ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​ទប់ស្កាត់​​ការ​ជួញដូរ​មនុស្ស​ចំណាក​ស្រុក


ប្រទេស​កម្ពុជា​ រួម​ជា​មួយ​និង​ប្រទេស​ថៃ​ វៀតណាម​ សិង្ហបូរី​ អូស្រ្តាលី ​និង​ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​មួយ ​ចំនួន​៣​ថ្ងៃ​ស្តី​អំពី​និន្នាការ​បំលាស់​ទី​ ជន​ជាតិ​កម្ពុជា​ និង​ជន​ជាតិ​ផ្សេងៗ​ទៀត ​នៅ​ក្នុង​តំបន់​អាស៊ី។

សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ប្រមូល​ផ្តុំ​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ជំនាញ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​មក​ពី​អន្តរ​ជាតិ ​ដើម្បី​ស្តាប់​នូវ​ទស្សនៈ​ និង​បទ​ពិសោធន៍​ផ្សេងៗ​គ្នា​ ពិភាក្សា​លើ​ស្ថាន​ភាព​ចំណាក​ស្រុក​ និង​ទៅ​លើ​វិធី​សាស្រ្ត​ល្អ​បំផុត​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។

លោក​ឧត្តម​សេនីយ៍​ទោ​ប៊ិត​ គឹម​ហុង ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ និង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនិតិ​ជន​របស់​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ថា​ អំពើ​ជួញ​ដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ជា​បញ្ហា​សកល ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ជាតិ​នីមួយៗ។

លោក​បាន​លើក​ឡើង​ទៀត​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អំពើ​នេះ​បាន​កើត​ឡើង​ទាំង​នៅ​ក្នុង​ស្រុក​ ពី​ជន​បទ​មក​ទី​ក្រុង​ ឬ​ទី​ប្រជុំ​ជន​ធំៗ ​និង​ឆ្លង​ដែន​ពី​ប្រទេស​ជិត​ខាង​មក​ប្រទេស​កម្ពុជា​ និង​ពី​ប្រទេស​កម្ពុជាទៅ​កាន់​ប្រទេស​នានា​ក្នុង​តំបន់។

"រី​ឯ​ហេតុ​ផល ​ជា​ឫស​គល់​ដែល​នាំ​ឲ្យ​កើត​មាន​អំពើ​ជួញ​ដូរ​មនុស្ស​ គឺ​បណ្តាល​មក​ពី​គម្លាត​សេដ្ឋកិច្ចនៅ​ក្នុង​ប្រទេស​នានា។​ ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋ​កម្ម​ក្នុង​ប្រទេស​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង​ប្រទេស ​និង​អន្តរ​ជាតិ"។

លោក​ ប្រាក់​ ចាន់​ធឿន​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស ​ក្រសួង​សង្គម​កិច្ច​ និង​អតីត​ យុទ្ធ​ជន​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០០៩​ ក្រសួង​សង្គម​កិច្ច​ បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ជា​ជន​ជាតិ​វៀតណាម​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ចំនួន​១១​នាក់។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ចំណែក​ជន​រង​គ្រោះ​កម្ពុជា​ ដែល​បាន​ទទួល​ពី​ប្រទេស​វៀតណាម​ វិញ​ចំនួន​៧៧៣​នាក់ ​ក្នុង​នោះ​មាន​កុមារ​២៦៤​នាក់ ​កុមារី​២៥១​នាក់​ ស្រ្តី​១៨៣​នាក់​ និង​បរុស​៧៥​នាក់។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ សម្រាប់​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​រង​គ្រោះ​ពី​ប្រទេស​ថៃ​មក​ ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០០៩​នេះ​ ក្រសួង​សង្គម​កិច្ច​ បាន​ទទួល​ជន​រង​គ្រោះ​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​១១៤​នាក់ ​ក្នុង​នោះ​មាន​១១២​នាក់ ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ករណី​ជួញ​ដូរ​ពល​កម្ម​ មាន​កុមារ​៤៥​នាក់​ កុមារី​៥៥​នាក់​ ស្រ្តី​១២​នាក់ និង​២​នាក់​ជា​ជន​រង​គ្រោះ​ ដោយ​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ។

"បាន​ទទួល​កុមារ​ និង​ស្រ្តី​ជា​ជន​ជាតិ​ខ្មែរ​ងាយ​រង​គ្រោះ​ឆ្លង​ដែន​ពី​ថៃ ដែល​បាន​ធ្វើ​មាតុ ភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​១០៤​នាក់ ​ស្រ្តី​៤៤​នាក់​ កុមារី​២៨​នាក់ ​កុមារា​៣២​នាក់​ ក្នុង​នោះ​មាន​ទារក​ទើប​កើត​ចំនួន​២​នាក់។

លោក​ទួន​ វិចិត្រ​ ប្រធាន​អង្គការ​កូសេកាំ​ ដែល​ជា​សម្ព័ន្ធ​អង្គការ​កៅ​រដ្ឋា​ភិបាល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជួញ​ដូរ​ និង​កេង​ប្រវ័ញ​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ​បញ្ហា​ចំណាក​ស្រុក​ជា​បញ្ហា​សង្គម​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ក្រីក្រ​ទាំង​ឡាយ​នៅ​ក្នុង​ពិភព​លោក​យើង​នេះ។

លោក​ទូន​ វិចិត្រ​បាន​លើក​ឡើង​ទៀត​ថា​ ជា​ញឹក​ញាប់​អ្នក​បំលាស់​ទី​ងាយ​ស្រួល​ក្នុង​ការ​ធ្លាក់​ក្នុង​អំពើ​កេង​ប្រវ័ញ​ផ្លូវ​ភេទ។

"កម្ពុជា​បច្ចុប្បន្ន​នេះ​ គឺ​បញ្ហា​ធ្វើ​ចំណាក​ស្រុក​គឺ​ជា​រឿង​ចម្បង​បំផុត ​ដែល​នាំ​ឲ្យ​មាន​ការ​ជួញ​ដូរ​ ការ​កេង​ប្រវ័ញ​ផ្លូវ​ភេទ​ ក៏​ដូច​ជា​ការ​ជួញ​ដូរ​ផ្សេងៗ​ទាក់​ទង​នឹង​ពល​កម្ម​ ទាក់​ទង​ និង​ផ្នែក​មួយ​ទៀត ​ដែល​យើង​ហៅ​ថា ​សុំ​ទាន​ គឺ​កុមារ​ដែល​គេ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ឲ្យ​សុំ​ទាន​នៅ​ប្រទេស​ជិត​ខាង​ ដូច​នៅ​ប្រទេស​ថៃ ​ប្រទេស​វៀតណាម​ជា​ដើម​។ល។"។

ប្អូន​ស្រី​មួយ​រូប​អាយុ​១៧​ឆ្នាំ​ ដែល​ធ្លាប់​រង​គ្រោះ​ដោយ​សារ​ការ​កេង​ប្រវ័ញ​ផ្លូវ​ភេទ​ បាន​ផ្តល់​បទ​ សម្ភាសន៍​ដល់​អ្នក​កាសែត​ ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ប្អូន​ស្រី​ទទូច​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការ​កេង​ប្រវ័ញ​ផ្លូវ​ភេទ​ទៅ​លើ​ស្រ្តី​ និង​កុមារ។

“ខ្ញុំ​ចង់​ឲ្យ​ការ​កេង​ប្រវ័ញ​ផ្លូវ​ភេទ​លើ​កុមារ​ និង​ស្រ្តី​កាត់​បន្ថយ​ ព្រោះ​អី​សម្ពាធ​ដែល​ខ្លាំង​ គឺ​ភាគ​ ច្រើន​ទៅ​លើ​ស្រ្តី​ និង​កុមារ​ ពិសេស​គឺ​ស្រ្តី​តែ​ម្តង។​ ខ្ញុំ​សូម​ឲ្យ​កាត់​បន្ថយ”។

សហ​រដ្ឋ​អាមេរិក ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​ បាន​ដាក់​លំដាប់​ថ្នាក់​ប្រទេស​កម្ពុជា​ ពី​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​លំដាប់​ថ្នាក់​ទី​២ ​នៅ​ក្នុង​បញ្ជី​តាម​ឃ្លាំ​មើល។

XS
SM
MD
LG