៅនៅកម្ពុជា។ ជនរងគ្រោះ ពីការបណ្តេញចេញពីដីធ្លីកម្របានផ្តល់ឱកាសឱ្យចូលរួមពិភាក្សាជាមុន ការផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬ មិនត្រឹមត្រូវ និងទទួលរងការបង្ខិតបង្ខំ ឬ បំភិត បំភ័យក្នុងពេលពិគ្រោះយោបល់ ហើយជាទូទៅ ការបណ្តេញប្រជាពលរដ្ឋចេញត្រូវបានធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធ និងប៉ូលីសកម្ពុជាខណៈដែលអ្នកមានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ទទួលបានផលចំណេញពីការបណ្តេញចេញដោយបង្ខំនេះ។
របាយការណ៍នេះបានឲ្យដឹងថា សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាតែងតែប្រឈមនឹងការគំរាមកំហែងក្នុងរូបភាពជាអំពើហិង្សាលើរូបរាងកាយនិងការចោទប្រកាន់បទព្រហ្មទណ្ឌ នៅពេលដែលពួកគេព្យាយាមសម្តែងការប្រឆាំងនឹងការអភិវឌ្ឍដែលបានប៉ះពាល់ដល់សិទ្ធិដីធ្លី និងសិទ្ធិការងាររបស់ពួកគេ។
របាយការណ៍នេះបានសរសេរថា ជនរងគ្រោះនៃការរំលោភបំពានលើសិទ្ធិដីធ្លី និងសិទ្ធិការងារតែងតែពឹងផ្អែកទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំគ្នា និងសេរីភាពនៃការបង្កើត សមាគមដើម្បីធ្វើការតស៊ូមតិពីបុព្វហេតុនេះនិងទាមទាសំណងប៉ះប៉ូវសម្រាប់ពួកគេ។ ប៉ុន្តែកងកម្លាំង សាធារណៈ និងឯកជនបានចូលដៃគ្នា ដើម្បីបដិសេធសិទ្ធិរបស់ពួកគេ។
របាយការណ៍នេះ បានបញ្ជាក់ថាយន្តការតុលាការនៅមានកង្វះឯករាជ្យភាព ដោយសារតែឥទ្ធិពលនយោបាយ និងហិរញ្ញវត្ថុ។ យន្តការក្រៅប្រព័ន្ធតុលាការរបស់រដ្ឋ គឺពុករលួយ ខ្វះតម្លាភាពនិងវិជ្ជាជីវៈ និងមានការគ្រប់គ្រងដោយឥទ្ធិពលនយោបាយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា របាយការណ៍នេះ បានលើកឡើងពីបញ្ហាអវិជ្ជមាន សំដៅវាយប្រហាររាជរដ្ឋាភិបាល ប៉ុន្តែមិនបាននិយាយ ពីអំពើល្អរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍក្នុងការងារការពារសិទ្ធិមនុស្ស និងផលប្រយោជន៍របស់សាធារណៈជនទេ។
«ការវាយតម្លៃរបស់របាយការណ៍នេះគ្មានហេតុផលអំពីការពិតនោះឡើយ។ ការវាយប្រហាររបស់អង្គការមិនមែនរដ្ឋាភិបាល លើប្រព័ន្ធតុលាការ គ្រាន់តែជាការជួយបំផ្លិចបំផ្លាញនូវការអនុវត្តច្បាប់តែប៉ុណ្ណោះ។ យើងស្វាគមន៍ចំណុចមួយចំនួននៅក្នុងរបាយការណ៍និយាយចំសាច់រឿង ប៉ុន្តែចំណុចមួយចំនួនទៀត បាននិយាយវាយប្រហារ យើងមិនយកចិត្តទុកដាក់ទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឱ្យបញ្ឈប់ការរំលោភបំពាន សិទ្ធិដីធ្លី និងសិទ្ធិការងាររបស់ប្រជាពលរដ្ឋពីសំណាក់មន្ត្រីមានអំណាច និងម្ចាស់អាជីវកម្ម។