មេដឹកនាំសង្គមស៊ីវិលក្នុងតំបន់អាស៊ានមានទុទិដ្ឋនិយមចំពោះបេសកកម្ម និងកិច្ចការរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ានដែលបានអនុវត្តកន្លងមក។
មេដឹកនាំនៃអង្គការសង្គមស៊ីវិលធំៗមកពីប្រទេសប្រាំមួយ ដែលជាសមាជិកអាស៊ានដែលរួមមានកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន ស៊ីងហ្កាពួរ និងថៃ ជួបជុំគ្នានៅក្នុងវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យ (American University) និងអង្គការ ហ្រ្វ៊ីដឹម ហោស៍ (Freedom House) នៅសាកលវិទ្យាល័យ American Univeristy នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០។ មេដឹកនាំ នៃអង្គការសង្គមស៊ីវិលសុទ្ធតែមានទុទិដ្ឋនិយមចំពោះគណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ានដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៩។
លោក យ៉ាប ស្វ៊ី សេង (Yap Swee Seng), នាយកប្រតិបត្តិវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ មានទីតាំងនៅប្រទេសថៃ ថ្លែងថា វត្តមានរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន គឺជាចំណុចវិជ្ជមានមួយដែលសិទ្ធិមនុស្ស ដែលធ្លាប់តែជាពាក្យមិនសូវល្អក្នុងចំណោមអ្នកនយោបាយ ត្រូវបានទទួលស្គាល់ និងដាក់ជាផ្នែកមួយនៃបទដ្ឋានរបស់អាស៊ាន។ ទោះបីជាយ៉ាងនេះក្តី លោកនៅតែមិនពេញចិត្តចំពោះកិច្ចការរបស់គណៈកម្មការនេះកន្លងមក។ លោកថ្លែងថា៖
«យើងមានការខកចិត្ត ដោយសារពេញមួយឆ្នាំកន្លងទៅនេះ គណៈកម្មការសិទ្ធិមនុស្សមិនបានផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នជាតិសម្រាប់សិទ្ធិមនុស្សនៅក្នុងតំបន់ឲ្យចូលរួម»។
ស្រដៀងគ្នានេះដែរ ដោយពិនិត្យមើលគណៈកម្មការនេះ តាមរយៈទស្សនៈនៃអ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយវិញ លោក រ៉ូប៊ី អាឡាំផៃ (Roby Alampay) ជាអតីតនាយកប្រតិបត្តិសម្ព័ន្ធភាពព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) មានប្រសាសន៍ថា សេរីភាពនៃការបញ្ចេញមតិ ដែលជាចំណុចគន្លឹះនៃសិទ្ធិមនុស្ស មិនត្រូវបានចែងនៅក្នុង ទាំងធម្មនុញ្ញអាស៊ាន និងឯកសារយោងនៃគណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន។ លោកបន្តថា៖
«ការបញ្ចេញមតិដោយសេរីនៅតែជាពាក្យកខ្វក់ សេរីភាពព័ត៌មាននៅតែជាពាក្យកខ្វក់ សិទ្ធិទទួលព័ត៌មាននៅតែជាពាក្យកខ្វក់។ ហើយអ្នកមិនឃើញមានពាក្យទាំងនេះ នៅទាំងក្នុងធម្មនុញ្ញអាស៊ាន និងរបៀបវារៈរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ានទេ»។
លោកស្រី អ៊ីរីន ហ្វុណាស៊ីអ៊័រ ហ្វ៊ែលីហ្សា (Irene Fonacier-Fellizar) នៃចំណុចផ្តោតនៃសិទ្ធិកុមារ សាមគ្គីភាពសម្រាប់ក្រុមការងារគាំទ្ររបស់ប្រជាពលរដ្ឋអាស៊ីស្តីអំពីអាស៊ាន និងសម្ព័ន្ធភាពសង្គមស៊ីវិល សិទ្ធិកុមារ និងសិទ្ធិមនុស្សអាស៊ីអាគ្នេយ៍ប្រចាំនៅហ្វ៊ីលីពីន មានប្រសាសន៍ថា ប្រជាពលរដ្ឋអាស៊ានភាគច្រើនជាកុមារ។ ដូច្នេះសិទ្ធិ និងទស្សនៈរបស់កុមារត្រូវតែបញ្ចូលទៅក្នុងរបៀបវារៈរបស់គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន ដែលគួរបើកទូលាយដើម្បីឲ្យមានការចូលរួមពីសង្គមស៊ីវិល។
«ខ្ញុំអាចនិយាយថាតើ គណៈកម្មការនេះនឹងមានភារៈដ៏គួរឲ្យញញើតដែរឬយ៉ាងណា។ ខ្ញុំយល់ថា កិច្ចការដ៏គួរឲ្យញញើតចំពោះសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននោះ គឺជាភារៈកិច្ចរបស់គណៈកម្មការអាស៊ាន ក្នុងការអនុញាតឲ្យសង្គមស៊ីវិល និងកុមារចូលរួម។ វាមិនគ្រាន់តែមាននៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសទេ ពីព្រោះខ្លឹមសារអាចត្រូវបានដាក់បញ្ចូល ហើយយល់ព្រមពីក្រុមទាំងពីរ។ ដូច្នេះអ្វីដែលគួរឲ្យញញើតនោះគឺ ខ្ញុំយល់ថា ការបើកចំហររបស់គេ ក្នុងការចូលរូមជាមួយយើង ហើយអនុញ្ញាតឲ្យយើងចូលរួមជាមួយគេឲ្យបានស៊ីជម្រៅបំផុតតាមដែលអាចធ្វើទៅបាន»។
ទាក់ទងនឹងប្រយោជន៍នៃវេទិកានេះ អ៊ែនឌី លីម (Andy Lim) និស្សិតបរិញ្ញាឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ American University ដែលបានចូលរួមក្នុងវេទិកានោះដែរ ឲ្យដឹងថា នេះគឺជាឱកាសដ៏កម្រមួយ ដែលបានជួបប្រាស្រ័យជាមួយ និងស្តាប់អ្នកជំនាញក្នុងតំបន់ និងស្វែងយល់អំពីទស្សនៈរបស់តំណាងសង្គមស៊ីវិល អំពីសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព័ត៌មានដែលទទួលបានពីវេទិកានេះ គឺជាចំណេះដឹង បន្ថែមទៅនឹងអ្វីដែលគេបានរៀន តាមរយៈសៀវភៅ និងឯកសារផ្សេងៗនៅសាកលវិទ្យាល័យ។ អ៊ែនឌីឲ្យដឹងទៀតថា៖
«គេមានបទពិសោធន៍ និងចំណេះដឹងដ៏ល្អបំផុតសម្រាប់យើង។ ចំណេះដឹងខ្លះ ដែលខ្ញុំទទួលបានជាពិសេសអំពីអាស៊ាន គឺបានមកពីអ្នកជំនាញបស្ចឹមប្រទេស មនុស្សដែលខ្ញុំស្គាល់ និងសាស្ត្រាចារ្យ។ ដូច្នេះ ខ្ញុំបានដឹងអំពីទស្សនៈរបស់គេ អំពីតំបន់នេះ។ ថ្ងៃនេះ យើងទទួលបានទស្សនៈរបស់អ្នកមកពីតំបន់នេះផ្ទាល់។ ដូច្នេះជាការល្អដែលមានវិទិកានេះ»។
ការរំលោភសិទ្ធិមនុស្សនៅតែជាបញ្ហាក្នុងប្រទេសជាសមាជិកមួយចំនួននៃសមាគមអាស៊ាន ជាពិសេសប្រទេសភូមា។ គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន អាចជាវិធានការដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងនេះ ដោយហេតុថា នេះជាលើកទីមួយហើយចាប់តាំងពីសមាគមនេះបានត្រូវបង្កើតឡើង ដែលបញ្ហាសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ថា សំខាន់តាមរយៈការបង្កើតគណៈកម្មការនេះ។ ប៉ុន្តែតំណាងសង្គមស៊ីវិលឲ្យដឹងថា គណៈកម្មការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន នៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ហើយទទូចឲ្យមានការចូលរួមពីសំណាក់សង្គមស៊ីវិលនៅថ្ងៃអនាគត៕